ព្រះសីហនុៈ ក្រុមមន្ត្រី​កម្ចាត់មីន​ចល័ត​នៃ​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា បាន​នាំគ្នា​ចុះទៅ​ស្រាវជ្រាវ និង​រុករក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​សង្កាត់​លេខ​ ៣ ក្រុងព្រះសីហនុ​បន្តទៀត ក្រោយពី​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេទ ៦០ ​ម.ម និង ១០៥ ​ម.ម សរុប​ ៣២ ​គ្រាប់​ នៅ​ចំណុច​កែង​ផ្លូវ​សេតេ​ជាប់​នឹង​ហ្គារ៉ាស់សាំង​តូតាល់​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ហើយ​សង្ស័យ​ថា អាច​នៅមាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន​ទៀត​នៅក្នុង​តំបន់​នោះ​។

លោក សាំង ហត នាយរង​ការិយាល័យ អាវុធជាតិ​ផ្ទុះ​ក្រុង​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពី​ក្រុមការងារ​កងវិស្វកម្ម​ជួសជុល​ផ្លូវ​ និង​បណ្ដាញ​លូទឹក​បាន​ជីក​កាយ​ដី​នៅ​ចំណុច​ទីតាំង​ដែល​បាន​រកឃើញ​គ្រាប់​នោះ ហើយ​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ ក្រុម​ការងារ​របស់​លោក​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ និង​សាកសួរ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​អំពី​ប្រវត្តិ​នៃ​ទីតាំង​នេះ ហើយ​ដឹងថា កាលពី​មុន​វា​ជា​កន្លែង​ស្តុក​អេតចាយ​ដ៏ធំ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ​។

លោក​បាន​បន្តថា បើ​តាម​ការអះអាង​របស់​អ្នកភូមិ ក្រៅពី​ដែក និង​គ្រឿងចក្រ​ចាស់ៗ​ដែល​ខូច ពួកគាត់​ក៏​ធ្លាប់​ប្រទះឃើញ​មាន​ក្បាល​គ្រាប់កាំភ្លើង​ធំ​ចាស់ៗ ដែល​ជា​កាកសំណល់​នៃ​សង្គ្រាម​ត្រូវបាន​គេ​គរ​ទុក​នៅក្នុង​ឃ្លាំង​ស្តុក​អេតចាយ​នោះ​ផងដែរ ប៉ុន្តែ​ពួកគាត់​មិនដឹង​ថា​ក្រោយមក​ក្បាល​គ្រាប់​ចាស់ៗ​ទាំងនោះ​ត្រូវបាន​គេ​កប់​ចោល​ ឬ​ដឹក​ទៅ​លក់​បន្ត ឬ​កែច្នៃ​ជា​អ្វី​នោះទេ​។

លោក​បាន​បន្តថា​៖ «​ដោយសារ​តែ​ហេតុនេះហើយ ទើប​ក្រុម​មន្ត្រី​នគរបាល​ជំនាញ​យើង​បាន​សម្រេច​ធ្វើការ​ហ៊ុមព័ទ្ធ​ទីតាំង​នោះ​ជា​បណ្ដោះអាសន្ន ដើម្បី​ស្នើសុំ​ក្រុមមន្ត្រី​ជំនាញ​ស៊ីម៉ាក់​ចុះ​មក​ពិនិត្យ​ស្រាវជ្រាវ​នៅ​លើ​ទីតាំង​ជុំវិញ​តំបន់​នោះ ព្រោះ​យើង​សង្ស័យ​ថា វា​អាច​នៅមាន​ក្បាល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ច្រើន​ទៀត​កប់​នៅក្នុង​ដី​នៃ​តំបន់​នេះ​»​។​

លោក សាំង ហត បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​មុន​ក្រុមមន្ត្រី​ជំនាញ​ស៊ីម៉ាក់​បាន​ស្រាវជ្រាវ​រកឃើញ និង​ជីក​កាយ​យក​ក្បាល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេទ​ ៦០ ​ម.ម និង ១០៥ ​ម.ម ប្រមាណ​ជាង​ ៥០ ​គ្រាប់​ផងដែរ​។

លោក ហេង រតនា អគ្គនាយក​ CMAC មិនអាច​ទាក់ទង​ស្នើសុំ​ការអធិប្បាយ​បានទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក អ៊ុំ ភូមិរ៉ូ អគ្គនាយករង​នៃ​ស្ថាប័ន​នេះ​បាន​ថ្លែងថា អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​ស៊ីម៉ាក់​បាន​ចុះ​ទៅ​កាន់​ទីតាំង​នោះ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​ដល់​ទីកន្លែង ហើយ​ពេលនេះ​ពួកគេ​កំពុង​បន្ត​ការងារ​របស់​ពួកគេ​ទៅ​តាម​ជំនាញ​ក្រោយ​មាន​ការស្នើសុំ​៕