ភ្នំពេញ៖ រដ្ឋមន្រ្ដី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន នៅ​ថ្ងៃទី​ ២១ ខែ​ឧសភា បាន​ជម្រាប​ទៅ​លោក លោកស្រី ប្រធាន​មន្ទីរ​អប់រំ​រាជធានី-ខេត្ដ ឱ្យ​ប្រកាស​ជ្រើសរើស​សាលា​ចំណេះ​ទូទៅ​សាធារណៈ ដើម្បី​ផ្តល់​ជូន​កុំព្យូទ័រ​បន្ទះ និង​សម្ភារ​បច្ចេកទេស ដើម្បី​គាំទ្រ​ដល់​ការ​បង្រៀន បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍។

ការ​ប្រកាស​របស់​ក្រសួង​អប់រំ​នេះ បន្ទាប់​ពី​ក្រសួង​អប់រំ​បាន​ទទួល​កុំព្យូទ័រ​បន្ទះ ពី​មន្ទីរ​អប់រំ​ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ភាគី​ទាំង ២ កាល​ពី​ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧។

លោក​រដ្ឋមន្រ្ដី​ក្រសួង​អប់រំ​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​ជម្រាប​ជូន លោក លោកស្រី ប្រធាន​ជ្រាបថា ក្រសួង​អប់រំ បាន​ទទួល​កុំព្យូទ័រ​បន្ទះ និង​សម្ភារៈ​ព័ត៌មានវិទ្យា (ICT) ពី​មន្ទីរ​អប់រំ​ក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​បំពាក់​នៅ​សាលា​ចំណេះ​ទូទៅ​សាធារណៈ ដើម្បី​គាំទ្រ​ដល់​ការ​បង្រៀន និង​រៀន មុខ​វិជ្ជាឯកទេស​ព័ត៌មានវិទ្យា (ICT) និង​ការ​ប្រើប្រាស់ ICT ជំនួយ​ការ​សិក្សា​មុខ​វិជ្ជា​ទូទៅ នៅ​តាម​គ្រឹះស្ថាន​សិក្សា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​ថា សិស្សានុសិស្ស​អាច​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​សមធម៌ ពង្រឹង​សមត្ថភាព​ឲ្យ​ទាន់​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​បច្ចេកវិទ្យា​ពិភព​លោក»។

ក្រសួង​បញ្ជាក់​ថា កុំព្យូទ័រ​បន្ទះ និង​សម្ភារ​បច្ចេកទេស ICT នេះ នឹង​ផ្តល់​ជូន​សាលា​មធ្យម​សិក្សា​សាធារណៈ​ចំនួន ៧ ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ និង​មាន​លទ្ធភាព​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​និរន្តរភាព។ ក្រសួង​បាន​ផ្ដល់​ឱកាស​ដល់​វិទ្យាល័យ ដែល​មិន​ទាន់​មាន​កុំព្យូទ័រ​បន្ទះ​សម្រាប់​ការ​បង្រៀន​សិស្ស អាច​ដាក់​ពាក្យ​ស្នើសុំ​សម្រាប់​សាលា​រៀន​របស់​ខ្លួន ដោយ​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​គោលការណ៍​ណែនាំ​ដែល​បាន​កំណត់។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ គ្រឹះស្ថាន​សិក្សា​សាធារណៈ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ នឹង​ត្រូវ​ឆ្លង​កាត់​ការ​វាយ​តម្លៃ និង​សម្រេច​ជ្រើសរើស​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចំនួន ៧ ដែល​មាន​លក្ខណៈ​សម​ស្រប​បំផុត​ស្រប​តាម​លក្ខន្តិកៈ​នៃ​ការ​ជ្រើសរើស។

