ភ្នំពេញៈ គ្រឹះស្ថានសិក្សា​ឯកជន​បាន​ឯកភាព​ទៅតាម​​ក្រសួង​អប់រំ យុវជន និង​កីឡា​ស្ដីពី​ការបើក​ដំណើរការ​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​ ២ នៃ​បរិបទ​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​ក្រសួង​បាន​ណែនាំ​ឱ្យ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ឯកជន​ទាំងអស់​ត្រូវ​ពិនិត្យ​លក្ខណសម្បត្ដិ​គ្រឹះស្ថានសិក្សា​របស់ខ្លួន​ទៅតាម​ស្ដង់ដា​កំណត់​ដើម្បី​ស្នើសុំ​បើក​ឡើងវិញ​កាលពី​ថ្ងៃទី​ ១ ខែ​កញ្ញា​។

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រោយពី​មាន​កិច្ចប្រជុំ​រួមជាមួយ​​ម្ចាស់​គ្រឹះស្ថានសិក្សា​ឯកជន​ដែល​ជា​សមាជិក​សមាគម​គឺ​បាន​ឯកភាព​គ្នា​យល់ព្រម​អនុវត្ដ​តាម​​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​ចំពោះ​ការបើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឡើងវិញ និង​គោលការណ៍​ប្រតិបត្ដិ​ស្ដង់ដា នៅ​តាម​គ្រឹះស្ថានសិក្សា​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​១៩​នេះ​។

លោក​បាន​ថ្លែងថា​៖ «​អ្វីដែល​យើង​ចង់​បញ្ជាក់​ទៅកាន់​ក្រសួង​អប់រំ​នោះ គឺ​រឿង​រក្សា​គម្លាត​ម៉ែត្រក្រឡា​ក្នុង​ថ្នាក់រៀន ព្រោះ​ថ្នាក់រៀន​ខ្លះ​មាន​ទំហំ​តូច និង​ខ្លះ​មាន​ទំហំ​ធំ​។ ​ដូច្នេះ​តើ​ស្ដង់ដា​ត្រូវ​រក្សា​គម្លាត​ប៉ុនណា និង​អាចដាក់​សិស្ស​ចំនួន​​ប៉ុន្មាន​នាក់​ក្នុង​ ១ ​ថ្នាក់ៗ​។ ដូច្នេះ​ចម្លើយ​មក​ (​ពី​ក្រសួង​អប់រំ​) ​គឺ​ច្បាស់​ហើយ ចំនួន​សិស្ស​ក្នុង​ ១ ​ថ្នាក់​យ៉ាងច្រើន​បំផុត​គឺ​ដាក់​បាន​តែ​ចំនួន​ ២៥ ​នាក់​ជា​អតិបរមា ទោះបី​ថ្នាក់រៀន​នោះ​មាន​ទំហំ​ប៉ុន្មាន​ក៏ដោយ​»​។

ទោះ​ជា​យ៉ាងណា បើ​តាម​លោក ហេង វ៉ាន់ដា ឡាន​ដឹក​សិស្ស​ដែល​ពីមុន​សាលារៀន​ឯកជន​មាន​គឺ​ពេល​នេះ​មិន​អនុញ្ញាត​ឱ្យ​ដឹក​សិស្ស​ទៀត​ឡើយ ព្រោះ​នេះ​ជា​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ​។

ចំណែក​អាហារដ្ឋាន​នៅតាម​សាលារៀន​ក៏​មិន​តម្រូវ​ឱ្យ​លក់​ទៀត​ដែរ ប៉ុន្ដែ​ប្រសិន​បើ​ក្រសួង​ចុះ​ពិនិត្យឃើញ​អាហារដ្ឋាន​ណាមួយ​អនុវត្ដ​តាម​លក្ខណៈ​ស្ដង់ដា ហើយ​អាច​អនុញ្ញាត​ឱ្យ​បើក​លក់​បាន​ឬ​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ក្រសួង​ជា​អ្នកសម្រេច​។

