The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូទាយ​ថា CPP ទទួល​ជ័យជម្នះ​​ទាំង​ប្រផិត​ប្រផើយ ​លើ​សង្គ្រោះ​ជាតិ

គ្រូទាយ​ថា CPP ទទួល​ជ័យជម្នះ​​ទាំង​ប្រផិត​ប្រផើយ ​លើ​សង្គ្រោះ​ជាតិ

Content image - Phnom Penh Post
គ្រូទាយ​សន្លឹក​បៀ​អំពី​លទ្ធផល​បោះឆ្នោត​កាលពី​ម្សិលមិញ​។ រូបថត ERIN HANDLEY

គ្រូទាយ​ថា CPP ទទួល​ជ័យជម្នះ​​ទាំង​ប្រផិត​ប្រផើយ ​លើ​សង្គ្រោះ​ជាតិ

ភ្នំពេញៈ បន្ទាប់ពី​ការ​អុជ​ធូប និង​សំពះ​ចំនួន​ ៣ ​ដង​គ្រូទាយ​សន្លឹក​បៀ​ ៣ ​នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បើក​សន្លឹក​បៀ​ដែល​មាន អាត់ជួង ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អាត់​ការ៉ូ តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ និង​ការ​ទស្សន៍ទាយ​ថា​គណបក្ស​ប្រជាជន​នឹង​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ប្រផិត​ប្រផើយ​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​។

គ្រូទាយ​និយាយ​ថា​៖ «​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​សន្លឹក​អាត់​ទាំង​ពីរ​។ នេះ​ជា​អបិយ​ជំនឿ​»​។

លោក​បាន​ថ្លែង​ថា​សន្លឹក​អាត់ បង្ហាញ​ថា​វា​ «​ឆុត​ណាស់​» នឹង​មាន​ការ​ប្តឹង ប៉ុន្តែ​មិន​មាន​ការ​តវ៉ា​មាន​ភាព​តានតឹង​តែ​មិន​មាន​ការ​បង្ហូរ​ឈាម​កើតឡើង​ទេ​។

លោក​ព្យាករ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​ជ័យជម្នះ​ប្រផិត​ប្រផើយ​គឺ​ប្រមាណ ៥២ ភាគរយ​ទល់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ៤៨ ​ភាគរយ​។

លោក​បន្ត​ថា​ ខណៈ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ៧០% «​ពិត​ជា​មាន​សេចក្តី​ក្លាហាន​» ៣០ ភាគរយ​ទៀត​មាន​ការ​ «​ភ័យ​ខ្លាច​ណាស់​» ហើយ​អាច​នឹង​ផ្លាស់ប្តូរ​សន្លឹកឆ្នោត​របស់​ខ្លួន​។ លោក​បន្ត​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តែ​អ្នក​គាំទ្រ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លុយ​ច្រើន​ និង​ធនធាន​»​។

ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​ឃុំ-សង្កាត់​ណា​ខ្លះ​នឹង​គ្រប់គ្រង​ដោយ​គណបក្ស​ណា​ខ្លះ និង​អំពី​ជោគវាសនា​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា​លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គ្រាន់​តែ​ជា​គ្រូទាយ ខ្ញុំ​មិនមែន​ជា​អ្នក​វិភាគ​ទេ​»​។

នៅ​ជិត​ទន្លេ ស្ត្រី​ម្នាក់​ដែល​ស្លៀកពាក់​សម្លៀកបំពាក់​ពណ៌​ស្វាយ​ដែល​ជា​គ្រូទាយ​សន្លឹក​បៀ​ម្នាក់​ទៀត​បាន​ទស្សន៍ទាយ​ផ្ទុយ​គ្នា​មួយ​ចំនួន​។ ដំបូង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ ៨០ ​ភាគរយ បន្ទាប់មក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ ៩០ ​ភាគរយ​។

អ្នកស្រី​ថ្លែង​បន្ត​ថា ​ការ​បង្ហាញ​របស់​អាត់​ប៊ិក «​អាក្រក់​ណាស់​» ​មាន​ន័យ​ថា​នឹង​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​។

អ្នកស្រី​បន្ត​ថា​៖ «​មាន​ភាព​តានតឹង​។ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ ប៉ុន្តែ​មាន​ហិង្សា​។ មិន​មាន​ការ​ចាប់​ខ្លួន និង​ការ​ស្លាប់​ទេ​»​។ អ្នកស្រី​បន្ត​ថា​៖ «​សន្លឹក​បៀ​បង្ហាញ​ថា​ពួកគេ​នឹង​ពិភាក្សា​គ្នា​ និង​ចរចា​គ្នា​»​។

ប៉ុន្តែ​នៅ​ផ្សារ​បឹង​កេងកង​វិញ​គ្រូទាយ​វ័យ​ក្មេង​ម្នាក់​បាន​ទាយ​ដោយ​ចង្អុល​ទៅ​អាត់​ក្រហម​ពីរ​ជា​ភ័ស្តុតាង​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ពិត​ជា​មាន​សំឡេង​ឆ្នោត​ខ្លាំង​ណាស់​នឹង​មាន​សន្លឹកឆ្នោត​ខ្លាំង​ណាស់​»​។ ជាថ្មី​ម្តង​ទៀត​ការ​ទទួល​ជ័យជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​គ្មាន​បញ្ហា​នោះ​ទេ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ពួកគេ​ឈ្នះ ប៉ុន្តែ​ប្រហែល​ជា​មិន​អាច​ធានា​បាន​ទេ ប្រសិន​បើ​មាន​បញ្ហា​»​។ «​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ប៉ុន្តែ​នៅ​មាន​អាថ៌កំបាំង​មួយ​ដែល​យើង​មិន​អាច​មើល​ឃើញ​នៅ​ក្នុង​នោះ​»​។

