ព្រះ​វិហារ:សមាគម​គ្រូ​បង្រៀ​ន និង​គ្រូ​មួយចំនួន​ក្នុង​ខេត្ត​ព្រះវិហារ រិះគន់​នឹង​បម្រាម​ដែល​មន្ទីរ​អប់រំ​ខេត្ត​នេះ​ ហាម​គ្រូ​បង្រៀ​ន​ទូទាំង​ខេត្ត យក​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ជា​ថ្ងៃ​ឈប់សម្រាក​របស់​សិស្សទៅ​បង្រៀ​ន​​គួរ​ក្រៅ​ម៉ោង ដោយ​ថា បម្រាម​នេះ ហាក់​រំលោភ​លើ​សិទ្ធិ​ឯកជន តែ​ក្រសួង​អប់រំ​ថា ប្រធាន​មន្ទីរ​អប់​រំ មាន​​សិទ្ធិក្នុង​ការ​ចេញ​បម្រាម​បែប​នេះ​។

លិខិត​ដែល​ចេញ​ដោយ​មន្ទីរ​អប់រំ​ខេត្តព្រះវិហារ ផ្ញើជូន​នាយក​សាលា​ទូទាំង​ខេត្តព្រះ​​វិហារ កាលពី​ថ្ងៃ​អង្គារ​បា​ន​ហាម​ ការ​បង្រៀន​គួរ​នៅ​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​បុណ្យជាតិ បុណ្យ​អន្តរជាតិ ទោះជា​ក្នុង​បរិវេណ​សាលារៀន​ក្តី ឬ​ក្រៅ​បរិវេណ​សាលារៀន​ក្តី ដោយ​អះអាងថា ការធ្វើ​បែបនេះបា​ន​​ជះឥទ្ធិពល​មិនល្អ​ មកលើ​ការ​សិក្សា​របស់​សិស្សានុសិស្សនិ​ង​​​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រសិ​ទ្ធ​​ភាព គុណភាព​ ក្នុងការ​បង្រៀន និង​រៀនដែល​បម្រាម​នេះ​ធ្វើ​ឡើ​ង ដើម្បី​ឆ្លើ​យតប​នឹង​សំណូមពរ​របស់​អាណា​ព្យា​បា​ល​​សិស្ស​។

លោក ចេ​ន លឹម​ហ៊ាន់ ប្រធា​ន​​មន្ទីរអប់រំ ​ខេត្តព្រះវិហារ បាន​បញ្ជាក់​ក្នុង​លិខិត​របស់ខ្លួន​ថា បច្ចុប្បន្ន​ការបង្រៀន​ក្រៅ​ម៉ោង (រៀន​គួរ) កំពុងមាន​ឥទ្ធិពល​មិនល្អ​ មកលើ​ការសិក្សា​របស់​សិស្សានុសិស្សម្យ៉ាងទៀត ​លោ​​ក​គ្រូ អ្នកគ្រូ​ខ្លះ​ឆ្លៀតពេល​បង្រៀ​ន​​គួរ​ថ្ងៃអា​ទិត្យ ថ្ងៃបុណ្យ​ ធ្វើ​ឲ្យ​សិស្ស​មិនមាន​ពេល​បាន​ឈប់​សម្រាក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចិត្តសាស្ត្រ​គរុកោសល្យ ធ្វើ​ឲ្យ​ការបង្រៀន និង​រៀន គ្មាន​ប្រសិទ្ធភាព និង​គុណ​ភាព។ ដូច្នេះ​លោកហាម​ដាច់​ខាត មិន​ឲ្យ​គាបសង្កត់ ឬ​បង្ខំ​សិស្ស​ឲ្យ​រៀន​គួរ​នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់សម្រាក​ឡើយ។

