
លោកហង់ ជួនណារ៉ុន និងលោកស្រីភឿង សកុណា ចុះហត្ថលេខា។ រូបថត សហការី
ភ្នំពេញៈ គ្រឹះស្ថានឧត្តមសិក្សាចំនួន ៣ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ បានព្រមព្រៀងគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សា ដើម្បីពង្រឹងវិស័យ មនុស្សសាស្ដ្រ និងសង្គមសាស្ត្រ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមជាអធិបតីក្នុងជំនួបកិច្ចព្រមព្រៀងនេះ បានថ្លែងថា៖ «ការសហការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថាន ឧត្តមសិក្សា មានសារៈសំខាន់ណាស់ ដែលមជ្ឈមណ្ឌលនេះនឹងក្លាយទៅជាគោលការណ៍ សម្រាប់បង្កើត មជ្ឈមណ្ឌលស្រាវជ្រាវនៅកម្ពុជា»។
លោកថ្លែងបន្តថា កិច្ចព្រមព្រៀងនេះ គឺជាព្រឹតិ្តការណ៍មួយដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបង្ហាញពីជំហរ និងឆន្ទៈរបស់ខ្លួនក្នុងការចូលរួមសហប្រតិបត្តិការគ្នា ដែលសបញ្ជាក់ឱ្យឃើញថា មជ្ឍមណ្ឌលនឹងមានដំណើរការល្អ ក្នុងពេលអនាគត។
លោករដ្ឋមន្ត្រីបានបន្ថែមថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ និងបានលើកកម្ពស់ ការវិនិយោគជាច្រើន ផ្នែកវិទ្យាសាស្ត្រ ដូចជាការបង្កើតអគារវិទ្យាសាស្ត្រថ្មី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អគារវិទ្យាសាស្ត្រថ្មី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏ដូចជាការវិនិយោគក្នុងគម្រោងផ្សេងៗ ទៅលើបន្ទប់ពិសោធន៍ ទៅលើអគារខាងផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មជាដើម។
លោក ជួនណារ៉ុន បានបញ្ជាក់ថា៖ «យើងក៏ត្រូវការអ្នកឯកទេស ខាងផ្នែកវិទ្យាសាស្ត្រសង្គមនេះដែរ។ អ្នកឯកទេសផ្នែក អក្សរសិល្ប៍ ភាសា ប្រវត្តិសាស្ត្រ ភូមិវិទ្យា ទស្សនវិជ្ជា ដែលនេះជាសញ្ញាណវិជ្ជមានមួយ ក្នុងការលើកកម្ពស់អត្ដសញ្ញាណជាតិ វប្បធម៌ជាតិ»។
លោករដ្ឋមន្ដ្រីបានបន្ថែមទៀតថា៖ «កម្ពុជានៅមិនទាន់មានអ្នកស្រាវជ្រាវច្រើន ដូច្នេះការបង្កើតមជ្ឈមណ្ឌលនេះអាចជាឱកាសមួយលើកទឹកចិត្តឲ្យ សិស្សនិស្សិត មិនត្រឹមតែអាចរៀនផ្នែកវិទ្យាសាស្ត្រសង្គមឲ្យមានគុណភាពទេ ថែមទាំងអាចបន្តការសិក្សាទាំងនៅក្នុងស្រុក និងក្រៅប្រទេសផងដែរ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់បន្ថែមថា គម្រោង «អភិបាលកិច្ច និងការរំលេចឡើង នៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រនៅកម្ពុជា» នេះមានរយៈពេល ៣ ឆ្នាំ គិតចាប់ពីខែ តុលា ឆ្នាំ ២០១៦ ដល់ ខែ តុលា ឆ្នាំ ២០១៩ ក្រោមជំនួយឧបត្ថម្ភពីសហគមន៍អឺរ៉ុប ហើយគម្រោងនេះមានគោលដៅលើកកម្ពស់ និងអភិវឌ្បការស្រាវជ្រាវ ផ្នែកមនុស្សសាស្ត្រ និងនវានុវត្តន៍នៅប្រទេស កម្ពុជា ដោយពង្រឹងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សាជាដៃគូ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្តាលនានា។
លោក សុវាចា អះអាងថា សម្រាប់រយៈពេលខ្លី មជ្ឈមណ្ឌលនេះនឹងក្លាយជាទីដែលគ្រឹះស្ថានឧត្តមសិក្សាទាំង ៣ អាចដាក់រួមបញ្ចូលគ្នានូវមធ្យោបាយសម្ភារ និងសមត្ថភាពរបស់ខ្លួន ដើម្បីរំលេចការស្រាវជ្រាវរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។ សម្រាប់រយៈពេលវែង មជ្ឈមណ្ឌលនេះនឹងក្លាយជាកម្លាំងចលករចូលរួមលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រសង្គមសាស្ត្រនៅកម្ពុជា តាមរយៈការពង្រឹងវិស័យអប់រំ និងរៀបចំរចនាសម្ព័ន្ធនៃការស្រាវជ្រាវ។
កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយនេះនឹងក្លាយទៅជាគោលការណ៍សម្រាប់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាព្រឹតិ្តការណ៍ មួយដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបង្ហាញពីជំហរឆន្ទៈរបស់ខ្លួនក្នុង ការចូលរួមសហប្រតិបត្តិការគ្នា ដែលសបញ្ជាក់ឱ្យឃើញថា មជ្ឈមណ្ឌលនឹងមានដំណើរការល្អក្នុងពេល អនាគត»។
លោក សន ជ័យ នាយកប្រតិបត្ដិ អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានមើលឃើញថា ការបង្កើតឲ្យមានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបែបនេះ គឺពិតជាការចាំបាច់ និងបានឆ្លុះបញ្ចាំងពីតម្រូវការសង្គមនាពេលបច្ចុប្បន្នផងដែរ។ ការសិក្សាស្រាវជ្រាវមួយចំនួន គឺជាព័ត៌មាន និងជាការរកឃើញ ជារបាយការណ៍មួយដែលអាចឲ្យគេយកមកប្រើប្រាស់ ចំពោះដំណើរការនៃការធ្វើកំណែទម្រង់ ការរៀបចំជាកម្មវិធីបណ្ដុះបណ្ដាលដែលអាចឆ្លើយតបទៅចំគោលដៅ។
លោក សន ជ័យ ថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា ការបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវនេះ គឺមានសារៈសំខាន់ និងជាការចាំបាច់ សម្រាប់តម្រូវការជាក់លាក់ទៅលើផ្នែកអ្វីមួយ និងក៏ជាតម្រូវការទូទៅនៃការអភិវឌ្ឍសង្គមដែរ ប៉ុន្ដែការស្រាវជ្រាវនេះ គឺទាមទារឲ្យមានភាពឯករាជ្យផងដែរ»៕