កាលពី​ម្សិលមិញ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លោក​ សួស យ៉ារ៉ា ស្ទាក់ស្ទើរ​ក្នុង​ការ​ព្យាករ​អំពី​លទ្ធផល​ដ៏តានតឹង​នេះ​។ លោក​ថ្លែង​តាមរយៈ​សំណេរ​ថា​៖ «​គ្រូទាយ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ បាន​ប្រាប់ [​ខ្ញុំ​] ថា​យើង​នឹង​ឈ្នះ​ភ្លូកទឹក​ភ្លូកដី​»​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អេង ឆៃអ៊ាង បាន​សើច​ចំពោះ​ការ​ទស្សន៍ទាយ​នេះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ជឿ​លើ​គ្រូទាយ​ទេ​»​។ «​គឺ​វា​មិន​អាស្រ័យ​លើ​គ្រូទាយ​នោះ​ទេ ប៉ុន្តែ​វា​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​»​។ «​ខ្ញុំ​ជឿជាក់​​ថា​ប្រជាពលរដ្ឋ​នឹង​បោះឆ្នោត​ដើម្បី​ការ​ផ្លាស់ប្តូរ​...​ការ​បោះឆ្នោត​មិន​ទាន់​បាន​បោះ​នៅ​ឡើយ​ទេ​»​។

កម្ពុជា​ជា​ញឹកញាប់​តែងតែ​រួម​បញ្ចូល​អបិយ​ជំនឿ​ទៅ​ក្នុង​ពិធី​អ្វី​មួយ​ដូចជា​ពិធី​មហាសង្ក្រាន្ត​ជាដើម​ដែល​មាន​ការ​ទស្សន៍ទាយ​ជាច្រើន​ដែល​បាន​ចងក្រង​ជា​រៀងរាល់​ឆ្នាំ​ដោយ​ក្រសួង​ធម្មការ និង​សាសនា​មុន​ពិធី​ចូល​ឆ្នាំ​ខ្មែរ ខណៈ​ដែល​ពិធី​ច្រត់​ព្រះនង្គ័ល​ប្រចាំ​ឆ្នាំ​ក៏​ធ្វើការ​ទស្សន៍ទាយ​អំពី​ទិន្នផល​ដំណាំ​កសិផល​ផង​ដែរ​តាមរយៈ​ចំណង់​ចំណូលចិត្ត​របស់​គោ​ឧសភរាជ​ដែល​ថា​ចូលចិត្ត​សោយ​អ្វី​។

អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​លោក​បណ្ឌិត មាស នី ថ្លែង​ថា​មន្ត្រី​ជាន់​ខ្ពស់​ជា​ញឹកញាប់​ប្រើ​គ្រូទាយ និង​ការ​បួងសួង ដើម្បី​ផលប្រយោជន៍​នយោបាយ​​របស់​ពួកគេ​។

លោក​ថ្លែង​ថា​៖ «​ខណៈ​ដែល​វា​នៅ​តែ​ពេញ​និយម​សម្រាប់​មនុស្ស​ចាស់ៗ ប៉ុន្តែ​វា​មិន​ពេញ​និយម​សម្រាប់​ក្មេងៗ​ទេ ព្រោះ​ពួកគេ​កំពុង​ឈ្លក់​វង្វេង​ជាមួយ​នឹង​បច្ចេកវិទ្យា​ច្រើន​ជាង​»​។

លោក​ថ្លែង​ថា ​ការ​រៀបចំ​ការ​បោះឆ្នោត​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​គឺជា​អ្វី​ដែល​យើង​ត្រូវការ​ខ្លាំង​បំផុត​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គាំទ្រ​ការ​បោះឆ្នោត ... នេះ​គឺ​ពិតជា​ត្រូវការ​ចាំបាច់​ណាស់​ប៉ុន្តែ​ដោយសារ​តែ​មាន​ក្តីបារម្ភ​នៅ​ជុំវិញ​គណបក្ស​នយោបាយ [​ហើយ​] ដោយសារ​តែ​ប្រទេស​កម្ពុជា​គឺ​នៅ​តែ​ផុយស្រួយ​ក្នុង​រឿង​នយោបាយ ប្រហែល​ជា​យើង​ត្រូវការ​ផ្លាស់ប្តូរ​យឺតៗ​»​។

ការ​បោះឆ្នោត​ឃុំ-សង្កាត់​ត្រូវ​បាន​គណបក្ស​ធំៗ​ទាំង​ពីរ​ចាត់ទុក​យ៉ាង​ទូលំ​ទូលាយ​ថា​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ព្យាករ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​៕ PS/NS

អត្ថបទគួរចាប់អារម្មណ៍