ភ្នំពេញៈ គ្រូបង្គោលចំនួន ១១ នាក់ បានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលទីផ្សារឌីជីថលតាមរយៈអនឡាញពីក្រុមហ៊ុនហ្វេសប៊ុកដោយជោគជ័យជាអ្វីដែលអង្គការផេកកម្ពុជារំពឹងថា ពួកគេនឹងចូលរួមបណ្តុះបណ្តាលបន្តដល់សហគ្រិនស្ត្រីវ័យក្មេងកម្ពុជាជិត ២ ពាន់នាក់បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញឱ្យអាជីវកម្មរបស់ស្ត្រីមានការរីកចម្រើន។
កាលពីម្សិលមិញ គម្រោងសហគ្រិននារីសកម្មដែលអនុវត្តដោយអង្គការផេកកម្ពុជាគាំទ្រដោយអង្គការ USAID បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលផ្នែកឌីជីថលហ្វេសប៊ុកចំនួន ៧ នាក់បន្ថែមទៀត ក្រោយបញ្ចប់ (វគ្គបណ្ដុះបណ្ដាលទី ២ ពីខែកញ្ញា ដល់ខែតុលា) បន្ទាប់ពីគ្រូបង្គោល ៤ នាក់បានទទួលវិញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជាស្ថាពរកាលពីខែសីហា ឆ្នាំមុន (វគ្គទី ១ ពីខែមករា ដល់ខែមិថុនា)។
ជាមួយនឹងការបញ្ចប់វគ្គបណ្តុះបណ្តាលនេះ អង្គការ ផេកកម្ពុជា រំពឹងថាចាប់ពីពេលនេះដល់ឆ្នាំ ២០២៣ គ្រូបង្គោលទាំង ១១ នាក់នេះ នឹងចូលរួមផ្តល់ការបណ្តុះបណ្តាលបន្តដល់សហគ្រិនស្ត្រីវ័យក្មេងប្រមាណ ១ ៧០០ នាក់ ជុំវិញចំណេះដឹងទីផ្សារឌីជីថលហ្វេសប៊ុក។
អង្គការផេកកម្ពុជាបានឱ្យដឹងថា «កាលពីចុងឆ្នាំ ២០២០ សហគ្រិនស្ត្រីប្រមាណ ៦០០ នាក់ បានទទួលការបណ្តុះបណ្តាលតាមរយៈអនឡាញជុំវិញការបណ្តុះបណ្តាលទីផ្សារឌីជីថលហ្វេសប៊ុក ដើម្បីជំរុញអាជីវកម្មរបស់ពួកគេ ឱ្យកាន់តែមានរីកចម្រើនបន្ថែមទៀត»។
អង្គការនេះបន្តថា ការបណ្តុះបណ្តាលនេះគឺបានផ្តល់ការយល់ដឹងទូលំទូលាយអំពីមូលដ្ឋានគ្រឹះការធ្វើទីផ្សារតាមអ៊ីនធឺណិត ការបង្កើតទំព័រហ្វេសប៊ុកអាជីវកម្ម និងខ្លឹមសារ និងការអនុវត្តល្អៗ ការគាំទ្រពួកគេជាមួយនឹងចំណេះដឹងក្នុងការចាប់ផ្តើម និងរីកចម្រើនអាជីវកម្មរបស់ពួកគេតាមរយៈការប្រើប្រាស់វេទិកាអនឡាញដែលមានអាជីវកម្មច្រើនបានទាញយកនូវសក្តានុពលនេះ។
លោកស្រី Sabine Jouke នាយិកាប្រចាំប្រទេសអង្គការ ផេកកម្ពុជា និងគម្រោងសហគ្រិននារីសកម្មបានថ្លែងថា នេះគឺជាក្តីរីករាយមួយដែលគម្រោងនេះបានក្លាយជាដៃគូរបស់ក្រុមហ៊ុនហ្វេសប៊ុកដើម្បីណែនាំអំពីកម្មវិធី #SheMeansBusiness នៅក្នុងប្រទេសកម្ពុជា។ លោកស្រីបន្តថា #SheMeansBusiness គឺជាកម្មវិធីថ្មីដែលមានគោលបំណងក្នុងការបណ្តុះបណ្តាលដល់សហគ្រិនស្ត្រីកម្ពុជាអំពីជំនាញទីផ្សារឌីជីថល។
លោកស្រីបញ្ជាក់ថា៖ «កម្មវិធីនេះនឹងជួយស្ត្រីឱ្យមានការយល់ដឹងអំពីរបៀបនៃការចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ពួកគេដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ស្របពេលដែលវាកំពុងមានសក្តានុពលខ្លាំងបំផុតក្នុងការជួយឱ្យអាជីវកម្មទទួលបានជោគជ័យ»។
