ភ្នំពេញៈ សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​បាន​អះអាង​ថា មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​ ១១៣ ​កំពុង​ប្រឈម​នឹង​ការក្ស័យធន​ដោយសារ​តែ​មិនមាន​លទ្ធភាព​បង់ថ្លៃ​ជួល​អគារ និង​ប្រាក់ខែ​ឱ្យ​បុគ្គលិក ខណៈ​សាលារៀន​ត្រូវបាន​ផ្អាក​បន្ទាប់ពី​ការរីករាលដាល​នៃ​ជំងឺ​​កូវីដ​ ១៩​។

បើ​តាម​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា គ្រឹះស្ថាន​អប់រំ​ទាំងនេះ​គឺ​កំពុង​ទទួល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​ផ្អាក​សេវា​អប់រំ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​ ១៧ ខែមីនា​ មក​ដោយសារ​តែ​បញ្ហា​បង្កឡើង​ពី​ជំងឺឆ្លង​កូវីដ​ ១៩​។

នៅក្នុង​សេចក្ដី​អំពាវនាវ​បាន​សរសេរ​ថា​៖ «​ក្នុង​រយៈពេល​ផ្អាក​ការបណ្ដុះបណ្ដាល​នេះ​គ្រឹះស្ថានសិក្សា​ចំនួន​ ១១៣ ​ដែល​ជា​សមាជិក​របស់​សមាគម​បាន​ជួបប្រទះ​នូវ​ការលំបាក និង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដូចជា​ត្រូវ​បន្ត​បើកប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក​បន្ត​បង់​ឈ្នួល​អគារ បន្ត​បង់​ការប្រាក់ និង​ប្រាក់​ដើម​ដែល​បាន​ខ្ចី​ពី​ធនាគារ​ព្រម​ទាំង​ការចំណាយ​ជាច្រើន​ផ្សេងទៀត​»​។

សមាគម​បាន​អំពាវនាវ​ទៅដល់​ម្ចាស់​ដែល​បាន​ជួល​ទីតាំង​ឱ្យ​គ្រឹះស្ថាន​អប់រំ​ឯកជន​ជួយ​សម្រួល​បញ្ចុះតម្លៃ​ឈ្នួល ឬ​ពន្យារពេល​បង់ថ្លៃ​ឈ្នួល ហើយ​គ្រូបង្រៀន​បុគ្គលិក​របស់​គ្រឹះស្ថាន​អប់រំ​ឯកជន​ត្រូវ​ជួយ​សម្រួល​បញ្ចុះ​ប្រាក់ខែ​រីឯ​ធនាគារ​ទាំងអស់​ក៏​គួរ​បន្ធូរបន្ថយ​អត្រា​ការប្រាក់ និង​ពន្យារ​ការបង់ប្រាក់​ជាដើម​។

លោក គួច ម៉េងលី ស្ថាបនិក​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា សាលារៀន​លោក​ទាំង​ ២ គឺ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង កំពុង​បាត់បង់​ប្រាក់ចំណូល​ទាំងស្រុង ប៉ុន្តែ​សាលា​នៅ​តែ​បន្ត​បើកប្រាក់​ខែ​ឱ្យ​បុគ្គលិក​ដូច​ធម្មតា និង​ត្រូវ​បង់ប្រាក់​សម្រាប់​ជួល​អគារ និង​សង​ប្រាក់​ទៅ​ធនាគារ​រាល់​ខែ​ដែរ​។

លោក​បញ្ជាក់ថា​ក្នុង​ ១ ​ខែ​សាលា​ត្រូវ​ចំណាយ​ប្រាក់​ជិត​ ១ ​លាន​ដុល្លារ ដើម្បី​បើក​ជូន​បុគ្គលិក​ដែល​មាន​ចំនួន​ជាង ១ ​ពាន់​ ៤ ​រយ​នាក់​ហើយ​ក្នុង​ ១ ​ឆ្នាំ​សាលា​ត្រូវ​ចំណាយ​ប្រហែល​ ១ លាន​ដុល្លារ​កន្លះ​សម្រាប់​ថ្លៃ​ជួល​អគារ និង​ជិត​ ២ ​លាន​ដុល្លារ​ទៀត​សម្រាប់​បង់ថ្លៃ​ការប្រាក់​ទៅ​ធនាគារ ខណៈ​លុយ​ទាំងនោះ​គឺ​ត្រូវ​ពឹង​លើ​ប្រាក់ចំណូល​របស់​សាលា​ទាំងស្រុង ដែល​ទទួល​បាន​ពី​ការបង្រៀន ការលក់​សៀវភៅ ការលក់​សម្លៀកបំពាក់​សិស្ស ថ្លៃ​រថយន្ត​ដឹកជញ្ជូន និង​ថ្លៃ​អាហារ​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​ចរចា​ជាមួយ​ម្ចាស់​អគារ​ហើយ ប៉ុន្តែ​ម្ចាស់​អគារ​ស្រែកញ៉ាក គេ​ថា អត់​ព្រម​ហើយ​បដិសេធ​។ ម្ចាស់​សាលា​ផ្សេងៗ​គេ​ក៏បាន​ចរចា​ជាមួយ​ម្ចាស់​អគារ​អ៊ីចឹង​ដែរ ប៉ុន្តែ​គឺ​ទទួល​បាន​លទ្ធផល​ដូចៗ​គ្នា​»​។

