The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូ​កំណែ​ថា​ ​អត្រា​សិស្ស​ប្រឡង​ជាប់​អាច​បាន​ ៥០%

គ្រូ​កំណែ​ថា​ ​អត្រា​សិស្ស​ប្រឡង​ជាប់​អាច​បាន​ ៥០%

សិស្ស​ត្រូវ​​ត្រួតពិនិត្យ​ពេល​ចូល​ប្រឡង​បាក់ឌុប​នៅ​វិទ្យាល័យ​សេរីភាព​ក្នុង​ខេត្ត​កណ្តាល​។
សិស្ស​ត្រូវ​​ត្រួតពិនិត្យ​ពេល​ចូល​ប្រឡង​បាក់ឌុប​នៅ​វិទ្យាល័យ​សេរីភាព​ក្នុង​ខេត្ត​កណ្តាល​។ ផា លីណា

គ្រូ​កំណែ​ថា​ ​អត្រា​សិស្ស​ប្រឡង​ជាប់​អាច​បាន​ ៥០%

ភ្នំពេញៈ ទន្ទឹម​នឹង​ដំណើរការ​ស្រង់​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់ឌុប​ដាក់​បញ្ចូល​ក្នុង​កុំព្យូទ័រ និង​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​មិន​ប្រក្រតី​ឡើង​វិញ​គ្រូ​កំណែ​វិញ្ញាសា​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ក្នុង​ដុំ​សន្លឹក​កិច្ចការ​នៃ​មុខវិជ្ជា​ដែល​ខ្លួន​បាន​កែ​នោះ​អត្រា​ជាប់​មាន​ប្រមាណ ៥០ ​ភាគរយ និង​អាច​តិច​ជាង​នេះ។

តាម​ផែនការ​ក្រសួង​អប់រំ​នឹង​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ចំណែក​តាម​បណ្តា​ខេត្ត​ផ្សេងៗ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ១៦ ខែ​កញ្ញា​នេះ​។

ក្រោយពី​ចុះ​ត្រួតពិនិត្យ​កន្លែង​ស្រង់​ពិន្ទុ​ប្រឡង​បាក់ឌុប​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន បាន​ឲ្យ​ដឹង​ថា​គិត​មក​ទល់​ថ្ងៃ​ទី ៧ ខែ​កញ្ញា​ម្សិលមិញ​ការ​ស្រង់​ពិន្ទុ​បញ្ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​សម្រេច​បាន​ជាង ៧០ ភាគរយ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ពី​ភាព​មិន​ប្រក្រតី​រហូត​ដល់​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ប៉ុន្តែ​ លោក​បដិសេធ​វាយតម្លៃ​ពី​អត្រា​នៃ​បេក្ខជន​ប្រឡង​ជាប់ និង​ធ្លាក់​ព្រម​ទាំង​ព័ត៌មាន​​ដែល​លេចឮ​កន្លង​មក​ថា​លទ្ធផល​ប្រឡង​បឋម​មាន​ជាប់ ៨០ ភាគរយ​នោះ។

លោក​ថា៖ «យើង​អត់​ទាន់​ដឹង​បាន​ទេ​ព្រោះ​ការ​ស្រង់​ពិន្ទុ​មិន​ទាន់​បាន​បញ្ចប់​ហើយ​ការ​ពិនិត្យ​ឡើង​វិញ​ពី​ភាព​មិន​ប្រក្រតី​ក៏​មិន​ទាន់​បាន​ធ្វើ​អ៊ីចឹង​យើង​មិន​អាច​ប៉ាន់​ប្រមាណ​បាន​ទេ»។

យ៉ាង​ណា​ក៏ដោយ ​លោក​រដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​នៃ​ដំណើរការ​ប្រឡង​បាក់ឌុប​ឆ្នាំ​ទី ២ ថា​នឹង​មាន​ភាព​វិជ្ជមាន​ច្រើន​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ដើម្បី​ធានា​នូវ​តម្លាភាព​នៃ​ការ​ស្រង់​ពិន្ទុ​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រសួង​បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព ព្រម​ទាំង​ចាត់​តាំង​មន្រ្តី ACU ប្រចាំ​ការ​តាមដាន​នៅក្នុង​ការិយាល័យ​ប្រឡង​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ដែល​ជា​ទីតាំង​ស្រង់​ពិន្ទុ​បញ្ចូល​ក្នុង​កុំព្យូទ័រ​ផង​ដែរ​។

លោកគ្រូ ខាត់ សុធី សមាជិក​គណៈកម្មការ​កំណែ​វិញ្ញាសា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សម្រាប់​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​កំណែ​វិញ្ញាសា​លោក​បាន​ទទួល​បន្ទុក​កែ​នូវ​សំណៅ​វិញ្ញាសា​ប្រឡង​ចំនួន ៧ ដុំ​ដែល​មាន​​សន្លឹក​កិច្ចការ​បេក្ខជន ១៧៥ ច្បាប់​ហើយ​ជា​លទ្ធផល​ក្នុង​​វិញ្ញាសា​នោះ​គឺ​មាន​ប្រមាណ ៥០% ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពិន្ទុ​ជាប់​ក្នុង​និទ្ទេស​បង្គួរ និង​មធ្យម​ពោល​គឺ​ទិន្ទេស D និង E។

