បាត់ដំបង៖ គ្រាប់មិនទាន់ផ្ទុះប្រភេទ (PKF) ចំនួន ១៨ កេះ ស្មើនឹងចំនួន ៤ ៥០០ គ្រាប់ ដែលផលិតនៅសហរដ្ឋឣាមេរិក និងបន្សល់ទុកក្នុងសម័យសង្គ្រាមនៃរបប លន់ ណុល ត្រូវបានអាជ្ញាធរស្រុកគាស់ក្រឡ និងក្រុមអ្នកជំនាញ CMAC ប្រចាំខេត្តបាត់ដំបងប្រមូលយកចេញពីបរិវេណវត្តបុរាណនិវេសន៍ (ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡអស់ហើយមកដល់ពេលនេះ ។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ នេះថា ក្រុមប្រតិបត្តិករ CMAC ប្រចាំនៅខេត្តបាត់ដំបង បានគាស់កាយប្រមូលគ្រាប់បានម្តងកាលពីខែមីនា។
ប៉ុន្តែត្រូវបានពន្យារពេល ព្រោះដីមានសភាពរឹង មិនអាចកាយយកចេញបាន ទើបកាលពីថ្ងៃទី ៣ ខែឧសភានេះ ទើប CMAC បានយកអេស្កាវ៉ាទ័រ មកគាស់កាយប្រមូលយកអស់ចេញពីក្នុងវត្ត។
ព្រះសង្ឃគង់ក្នុងវត្តគាស់ក្រឡនេះ បានជីកកាយដី ដើម្បីដាក់លូធ្វើបង្គន់អនាម័យ ហើយបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើននេះ ក៏បានរាយការណ៍មកអាជ្ញាធរ ហើយអជ្ញាធរក៏បានប្រាប់ទៅអង្គភាពស៊ីម៉ាក់ចុះមកប្រមូលយកចេញ ដើម្បីសុវត្ថិភាពដល់ព្រះសង្ឃដែលកំពុងគង់នៅក្នុងវត្តនេះ និងពុទ្ធបរិស័ទដែលយកចង្ហាន់មកប្រគេនព្រះសង្ឃនៅក្នុងវត្តនេះ។
បើតាម លោក ប៉ាង ហៀង គ្រាប់មិនទាន់ផ្ទុះ ដែលប្រមូលបាននេះ ជាប្រភេទ (PKF) មាន ចំនួន ១៨ កេះ ស្មើនឹងចំនួន ៤ ៥០០គ្រាប់ ខូចគុណភាពប្រហែល ៩០%។ បច្ចុប្បន្ន សមត្ថកិច្ចបានរាយការណ៍ និងប្រគល់ជូនឣង្គភាពស៊ីម៉ាក់ ដើម្បីចាត់ចែងបន្ត។
លោក ប៉ាង ហៀង ថ្លែងថា៖ «គ្រាប់មិនទាន់ផ្ទុះដែលនៅមានគុណភាព មួយចំនួនក៏ប្រើលែងកើតដែរ វាអត់មានកាំភ្លើងបាញ់ វាបន្សល់តាំងពីសម័យអាមេរិក (សង្គ្រាមសម័យ លន់ ណុល) មិនមែនសម័យសង្រ្គាមក្រោយនេះទេ »៕