ក្រសួង​បាន​ឱ្យ​ដឹង​ថា មុខ​សញ្ញា​ជ្រើសរើស គឺ​ជា​គ្រឹះស្ថាន​សិក្សា​មធ្យម​សិក្សា​សាធារណៈ (សាលា​មធ្យម​សិក្សា​ធនធាន និង​សាលា​ដែល​មាន​កុំព្យូទ័រ​បន្ទះ​រួច​ហើយ មិន​អនុញ្ញាត​ឱ្យ​ដាក់​ពាក្យ)។ គ្រឹះ​ស្ថាន​សិក្សា​មធ្យម​សិក្សា​សាធារណៈ​ដែល​មាន​អគ្គិសនី​ប្រើប្រាស់ (រដ្ឋ/ឯកជន/ម៉ាស៊ីនភ្លើង/បន្ទះ​ពន្លឺ​ព្រះអាទិត្យ)។

គណៈ​គ្រប់គ្រង និង​លោកគ្រូ-អ្នកគ្រូ នៃ​គ្រឹះស្ថាន​សិក្សា​មធ្យម​សិក្សា​សាធារណៈ​នោះ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ទទួល​យក​កុំព្យូទ័រ​បន្ទះ និង​ដំណើរ​ការ​ប្រើប្រាស់​ឱ្យ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព។ គ្រឹះស្ថាន​សិក្សា​មធ្យម​សិក្សា​សាធារណៈ​នោះ​ក៏​ត្រូវ​មាន​ការ​គាំទ្រ​ពី​សហគមន៍ និង​គណៈកម្មការ​ទ្រទ្រង់​សាលារៀន​ផង​ដែរ។

ចំពោះ​ដំណើរការ​នៃ​ការ​ដាក់​ពាក្យ​ស្នើសុំ​គណៈ​គ្រប់គ្រង​សាលា​ដែល​មាន​បំណង​ចូល​រួម​គម្រោង​នេះ ត្រូវ​បំពេញ​ពាក្យ​សុំ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ និង​ឯកភាព​ពី​ការិយាល័យ អប់រំ ក្រុង ខណ្ឌ ស្រុក សាមី។ ចំណែក​ពាក្យ​ស្នើសុំ​ត្រូវ​ចម្លង​ជូន (ច្បាប់​ចម្លង) មួយ​ច្បាប់​ជូន​មន្ទីរ អប់រំ សាមី។

ក្រសួង​បញ្ជាក់​ថា ការ​ទទួល​ពាក្យ​ស្នើសុំ​កុំព្យូទ័រ​បន្ទះ​នេះ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ រហូត​ដល់​ថ្ងៃទី​ ៣០ ខែ មិថុនា ឆ្នាំ ២០២១ ជា​កំណត់។ ពាក្យ​ស្នើសុំ​ត្រូវ​បញ្ជូន​ជា​ឯកសារ​ទន់ (Soft copy) ដែល​មាន​ហត្ថលេខា និង​ត្រា​អង្គភាព និង​ឯកសារ​ដែល​អាច​កែ​បាន ផ្ញើ​មក​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន តាមរយៈ​សារ​អេឡិចត្រូនិក dit.its@moeys.gov.kh ឬ​តាម​លេខ​ទូរស័ព្ទ (Telegram) ០៦៦ ៩០១ ៨៤៥ ។

ចំណែក ការ​វាយ​តម្លៃ​ពាក្យ​ស្នើសុំ​ទាំង​អស់​នឹង​ត្រូវ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ដោយ​ក្រុម​ការងារ​ជំនាញ​នៃ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ ដើម្បី​ជ្រើស​រើស​សាលា​ជា​បេក្ខភាព​ជា​បឋម។ គ្រឹះស្ថាន​សិក្សា​ដែល​ជាប់​ជា​បេក្ខភាព​នឹង​ត្រូវ​បន្ត​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​ចុះ​វាយ​តម្លៃ​ស្ថានភាព​ជាក់​ស្ដែង​នៅ​តាម​សាលារៀន ដោយ​ក្រុម​ការងារ​ជំនាញ ដើម្បី​ពិនិត្យ វាយតម្លៃ និង​ស្នើសុំ​ថ្នាក់​ដឹកនាំ​ក្រសួង​សម្រេច​ជ្រើសរើស៕