លោកស្រី ហុក ស្រីមុំ សហស្ថាបនិក Khmer Lesson និងជាគ្រូបង្គោលដែលបញ្ចប់វគ្គបណ្តុះបណ្តាល បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា នៅពេលទទួលបានចំណេះដឹងកាន់តែច្រើនអំពីទីផ្សារឌីជីថលនឹងធ្វើឱ្យយើងគ្រប់គ្នា ជាពិសេសស្ត្រីនឹងកាន់តែឃើញទីផ្សារអាជីវកម្មកាន់តែធំទូលាយ។
លោកស្រីបន្តថា ម្ចាស់អាជីវកម្មគឺមិនអាចនៅតែបន្តអាជីវកម្មរបស់ខ្លួនតាមបែបប្រពៃណី ដោយមិនចាប់យកទីផ្សារឌីជីថលនោះទេ។
លោកស្រីបានបញ្ជាក់ថា៖ «អ្វីដែលខ្ញុំទទួលបានគឺមិនត្រឹមតែសម្រាប់ខ្លួនខ្ញុំទេ គឺខ្ញុំអាចជួយដល់ស្ត្រីផ្សេងទៀត ដែលគាត់កំពុងធ្វើអាជីវកម្មហ្នឹង ឱ្យគាត់ចេះប្រើឌីជីថល ដើម្បីឱ្យការលក់ផលិតផលរបស់គាត់ទទួលបានកាន់តែធំទូលាយ។ ស្ត្រីយើង គួរតែងាកមកប្រើប្រាស់អាជីវកម្មតាមឌីជីថលឱ្យបានច្រើន ព្រោះអ្នកណាក៏ប្រើប្រាស់ទូរស័ព្ទដែរ ហើយមានលក្ខណៈធំធេងមែនទែន»។
កញ្ញា យីង ស្រីពៅ បុគ្គលិកអង្គការមួយដែលប្រើប្រាស់ទីផ្សារឌីជីថលជាចាំបាច់បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលពីគ្រូបង្គោលអំពីទីផ្សារឌីជីថលនេះបានធ្វើការងាររបស់កញ្ញាមានការវិវឌ្ឍល្អហើយការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះគឺបានជួយការងារច្រើនផងដែរ។
កញ្ញានិយាយថា៖ «ការសិក្សានេះ គឺបានជួយពន្យល់ខ្ញុំឱ្យចេះបែងចែកច្បាស់នូវរបៀបប្រើប្រាស់ទីផ្សារឌីជីថលដោយមានលក្ខណៈខុសគ្នាទៅតាមកម្មវិធីនីមួយៗ។ នៅពេលយើងដឹងពីរបៀបប្រើប្រាស់គឺជួយការងារខ្ញុំបានច្រើន និងជំរុញការងាររបស់ខ្ញុំបានរហ័ស»។
ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានកំណើន ៧ ភាគរយជារៀងរាល់ឆ្នាំ ប៉ុន្តែការរីកចម្រើននេះមិនមានភាពស្មើគ្នានោះទេ ដែលធ្វើឱ្យស្ត្រី និងសេដ្ឋកិច្ចរបស់ពួកគេមិនអាចតាមទាន់ការរីកចម្រើននេះ ខណៈអាជីវកម្មផ្ទាល់ខ្លួនរបស់ស្ត្រីប្រមាណ ៦០ ភាគរយក្នុងនោះមាន ៩៩ ភាគរយជាសហគ្រាសខ្នាតតូច។ នេះបើតាមសេចក្តីប្រកាសរួមរបស់អង្គការផេកកម្ពុជា និងអង្គការ USAID។
លោក Ruici Tio ប្រធានកម្មវិធីគោលនយោបាយ APAC ប្រចាំក្រុមហ៊ុន facebook បានថ្លែងថា នៅពេលស្ថានភាពស្ត្រីកាន់តែល្អប្រសើរ នោះអត្ថប្រយោជន៍ដែលយើងទទួលបានគ្រប់គ្នាក៏ទៅតាមនោះដែរ។ លោកបានបន្តថា៖ «#SheMeansBusiness មិនមែនត្រឹមតែភ្ជាប់សហគ្រិនស្ត្រីជាមួយនឹងការផ្តល់អំណាចបណ្តាញទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងលើកកម្ពស់ការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់នៃសហគ្រិនស្ត្រីក្នុងការរួមបញ្ចូលការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ»៕