ព្រៃវែងៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង ខេត្ត​ព្រៃវែង​បាន​ឃុំខ្លួន​លោកគ្រូ​ដោះ​អំពើ​វ័យ​ចំណាស់​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​ ៥ មករា បន្ទាប់ពី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ជា​អ្នកជំងឺ​ម្នាក់​កាលពី​ថ្ងៃទី​ ៣ មករា នៅ​ឃុំ​ដំរីពូន ស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង​។

លោកស្រី ព្រាប សាវី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃទី​ ៦ មករា ថា បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ មាស មឿន អាយុ​ ៦៩ ​ឆ្នាំ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សេពសន្ថវៈ​លើ​អ្នកជំងឺ​ម្នាក់​នោះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ លោក​ កែ សុផន នៃ​សាលាដំបូង​ខេត្តព្រៃវែង ចោទប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​ដោយ​ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ករណី​គ្រូ​ដោះអំពើ​នោះ​ត្រូវបាន​តុលាការ​ចោទ​តាម​មាត្រា​ ២៤១ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោង​លើ​មាត្រា​ ២៤១ ​នៃ​ក្រមព្រហ្មទណ្ឌ​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​ថា ជន​ជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ ជន​ប្រព្រឹត្ត​នឹងត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៧ ​ឆ្នាំ ទៅ​ ១៥ ​ឆ្នាំ​។

ដោយឡែក​លោក​ អ៊ុង ផាន អធិការនគរបាល​ស្រុក​ស្វាយអន្ទរ​ប្រាប់​ពី​ថ្ងៃ​ទី​ ៦ មករា ថា​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ស.ថ អាយុ ២៩ ​ឆ្នាំ​ និង​មាន​ប្តី​ហើយ ប៉ុន្តែ​ស្ត្រី​រងគ្រោះ​មាន​សតិ​មិន​ប្រក្រតី​។ ជន​ឈ្មោះ​ មាស មឿន ​ត្រូវ​ម្តាយ​ស្ត្រី​រងគ្រោះ​ប្តឹង​មក​សមត្ថកិច្ច​របស់​លោក​នៅ​ថ្ងៃទី​ ៣ មករា ហើយក៏​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​ដដែល​ដែរ​។

លោក​រំឭកថា មុន​សមត្ថកិច្ច​ចាប់ខ្លួន​គ្រូ​ដោះ​អំពើ​នោះ​ត្រូវបាន​ម្តាយ​នារី​រងគ្រោះ​ហៅ​ឲ្យ​ទៅ​ដោះ​អំពើ និង​ដេញ​ព្រាយ​បិសាច​ចេញ​ពី​ក្នុង​ខ្លួន​របស់​កូនស្រី​គាត់​។ ព្រោះថា​ស្ត្រី​រងគ្រោះ​មាន​ជំងឺ​ម្យ៉ាង​ចេះ​តែ​រវើរវាយ ហើយ​លោកគ្រូ​នោះ​ទៅ​ព្យាបាល​ស្ត្រី​រងគ្រោះ​អស់​រយៈពេល​ជាង​ ១០ ​ថ្ងៃ​មកហើយ​។ រាល់​ការព្យាបាល​ម្តងៗ​លោកគ្រូ​នោះ​តែងតែ​ប្រាប់​ម្តាយ​ស្ត្រី​រងគ្រោះ​ថា ពេល​គាត់​ព្យាបាល​មិន​ត្រូវ​ឲ្យ​អ្នកណាម្នាក់​ចូល​ទៅ​មើល​នៅក្នុង​បន្ទប់​ទេ ព្រោះ​បើ​មាន​មនុស្ស​ទៅ​មើល​គឺ​ព្រាយ​មិន​ចេញ​ពី​ក្នុង​ខ្លួន​អ្នកជំងឺ​ទេ​។

លោក​ អ៊ុង ផាន បាន​ប្រាប់​តាម​សម្តី​ម្តាយ​ស្ត្រី​រងគ្រោះ​ថា​នៅ​ថ្ងៃទី​ ២ ខែ​មករា ឆ្នាំ​ ២០២០ លោកគ្រូ​នោះបាន​ទៅ​ព្យាបាល​ស្ត្រី​រងគ្រោះ​ហើយ​រាល់ពេល​ព្យាបាល​ម្តងៗ​តែងតែ​តម្រូវ​ឲ្យ​ម្តាយ​ស្ត្រី​រងគ្រោះ​ទៅ​អុជ​ធូប​ដោយ​ប្រាប់​ចាំ​ធូប​ឆេះ​អស់​ ១ ​ដើម​ចាំ​ចូល​ក្នុង​បន្ទប់​មើល​កូន បើ​មិន​ដូច្នេះ​ទេ​មិន​ពូកែ​ទេ​។ បើ​គ្រូ​នោះ​មិន​ឲ្យ​អុជ​ធូប​ក៏​តម្រូវ​ឲ្យ​យក​សំណែន​ទៅ​កប់​ក្នុង​ដី ប៉ុន្តែ​មិន​ឲ្យ​យក​ចប​ជីកដី ឬ យក​ចបកាប់​រណ្តៅ​ដី​ទេ ឲ្យ​យក​កូន​កាំបិត​ជីកដី​ធ្វើ​បែប​នេះ​ជា​តំណម​របស់​គ្រូ​គាត់​។

លោកអធិការ​បាន​បន្តទៀត​ថា​៖ «​គ្រូ​នោះ​ធ្វើ​របៀបនេះ ដើម្បី​ពន្យារពេល​ងាយស្រួល​គាត់​ប្រព្រឹត្ត​អំពើ​ល្មើស​»​។

លោក អ៊ុង ផាន ប្រាប់​ថា​នៅ​ថ្ងៃទី​ ២ ខែមករា​នោះ ម្តាយ​ស្ត្រី​រងគ្រោះ​បាន​ទៅ​ទាន់​ឃើញ​គ្រូ​នោះ​កំពុង​នៅ​ពី​លើ​កូនស្រី​របស់គាត់​។ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ប្រើ​សម្តី​ខ្លាំងៗ​ដាក់​លោកគ្រូ​នោះទេ ដោយសារ​គ្រូ​នោះ​មាន​កូន​កាំបិត​នៅ​ក្បែរ​ខ្លួន​ចំនួន​ ៥ ​ដើម​ដែល​គាត់​ខ្លាច​គេ​ចាក់​សម្លាប់​កូន និង​ខ្លួន​គាត់​។ លុះដល់​ថ្ងៃទី​ ៣ ខែ​មករា​ទើប​ម្តាយ​ស្ត្រី​រងគ្រោះ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង​៕