លោក​ថា៖ «​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​កែ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ឆ្នាំ​នេះ​គឺ​ប្រសើរ​បើ​យើង​គិត​ពី​ក្រឹត្យ​ក្រម​វិញ​គឺ​ច្បាស់​ជា​ធ្លាក់​ច្រើន​តែ​ដោយសារ​សំណេរ​តែង​សេចក្តី​អក្សរសាស្ត្រ​ខ្មែរ​គឺ​មាន​ភាព​ទូលាយ​ហើយ​បេក្ខជន​មាន​សេរីភាព​ក្នុង​ការ​សរសេរ​ខុស​គ្នា​អ៊ីចឹង​ពិន្ទុ​ទទួល​បាន​ក៏​គួរសម​ដែរ»។

ជាមួយ​គ្នា​នេះ​លោកគ្រូ ង៉ែត ប៊ុនថេត សមាជិក​គណៈកម្មការ​កំណែ​វិញ្ញាសា​នៅ​វិទ្យាល័យ​ទួលទំពូង​ទទួល​បន្ទុក​កែមុខ​វិជ្ជា​ជីវវិទ្យា​ចំនួន ៥ ដុំ​ស្មើ​នឹង​ ១២៥ ​សន្លឹក​បាន​ឲ្យ​​ដឹង​ថា​លទ្ធផល​នៃ​កិច្ចការ​ដែល​លោក​ កែ គឺ​អត្រា​ជាប់​ចន្លោះ​ពី ៣០ ទៅ​ ៤០ ​​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​និទ្ទេស C រហូត​ដល់ E។

លោក​វាយតម្លៃ​ថា៖ ​«ការ​យល់ដឹង​របស់​បេក្ខជន​នៅ​មាន​កម្រិត​ពួកគាត់​ហាក់​មិន​ទាន់​​ត្រៀម​ខ្លួន​បាន​ល្អ​នៅ​ឡើយ​ព្រោះ​នេះ​ជា​ឆ្នាំ​ទី ២ ​នៃ​ការ​រឹតបន្តឹង​អ៊ីចឹង​ហើយ​ពួកគាត់​ឆ្នាំ​មុន​ថ្នាក់​ទី ១១ ខ្លះ​មិន​អាច​ពង្រឹង​ខ្លួន​ទាន់​ទេ»​។

ដោយឡែក​លោកគ្រូ គិត ចាន់ថេង សមាជិក​គណៈកម្មការ​កំណែ​វិញ្ញាសា​នៅ​វិទ្យាល័យ​បាក់ទូក​ទទួល​បន្ទុក​កែ​មុខវិជ្ជា​គណិតវិទ្យា​នៃ​សំណៅ​ឯកសារ ៧ ដុំ​ស្មើ​នឹង ១៧៥ ​សន្លឹក​ក៏​ឲ្យ​ដឹង​ដែរ​ថា​អត្រា​នៃ​ឯកសារ​ដែល​លោក​ កែ គឺ​មាន​សិស្ស​​តិច​ជាង ៣០ ភាគរយ​​ទៅ​ទៀត​ដែល​ទទួល​បាន​ពិន្ទុ​ជាប់។

លោក​ថា​៖ «គណិតវិទ្យា​ជា​វិទ្យាសាស្ត្រ​ពិត​អ៊ីចឹង​លទ្ធផល​ខុស​​គឺ​ខុស​ត្រូវ​គឺ​ត្រូវ​បេក្ខជន​ធ្វើ​មិន​បាន​ច្រើន​នោះ​ទេ​មាន​ខ្លះ​ខ្ញុំ​ដាក់​ពិន្ទុ​ឲ្យ​ពី ២ ទៅ ៣ គិត​ថ្លៃ​ទឹកប៊ិក​តែ​បើ​តាម​ពិត​នោះ​គឺ​ឆ្លើយ​ខុស​ទាំង​ស្រុង។ ខ្ញុំ​ធ្លាប់​ឮ​ព័ត៌មាន​ថា​លទ្ធផល​ប្រឡង​ជាប់​ទូទាំង​ប្រទេស​មាន​ជាង ៨០ ​ភាគរយ​តែ​ខ្ញុំ​គិត​ថា​មិន​អាច​ទៅ​រួច​ទេ»។

គួរ​រំឭក​ថា​ក្រោយ​ពី​មាន​ការ​ធ្វើ​​កំណែទម្រង់​ថ្មី​នៃ​ប្រព័ន្ធ​អប់រំ​ដែល​រៀបចំ​ដោយ​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ការ​ប្រឡង​បាក់ឌុប​លើក​ទី ១ នៅ​ឆ្នាំ ២០១៤ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៣ ១២៦ ​នាក់​ប៉ុណ្ណោះ​ស្មើ​នឹង​ប្រមាណ ២៥ ​​ភាគរយ​នៃ​ចំនួន​បេក្ខជន​ចូលរួម​ហើយ​សិស្ស​ជាប់​និទ្ទេស A មាន​ត្រឹមតែ​ ១១ នាក់​ប៉ុណ្ណោះ​។

ចំណែក​ការ​ប្រឡង​លើក​ទី ២ មាន​សិស្ស​ជាប់​ចំនួន ១៧,៩៤ ​ភាគរយ​ក្នុង​ចំណោម​​បេក្ខជន​ដែល​​មាន​ឈ្មោះ​ប្រឡង​​សរុប​ជាង ៦៨ ០០០ ​នាក់៕

អត្ថបទគួរចាប់អារម្មណ៍