ភ្នំពេញៈ នគរបាលខណ្ឌដង្កោ បានបញ្ជូនបុរសជាគ្រូបង្រៀន និងជានាយករងសាលាភាសាអង់គ្លេសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបន្ទាប់ពីចាប់ខ្លួនបាន ១ ថ្ងៃ ពីបទចាប់រំលោភសេពសន្ថវៈកូនសិស្សមិនទាន់គ្រប់អាយុ ប្រព្រឹត្តនៅភូមិទឹកថ្លា សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ជីម ស៊ីថា អធិការខណ្ឌដង្កោបានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យឈ្មោះ ចិន មករា អាយុ ២៦ ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស រីឯក្មេងរងគ្រោះ ឈ្មោះ ញ.ស អាយុ ១៥ ឆ្នាំ។
លោកថ្លែងថា៖ «បុរសសង្ស័យ បានសារភាពថា គាត់ពិតជាបានប្រព្រឹត្តលើក្មេងស្រី ជាសិស្សរបស់ខ្លួនមែន ប៉ុន្តែជាការត្រូវរ៉ូវគ្នាទេ។ តែទោះបីយ៉ាងណា ប្រសិនបើគេប្រព្រឹត្តគឺត្រូវប្រឈមចំពោះមុខច្បាប់»។
បើតាមមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងពង្រម្នាក់ ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងកាលពីម្សិលមិញថា ពាក់ព័ន្ធរឿងរំលោភសេពសន្ថវៈនោះ គឺខាងក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានប្តឹងមកសមត្ថកិច្ចរបស់លោក កាលពីថ្ងៃទី ១៨ ខែមីនាដោយបានចោទប្រកាន់បុរសរូបនោះថា បានលួងលោមកូនស្រីរបស់គាត់ ទៅរំលោភសេពសន្ថវៈបានសម្រេចជាច្រើនដងផង។ ក្រោយទទួលបានពាក្យបណ្តឹង លោកក៏បានកំណត់អត្តសញ្ញាណ និងមុខសញ្ញារបស់ ជនសង្ស័យហើយក៏បានស្នើឲ្យជនរូបនោះមកបំភ្លឺនៅប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងពង្រ។
លោកឲ្យដឹងបន្តថា តាមបណ្តឹងរបស់ក្រុមគ្រួសារក្មេងរងគ្រោះថា ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ មក ដោយជនសង្ស័យ បានបបួលក្មេងស្រីរងគ្រោះ ដែលជាកូនសិស្សរបស់ខ្លួន ទៅដើរលេង។
ពេលនោះ ជនសង្ស័យ ដែលជានាយករងសាលាភាសាអង់គ្លេសមួយផងនោះ បានឌុបក្មេងស្រីរងគ្រោះ ទៅផ្ទះសំណាក់ឈ្មោះ ភ្នំមាស ដែលស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌដង្កោ ហើយបានជួលបន្ទប់រួមភេទជាមួយសិស្សរបស់ខ្លួនតែម្តង។
លោកថ្លែងថា៖ «សមត្ថកិច្ច មិនអាចទៅចាប់ជននោះភ្លាមៗបានទេ ហើយយើងបានសុំយោបល់ពីថ្នាក់លើ។ ខាងថ្នាក់លើបានឲ្យយើងអញ្ជើញគាត់មកសាកសួរសិន ប៉ុន្តែបើហេតុការណ៍កើតឡើងភ្លាមៗ គឺយើងអនុវត្តឃាត់ខ្លួន ឬបង្ក្រាបតែម្តងមិនបាច់សុំយោបល់ទេ។ គាត់ជិះម៉ូតូមកប៉ុស្តិ៍ខ្លួនឯង ហើយថា គាត់បានចាប់រំលោភក្មេងរងគ្រោះបាន ២ ដង ប៉ុន្តែគាត់ថា ជាការត្រូវរ៉ូវគ្នាទេ»៕