កំពង់ស្ពឺៈ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​នឹង​រៀបចំ​​ពិធី​កម្ទេច​គ្រាប់​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេទ​ចម្រុះ​ដែល​ខូច​គុណភាព​ចំនួន​ ២៥០ ​តោន​ចាប់ពី​ថ្ងៃទី​ ១០ ខែ​ កញ្ញា ដល់​ថ្ងៃ​ទី​ ៣១ ខែ​ តុលា​ ឆ្នាំ​នេះ​​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ដែល​អាច​កើត​មាន​ជាយថាហេតុ​ដល់​ប្រជាពលរដ្ឋ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​​មីន និង​កាកសំណល់​សង្គ្រាម​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​ពិធី​កម្ទេច​គ្រាប់​ខូចគុណភាព​នេះ​​គឺ​ធ្វើ​ឡើង​នៅ​ទីតាំង​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​​ពហុជាតិ (​អាសេអូ​) ក្នុង​ឃុំ​មហាសាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ក្រោម​អធិបតីភាព​លោក​​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដោយ​​មាន​ការអញ្ជើញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ផង​ដែរ​។

បើ​តាម​សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា​៖ «​គ្រាប់​ខូច​​គុណភាព​ចំនួន​ ២៥០ ​តោន​ក្នុង​​នោះ​មួយ​ចំនួន​ជា​ប្រភេទ​គ្រាប់​ WP ​នៅពេល​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​បង្ក​ឲ្យ​ហុយ​ឆេះ និង​ប្រភេទ​គ្រាប់​ RPG7 ​មាន​ស្ថានភាព​ពុកផុយ​ងាយ​នឹង​ផ្ទុះ អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដូច្នេះ​ដើម្បី​ធានា​​បាន​នូវ​សុវត្ថិភាព​ជូន​ប្រជាជន​ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​​រាល់​គ្រោះថ្នាក់​ដែល​អាច​កើត​​ឡើង​ជា​យថាហេតុ មជ្ឈមណ្ឌល​ជាតិ​នឹង​រៀបចំ​ពិធី​កម្ទេច​គ្រាប់​ខូចគុណភាព​ទាំងអស់​នេះ​ចោល​ចាប់ពី​ថ្ងៃទី​ ១០ ខែ​ កញ្ញា ដល់​ថ្ងៃ​​ទី​ ៣១ ខែ​ តុលា​ ឆ្នាំ​ ២០១៩»​។

ទាក់ទង​នឹង​ការរៀបចំ​កម្ទេច​គ្រាប់​នេះ មជ្ឈមណ្ឌល​ជាតិ​ក៏​​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ដែនដី​ក៏​ដូច​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង និង​ជុំវិញ​បរិវេណ​ (​អាសេអូ​) ​ក្នុង​ឃុំ​មហាសាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កុំ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ផងដែរ​។

លោក ផល សាម៉ន អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នេះ​ជា​លើក​ទី​ ១ ​ហើយ​សម្រាប់​មជ្ឈមណ្ឌល​ក្នុង​ការរៀបចំ​ពិធី​កម្ទេច​គ្រាប់​ខូចគុណភាព ដោយ​លោក​ថា​ដំណើរការ​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​ជំហានៗ​។

លោក​បាន​បញ្ជាក់​ថា​៖ «​មក​ទល់​ពេលនេះ​គឺជា​ការបើក​ប្រតិបត្តិការ​ដំបូង​ក្នុង​ការកម្ទេច​គ្រាប់​ពី​មុន​មក​យើង​កម្ទេច​គ្រាប់​នៅ​​តាម​ការដ្ឋាន​នានា​បន្ទាប់ពី​យើង​បាន​រកឃើញ និង​ប្រមូល​ពី​គ្រប់​កន្លែង និង​ពី​ប្រជាពលរដ្ឋ​។ ​យើង​​ប្រកាស​ជូន​ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី​ដើម្បី​ឲ្យ​លោក​ដឹងថា​នឹង​មាន​ការកម្ទេច​គ្រាប់​ចោល ហើយ​កុំ​ឲ្យ​ពួកគាត់​មាន​ការភ្ញាក់ផ្អើល​»​។