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​ ១ ខែ​កញ្ញា​ បាន​ចេញ​សេចក្ដី​ណែនាំ​លេខ ៤៣ ស្ដីពី​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​សិក្សា​ឯកជន​ក្នុង​ដំណាក់កាល​ទី​ ២​។ តាម​សេចក្ដីណែនាំ​នេះ​គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ឯកជន​ត្រូវ​អនុវត្ដ​តាម​គោលការណ៍​ប្រតិបត្ដិ​ស្ដង់ដា​ (SOP) ​ជាពិសេស​ពង្រឹង​ការអនុវត្ដ​វិធានការ​ការពារ​ទប់ស្កាត់​ និង​ឆ្លើយតប​ការរីករាលដាល​ជំងឺ​កូវីដ​១៩ របស់​ក្រសួង​សុខាភិបាល​ ឬ​អាច​អនុវត្ដ​លើស​​ពី​ស្ដង់ដា​ដែល​បាន​កំណត់​នេះ​។

ចំពោះ​ការរក្សា​គម្លាត​សុវត្ថិភាព​ក្នុង​គ្រឹះស្ថានសិក្សា លោក​រដ្ឋមន្ដ្រី​បាន​ណែនាំ​ថា​៖ «​ត្រូវ​រៀបចំ​តុ កៅអី​អង្គុយ សម្រាប់​អ្នកសិក្សា​នៅក្នុង​បន្ទប់រៀន​ដោយ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច​ ១,៥ ​ម៉ែត្រ និង​រៀបចំ​​ចំណុះ​ថ្នាក់​ដោយ​កំណត់​សិស្ស​មិន​លើសពី​ ២០ ទៅ​ ២៥ ​នាក់​ក្នុង ១ ថ្នាក់​»​។

ចំណែក​នីតិវិធី​នៃ​ការស្នើសុំ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឯកជន​ឡើងវិញ លោក ហង់ជួន ណារ៉ុន ក៏បាន​បញ្ជាក់​ដែរថា គ្រឹះស្ថាន​សិក្សា​ឯកជន​ត្រូវ​អនុវត្ដ​តាម​នីតិវិធី​ដូចជា ដាក់ពាក្យ​ស្នើសុំ​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​ ២​។ អនុញ្ញាត និង​សម្របសម្រួល​ឱ្យ​ក្រុមការងារ​អធិការកិច្ច​របស់​ក្រសួង​ចុះ​ពិនិត្យ​ (​មុនពេល​បើក និង​អំឡុងពេល​ដំណើរការ​)​។

ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​សិក្សា​ឯកជន​ក្នុង​ដំណាក់កាល​ទី​ ២ ​ជាមួយ​ក្រសួង​ដោយ​ក្រសួង​នឹង​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​កិច្ចសហការ​នៃ​គ្រឹះស្ថានសិក្សា​នានា​ដែល​មាន​ស្រាប់ និង​អំពាវនាវ​ឱ្យ​បន្ត​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ និង​អនុវត្ដ​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​។

លោក​ថា សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ​គឺ​យោង​ទៅ​តាម​សេចក្ដី​ណែនាំ​ដែល​មាន​នៅក្នុង​លិខិត​លេខ ៣៧-៣៨-៣៩​។ ចំណែក​គ្រឹះស្ថានសិក្សា​ឯកជន​គឺ​យោង​ទៅ​តាម​លិខិត​លេខ​ ៤៣​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​លិខិត​ទាំង​ ៤ ​ខាង​លើ​នេះ​អ្វី​ដែលជា​មូលដ្ឋានគ្រឹះ​គឺ​ផ្សារភ្ជាប់​ទៅ​​នឹង​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា (SOP) ​សម្រាប់​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​បាន​​ចុះ​កាលពី​ថ្ងៃទី​ ៤ ខែ​ សីហា ឆ្នាំ​ ២០២០»​។

បើ​តាម​លោក សុវាចា សម្រាប់​ឆ្នាំ​សិក្សា​ ២០១៩-២០២០ ចំនួន​គ្រឹះស្ថាន​សិក្សា​ឯកជន​ចាប់ពី​កម្រិត​មត្តេយ្យ​ទៅដល់​កម្រិត​មធ្យមសិក្សា (​ថ្នាក់​ទី​ ១២) ​គឺ​មាន​សរុប​ចំនួន ១ ៤២៦ នៅ​ទូទាំង​ ២៥ រាជធានី-ខេត្ត​៕

វីដេអូ៖