ភ្នំពេញៈ លោកគ្រូ អ្នកគ្រូ បុគ្គលិក​បម្រើការ​ក្នុង​វិស័យ​អប់រំ គ្រប់​ជាន់ថ្នាក់ ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​សរុប​ចំនួន ១៦ ​ម៉ឺន ៨ ​ពាន់​នាក់​នៅ​ទូទាំង​ ២៥ ​ខេត្ត-រាជធានី បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ ​១៩ ខណៈ​ការចាក់​វ៉ាក់សាំង​មាន​ដំណើរការ​រលូន​ទូទាំង​ប្រទេស​ចាប់តាំងពី​ថ្ងៃ​ចាប់ផ្ដើម​ចាក់​មក​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​ពី​ម្សិលមិញ​ថា តាមគោលការណ៍​របស់​រាជ​រដ្ឋាភិបាល​ក្រសួង​អប់រំ​បាន​ចាប់ផ្តើម​ដំណើរការ ការចាក់​វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ពីថ្ងៃ​ទី​ ១ ខែ​មេសា ២០២១ ជូន​ដល់​បុគ្គលិក​អប់រំ​សាធារណៈ និង​ឯកជន​ដែល​បាន​ស្ម័គ្រចិត្ត សរុប ១៦ ​ម៉ឺន ៨ ពាន់​នាក់​នៅ​ទូទាំង ២៥ ​ខេត្ត-រាជធានី​។

លោក​ថ្លែងថា​៖ «​តាំងពី​ថ្ងៃ​ទី​ ១ ខែមេសា​ដល់​ថ្ងៃ​ម្សិលមិញ​មិន​មាន​ហេតុការណ៍​គួរឱ្យ​កត់សម្គាល់​ទេ​។ ការចាក់​វ៉ាក់សាំង​មាន​ដំណើរការ​រលូន​ទូទាំង​ប្រទេស​»​។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​មិនទាន់​មាន​ទិន្នន័យ​សរុប​នៃ​អ្នក​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ១ ​នៅឡើយ​ទេ​។

ប៉ុន្ដែ​លោក​បានឱ្យដឹងថា នៅ​ភ្នំពេញ​មាន​បុគ្គលិក​អប់រំ​ស្ម័គ្រចិត្ត​ចាក់​សរុប​ចំនួន ៣៤ ៧៣១ ​នាក់ ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​ ៥ ខែមេសា​ចាក់​បាន​ ៥៨%​។ ក្រសួង​អប់រំ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ដូស​ទី​ ១ ចាប់ពី​ថ្ងៃ​ទី​ ១ ខែមេសា​ដល់​ថ្ងៃទី​ ១០ ​ខែ​មេសា​។ រីឯ​ផែនការ​ចាក់​ដូស​ទី​ ២ ​ចាប់ពី​ថ្ងៃទី​ ១៥ ខែមេសា​ ដល់​ថ្ងៃទី​ ២៤ ខែមេសា ឆ្នាំ​ ២០២១​។

បើតាម​ក្រសួង​អប់រំ ដំណើរការ​ផ្តល់​វ៉ាក់សាំង​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ដោយ​ស្មារតី​អនុគ្រោះ​កម្រិត​ខ្ពស់ ដោយ​មាន​គោលដៅ​ធានា​សុខភាព​សុខុមាលភាព និង​សុវត្ថិភាព​ជូន​បុគ្គលិក​អប់រំ​កម្ពុជា​ទាំងអស់​គ្នា​។

ក្រសួង​អប់រំ​បាន​អំពាវនាវ​ដល់​លោកគ្រូ-អ្នកគ្រូ បុគ្គលិក​អប់រំ បុគ្គលិក​បម្រើការ​ក្នុង​វិស័យ​អប់រំ គ្រប់​ជាន់ថ្នាក់ ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ទទួល​វ៉ាក់សាំង​ឱ្យ​ចុះឈ្មោះ​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ Android KhmerVacc ឬ​តាម​វេបសាយ https://cambodia-vaccine.gov.kh/patient/create ហើយ​រង់ចាំ​ទទួល​កម្មវិធី​ផ្តល់​វ៉ាក់សាំង តាម​ការរៀបចំ​របស់​ក្រសួង ឬ​មន្ទីរអប់រំ​។

អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី​ ៦ ខែមេសា បានចេញ​ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​មួយ​ដោយ​បង្ហាញថា ប្រទេស​កម្ពុជា​ គឺ​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​ ១៧ ​ផ្សេងទៀត​ក្នុង​ពិភពលោក​ដែល​បានផ្តល់​អាទិភាព​ចំពោះ​ការចាក់​វ៉ាក់សាំង​សម្រាប់​គ្រូបង្រៀន​។

យូណេស្កូ​បានឱ្យ​ដឹងថា ក្នុង​ខែ​មីនា ឆ្នាំ​ ២០២១ ​នេះ​គឺ​រយៈពេល​ ១ ​ឆ្នាំ វិបត្តិ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ អង្គការ​យូណេស្កូ និង​ក្រុមការងារ​អន្តរជាតិ​ស្តីពី​គ្រូ​សម្រាប់​ការអប់រំ​ឆ្នាំ​ ២០-៣០ បាន​ធ្វើការ​ស្ទង់មតិ​មួយ​អំពី​ប្រទេស ដើម្បី​សួរថា តើ​ប្រទេស​នានា​បាន​ផ្តល់​អាទិភាព​ដល់​គ្រូ​នៅក្នុង​ផែនការ​ជាតិ​យ៉ាងដូចម្តេច​។ ផ្អែកលើ​ទិន្នន័យ​ពី​ប្រទេស​ចំនួន​ ១៥០ រួមមាន​ទិន្នន័យ​ពី​ការស្ទង់មតិ​របស់​យូណេស្កូ យូនីសេហ្វ ធនាគារ​ពិភពលោក​ស្តីពី​ការឆ្លើយតប​ការអប់រំ​ថ្នាក់ជាតិ ចំពោះ​ការបិទ​សាលារៀន​ក្នុង​ពេល​នៃ​ការរីករាលដាល​កូវីដ​ ១៩​។

ការស្រាវជ្រាវ​បាន​រកឃើញ​ថា មានតែ​ប្រទេស​ចំនួន​ ១៧ បានផ្តល់​អាទិភាព​ដល់​គ្រូ​នៅក្នុង​ក្រុមទី​១ សម្រាប់​ការចាក់​វ៉ាក់សាំង​ក្នុង​នោះ​រួមមាន​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និង​អ៊ូសបេគីស្ថាន និង​បណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ទាប​មួយ​ចំនួន​ទៀត​រួមមាន​ប្រទេស​កម្ពុជា វៀតណាម និង ហ្គំប៊ី រវ៉ាន់ដា និង​អ៊ូហ្គង់ដា​។

យូណេស្កូ​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​ផ្តល់​អាទិភាព​ដល់​គ្រូបង្រៀន​ក្នុង​ផែនការ​ចាក់​វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ​ ១៩ ដើម្បី​ធានាថា ការអប់រំ​អាច​បន្ត​ដោយ​សុវត្ថិភាព​ហើយ​សាលារៀន​នៅតែ​បើកចំហ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បានឱ្យដឹងថា លោកស្រី​មិនបាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ទេ ព្រោះ​មាន​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម​ធ្ងន់ធ្ងរ​។ ប៉ុន្ដែ​លោកស្រី​អះអាង​ថា លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់រំ គឺ​បាន​ស្ម័គ្រចិត្ដ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ដោយ​ខ្លួនឯង​ដោយ​មិនមាន​ការបង្ខិតបង្ខំ​ឡើយ​។

លោកស្រី​បញ្ជាក់ថា​៖ «​លោកគ្រូ​អ្នកគ្រូ​ភាគច្រើន​គឺ​បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ច្រើន​គ្នា​ហើយ អ្នក​ដែល​មិនបាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង គឺ​មាន​តែ​អ្នកមាន​ជំងឺ មាន​ផ្ទៃពោះ និង​មានកូន​កំពុង​បំបៅ​ដោះ​ជាដើម​»​។ លោកស្រី​បានឱ្យ​ដឹងថា ក្រោយ​ការចាក់​វ៉ាក់សាំង លោកគ្រូ អ្នកគ្រូ បានផ្ដល់​ព័ត៌មាន​តាម​បណ្ដាញ​ក្រុម​តេឡេក្រាម​ថា គ្មាន​បញ្ហា​មិន​ប្រក្រតី​ចំពោះ​សុខភាព​ណាមួយ​កើតឡើង បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នេះ​ទេ​៕