នៅពេល​សួរ​ទាក់ទង​នឹង​ប្រភព​​គ្រាប់​ដែល​ត្រូវកម្ទេច​លោក ផល សាម៉ន បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត ពីព្រោះ​វា​ស្ថិត​ក្នុង​ដំណាក់កាល​នីតិវិធី​ផ្ទៃក្នុង​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​។ ​ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹងថា ពិធី​នេះ​មាន​​ការអញ្ជើញ​ចូលរួម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ អង្គការ​ UNDP អង្គការ Halo Trush ស៊ីម៉ាក់ អាជ្ញាធរ​មីន និង​អង្គការ​​ផ្សេងៗ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការដោះមីន​នៅ​កម្ពុជា ហើយ​ការកម្ទេច​នេះ​គឺ​ដំណើរការ​ដោយ​​ផ្អែក​តាម​និតីវិធី និង​បច្ចេកទេស​ត្រឹមត្រូវ​។

លោក​ថា​៖ «​យើង​ជា​កងទ័ព​​ជំនាញ ដោយសារ​តែ​យើង​មិន​ត្រឹម​តែ​ធ្វើការ​បោសសម្អាត​មីន​នៅ​ក្នុង​ប្រទេស​របស់​យើង​ទេ តែ​យើង​ក៏​ធ្វើការ​បោសសម្អាត​មីន​នៅក្នុង​ប្រទេស​ស៊ូដង់ លីបង់ អាហ្វ្រិក​កណ្តាល និង​ម៉ាលី​។

ការកម្ទេច​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុជាតិ​ដែល​ជាទីតាំង​ធ្លាប់​កម្ទេច​ជា​ច្រើនដង​មក​ហើយ ហើយ​វា​មិន​ប៉ះពាល់​អី​ដល់​សុវត្ថិភាព​ដល់​ពលរដ្ឋ​​ និង​សំឡេង​មិន​រំខាន​នោះទេ​»​។

លោក​ថា​៖ «​នេះ​គឺជា​បទដ្ឋាន​បច្ចេកទេស​ដែល​ក្រុម​កម្ទេច​គ្រាប់​មាន​ការទទួលស្គាល់​ពី​អង្គការ​សហប្រជាជាតិ និង​អាជ្ញាធរ​មីន​។ ​នីតិវិធី​យើង​ត្រូវ​រៀប​គ្រាប់រំសេវ​ប៉ុន្មាន​ដើម្បី​ធ្វើឲ្យ​វា​ផ្ទុះ​ដើម្បី​កម្ទេច​គ្រាប់​ហ្នឹង​។ ​គេ​មាន​រូបមន្ត​របស់គេ​ដើម្បី​កម្ទេច​...​គ្រាប់​ដែល​យើង​សល់​ពី​ឆ្នាំ​ ១៩៧៥ ​ហើយ​គ្រាប់​មួយ​ចំនួន​ទៀត​យើង​ប្រមូល​បាន​ពី​សង្គ្រាម​ដែល​វា​ចាស់​សឹករេចរឹល​តាំងពី​សម្បក​ និង​ក្បាល​ជា​ប្រភេទ​គ្រាប់​ពុក​ផុយ​គ្រាប់​ត្បាល់ កាំភ្លើង​ផ្លោង​​ដែល​បន្សល់ទុក​យូរហើយ​។ ​វា​ជា​គ្រាប់​ចម្រុះ​»​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​​កម្ពុជា​ (CMAC) ​មិនបាន​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការកម្ទេច​គ្រាប់​ខូចគុណភាព​ ២៥០ ​តោន​នេះ​ទេ កាលពី​ម្សិលមិញ​៕