កំពង់ចាមៈ មន្ត្រី​ជំនាញ​បានដុត​កម្ទេចចោល​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ១,៦ តោន ​ស្មើនឹង​ ១០ ​ភាគរយ​ក្នុងចំណោម​គ្រាប់​ចំនួន​ជាង​ ១៦ ​តោន​ដែល​ត្រូវបាន​ស្រង់​ចេញពី​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេមេគង្គ​នៅ​ខេត្តកំពង់ចាម កាលពី​សម័យ​សង្គ្រាម ខណៈ​នៅសល់​ពីនេះ​នឹង​ត្រូវ​យកទៅ​ដោះ​បន្សាប​សម្រាប់​ត្រៀម​រក្សាទុក​នៅក្នុង​សារមន្ទីរ​។

លោក ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​គ្រាប់​ដែល​ត្រូវបាន​ដុត​កម្ទេចចោល​នេះ​ជា​ប្រភេទ​គ្រាប់​ដែល​ចាស់ ពុក និង​មាន​ច្រែះចាប់ ហើយ​មិនអាច​ទុក​យូរ​បាន​។

លោក ម៉ី សុភា ថ្លែង​ថា​គ្រាប់​ដែល​ត្រូវបាន​កម្ទេច​នេះ ជា​ប្រភេទ​គ្រាប់​ចម្រុះ​ដូចជា​គ្រាប់ផ្លោង គ្រាប់​ត្បាល់ គ្រាប់​អាវុធ​ធុន​តូច និង​គ្រាប់​ប្រភេទ​ផ្សេងៗ​ទៀត​ដែល​គ្រាប់​ទាំងអស់​នេះ​ប្រមូល​យក​ចេញពី​នាវា​លិច​នៅក្នុង​ទន្លេ​។

លោក​បញ្ជាក់ថា​៖ «​រហូត​មកដល់​ពេល​នេះ​ការប្រមូល​គ្រាប់​ចេញពី​នាវា លេច​នៅក្នុង​ទន្លេ​បាន​សម្រេច​ ១០០ ​ភាគរយ ហើយ​ប៉ុន្តែ​បើ​អាច​សល់​គឺ​សល់​តិចតួច​បំផុត ដែល​ស្ថិតនៅក្រោម​បាត​នាវា​។ ប៉ុន្តែ​យើង​នឹង​បញ្ចប់​នៅក្រោយពេល​ចូលឆ្នាំ​ខ្មែរ បន្ទាប់ពី​លើក​នាវា​ចេញពី​ក្នុង​ទឹក​»​។

លោក អៀម វណ្ណ អនុប្រធាន​ក្រុមការងារ​កង​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្រោម​ទឹក​បាន​ថ្លែង​នៅក្នុង​ពិធី​ដុត​កម្ទេច​គ្រាប់​កាលពី​ម្សិលមិញ​ថា គ្រាប់​ខូចគុណភាព​ចំនួន​ ១០% ត្រូវ​ធ្វើការ​កម្ទេចចោល​ចាប់តាំងពី​ថ្ងៃទី​ ៣១ ខែមីនា​ដល់​ថ្ងៃទី ៧ ខែមេសា ឆ្នាំ​ ២០២១ (​រយៈពេល​ ៨ ​ថ្ងៃ​) ស្ថិត​ក្នុង​ភូមិសាស្ត្រ ភូមិ​ពោធិ៍ ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម​។

លោក​អៀម វណ្ណ បាន​ថ្លែង​បន្ត​ថា ដោយឡែក​ចំនួន​គ្រាប់​ ៩០ ​ភាគរយ ដែល​មាន​ទ្រង់ទ្រាយ​ល្អ មាន​សុវត្ថិភាព និង​ត្រូវ​ធ្វើការ​ដោះ​បន្សាប​ចាប់ពី​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ១៩ ខែ​ ឧសភា ឆ្នាំ​ ២០២១ រយៈពេល (៤៣ ​ថ្ងៃ​) ដើម្បី​បញ្ចប់​ផែនការ​សម្រាប់​ការ​ទុកដាក់​តាំង​គ្រាប់​ទាំងនេះ​នៅក្នុង​សារមន្ទីរ​។ ទីតាំង​ដោះ​បន្សាប​គ្រាប់​ទាំងនេះ​គឺ​នៅ​ទីបញ្ជាការ Golden west ស្ថិតនៅក្នុង​ខេត្ត​កំពង់ឆ្នាំង និង​នៅ​ទីបញ្ជាការ​កងសុនខ ហិត​មីន​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៨ ខែ សីហា ឆ្នាំ​ ២០២០ បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា ដែល​លិច​ក្នុង​ទឹកទន្លេ​មេគង្គ​ស្ថិត​នៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​មិន​ឱ្យ​មាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្នុង​ប្រទេស​៕