លោក​បន្តថា ប្រសិន​បើ​ម្ចាស់ផ្ទះ ឬ​ម្ចាស់​កន្លែង​ជួល​មិនមាន​ការយោគយល់​នោះ​នឹង​អាច​ធ្វើឱ្យ​គ្រឹះស្ថាន​អប់រំ​ឯកជន​ភាគច្រើន​ត្រូវ​ក្ស័យធន​ ខណៈ​ជាទូទៅ​ពួកគេ​សុទ្ធតែ​ខ្ចីលុយ​ពី​ធនាគារ ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការបើក​សាលាបង្រៀន​។

លោក​បន្ថែម​ថា ប្រសិនបើ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​១៩​មិន​ទាន់​ធូរស្រាល​ត្រឹម​ចុង​ខែ​មេសា​នេះ​សាលារៀន​របស់​លោក​ក៏​នឹង​អាច​សុំ​បញ្ឈប់​បុគ្គលិក​ទាំងអស់ ឬ​សុំ​បុគ្គលិក​ព្យួរការងារ​មួយរយៈ ដោយសារ​តែ​សាលា​មិន​មាន​ប្រាក់​សម្រាប់​បើក​ប្រាក់ខែ​ឱ្យ​ពួកគេ​តទៅទៀត​។

លោក​ ម៉េងលី លើកឡើង​ទៀត​ថា​ នៅក្នុង​កិច្ចប្រជុំ​សមាជិកសមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កាលពី​ថ្ងៃទី​ ៣ ​ខែ​មេសា​ កន្លងទៅនេះ​ គឺមាន​ការស្នើសុំ​ឱ្យ​មាន​ការជួយ​ជ្រោមជ្រែង​ពី​ក្រសួង​អប់រំ​ ឬ​រដ្ឋាភិបាល​មក​ខាង​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងនេះ ខណៈ​លោក​ថា​គ្រឹះស្ថានសិក្សា​ឯកជន​គឺ​បាន​រួមចំណែក​ប្រហែល ៥០ ​ភាគរយ​ នៅក្នុង​ការអប់រំ​នៅ​កម្ពុជា​។

ប៉ុន្តែ​លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឆ្លើយតប​ថា គ្រឹះស្ថាន​អប់រំ​ទាំងនោះ​គួរ​ធ្វើតាម​ការប្រកាស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ចរចា​ឱ្យ​ម្ចាស់​ទីតាំង​ជួល​មាន​ការយោគយល់​ដែល​ពួកគេ​កំពុង​ជួប​ការលំបាក​។

លោក​ថា​៖ «​គ្រឹះស្ថានសិក្សា​ឯកជន​អាច​សុំ​ទៅ​ម្ចាស់ផ្ទះ​ដោយផ្ទាល់​។ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ស្នើសុំ​ឲ្យ​ម្ចាស់ផ្ទះ​ចុះថ្លៃ​ហើយ​។ គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​ចេះ​ចរចា​ជាមួយ​ម្ចាស់ផ្ទះ និង​ភាគី​ពាក់ព័ន្ធ​ដោយ​ខ្លួនឯង​»​។ លោក​បាន​បន្តថា ក្រសួង​អប់រំ​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន និង​ភាគី​ពាក់ព័ន្ធ ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​រួម​ព្រោះ​ក្នុងអំឡុង​ពេលនេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​សុទ្ធតែ​ស្ថិតក្នុង​ស្ថានភាព​ដែល​តម្រូវ​ឲ្យ​មាន​ការយោគយល់​គ្នា​កម្រិត​ខ្ពស់​។

លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃទី​ ៧ ខែមេសា ដោយបាន​ស្នើឱ្យ​ម្ចាស់​ទីតាំង​សម្រាប់​ជួល​ឱ្យ​គេ​បើក​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ​គឺ​ត្រូវ​មាន​ការយោគយល់​បញ្ចុះតម្លៃ​ជួល​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ជំងឺឆ្លង​កូវីដ​ ១៩​ ដោយសារ​តែ​អ្នករកស៊ី​ជាច្រើន​ត្រូវ​បាន​បាត់បង់​ប្រាក់ចំណូល​គ្រប់ៗ​គ្នា​៕

វីដេអូ៖