លោក លឹម​ហ៊ាន់​ ​ព្រមាន​ថា៖ «ករណី​លោកគ្រូ អ្នកគ្រូ​ដែល​បង្រៀន​គួរ​ មិន​អនុវត្តតាម​ការណែនាំ សូម​នាយក​សាលារាយ​ការ​ណ៍​​មក​ការិយាល័យ​អប់រំដើម្បី​មាន​​វិធានការ​រដ្ឋបាល»។

លោក ធួន ពុទ្ធ ជា​គ្រូបង្រៀន​ផ្នែក​ភាសា​អង់​គ្លេ​ស​ នៅ​​អនុវិទ្យា​ល័យ​ហ៊ុនសែន ​រវៀង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បម្រាម​នេះ បាន​រំលោភសិទ្ធិ​សេរីភាព​រប​ស់​ពួកគាត់ដែល​ជា​ទូទៅ​ ថ្ងៃ​ឈប់សម្រាក គឺជា​សិទ្ធិ​ឯកជន ​របស់​ពួកគាត់ ហើ​យ​សិស្សានុសិស្ស មាន​ជម្រើស​ក្នុងការ​មក​រៀន​គួរ​បន្ថែម​តាម​ចិត្ត​របស់​ពួកគេ។

លោក​បន្តថា ការដែល​គ្រូបង្រៀន​បើក​បង្រៀ​ន​​គួរព្រោះ​ចង់​ផ្ទេ​រចំណេះដឹង​ ទៅ​​សិស្ស​បន្ថែម ស្របពេល​កត្តា​ជីវភាព​របស់​ពួកគាត់​មិនល្អ ដែល​ត្រូវ​រក​កម្រៃបន្ថែម ក្នុង​ថ្ងៃ​ឈប់សម្រាកនេះ តែបើ​មន្ទីរ​ហាម​បែប​នេះ វា​ជា​ការបិទ​សេរី​ភាព​របស់​ពួកគាត់​តែម្តង​។

លោក​បញ្ជាក់ថា៖ «មន្ទីរ​​មាន​គោលនយោបាយ​ក្នុងការដឹកនាំ​ហ្នឹង ថា​តើ​គ្រូ​បង្ខំ​សិស្ស​មាន​មូល​ហេតុអ្វី អាហ្នឹង​យើង​រក​មូលហេតុ​ឲ្យ​ឃើញ មិនមែន​ចេះតែ​ប្រកាស​បិទ​អ៊ីចឹ​ង​ទេ ព្រោះ​​វា​មិនមែនជា​លក្ខណៈ​ទូទៅ​ទេ វា​ជា​លក្ខណៈ​បុគ្គល​ទេ។ បញ្ហា​បង្ខំ​សិស្ស​ឲ្យ​រៀន​គួរ​នេះគឺជា​រឿង​បុគ្គល ហើយ​តែ​មួយ​ចំនួន​តូច​ទេ ដូច្នេះ​មន្ទីរ​​គួរតែ​ដោះស្រាយ​ឲ្យ​ត្រូវ​សាច់រឿង មិនមែន​ចេញ​បម្រាម​បែប​នេះ​​ទេ។ យើង​សុំ​កុំ​ឲ្យ​ចេញ​​បម្រាម​ ដោយ​ទុក​ឲ្យ​សិស្ស​គាត់​សម្រេ​ច​ចិត្ត​ដោយ​ខ្លួន​គាត់ ថា ​សិស្ស​ត្រូវ​ទៅ ឬ​មិន​ចង់ទៅ​គឺ​ជា​សិទ្ធិ​របស់​គាត់ហើយ​បើ​គ្រូ​ណា​គាត់​​ចាប់បង្ខំ ប្តឹង​ផ្តល់​គាត់​ទៅ»។

លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធា​ន​​សមគម​គ្រូ​បង្រៀន​កម្ពុជា​​ឯក​​រាជ្យ​បានលើកឡើង​ស្រដៀង​គ្នា​​​​ដែរ​ថា មន្ទី​រអប់រំ​ខេត្តព្រះវិហារ មិនគួរណា​ចេញ​បម្រាម​បែបនេះ​នោះទេ។ លោកស្រី សង្កត់ធ្ងន់​ថា ទង្វើ​នេះ គឺ​រឹត​ត្បឹ​ត​ការដើរ​ហើរ និង​ការសិក្សា​របស់ក្មេងៗ និង​​ការ​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ ដែលលោក​ស្រី​យល់ថា ជាការ​ប្រសើរ​ទៅវិញ​ទេ បើ​គ្រូ​បើក​បង្រៀន​គួរ នៅ​ថ្ងៃ​ឈប់​សម្រាក ដោយ​មិន​យកម៉ោង​រដ្ឋមកបង្រៀន។

លោកស្រី​បញ្ជា​ក់ថា៖ «នេះ​ជាការ​រំលោភ​សិទ្ធិ​របស់​លោកគ្រូ អ្នកគ្រូ​យើង ជាពិសេស​គឺ​សិស្សា​នុសិ​ស្ស​យើង ព្រោះ​អី​សិទ្ធិ​របស់គាត់ នៅក្នុង​ថ្ងៃ​ឈប់សម្រាក គាត់​អត់​មាន​បាន​យក​ម៉ោង​សិក្សាទៅ​បង្រៀ​ន​គួរ​អី​ថា អ្នកគ្រូ​លោកគ្រូ​យើង​ខុស តែ​សិទ្ធិ​ឯកជន​របស់គាត់ នៅ​​ថ្ងៃ​ឈប់សម្រាក​គាត់​ចង់​ធ្វើ​អ្វី​គាត់​ចង់​បង្រៀន គាត់​ចង់​ដើរ​លេង គឺជា​សិទ្ធិ​របស់គាត់ មិន​ត្រូវ​​ស្ថាប័ន​នេះចេញ​សា​រា​ចរ បែបនេះ​ទេ»។

បើតាម​លោក រស់ សុ​វាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​ឲ្យ​ដឹងថា កន្លងទៅ​ក្រសួង​អប់រំ ធ្លា​ប់​បានចេញ​បម្រាម​ជា​ច្រើន​ដង​​មកហើយ ក្នុង​ការហាម​គ្រូ​បង្រៀន​ទូទាំងប្រទេស មិន​ឲ្យ​បង្រៀន​គួរ​ក្នុង​ម៉ោង​សិក្សា និង​នៅ​ចុង​ម៉ោង​សិក្សា ដោយ​​សារ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​ភា​ព​អប់រំ។

ប៉ុន្តែ​បើទោះជា​ក្រសួង មិន​បានចេញ​បម្រាម​ហាម​ឲ្យ​គ្រូបង្រៀន​នៅ​ខេត្តព្រះវិហារ បង្រៀន​គួរ​នៅ​ថ្ងៃ​អាទិ​ត្យុ និង​ថ្ងៃបុណ្យ​ក៏ដោយ ក៏​អ្នកនាំពាក្យ​រូបនេះអះអាងថា ករណីនេះ មន្ទីរ​អាច​ប្រើប្រាស់​សិទ្ធិរ​បស់​ខ្លួន ក្នុង​ការចេញ​បម្រាម​នានា ដើ​ម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង និង​សំណូមពរ​ពី​សំណាក់​អាណាព្យាបាលសម្រាប់​គ្រប់គ្រង​នៅក្នុង​ដែនដី​របស់ខ្លួន ព្រោះ​មន្ទីរ​មាន​សិទ្ធិ។

លោក​បញ្ជាក់ថា៖«ករណី​ដាច់​ដោយ​ឡែក​ក្នុង​ខេត្តព្រះវិហារ​នេះ គឺ​ជា​​ការគ្រប់គ្រង​ដែល​គាត់ជា​ប្រធាន​មន្ទីរ​ មាន​សិទ្ធិ​ក្នុង​ការចេញ​សេចក្តីណែនាំ យោង​ទៅ​លើ​សមត្ថកិច្ចរ​បស់​គាត់ ដោយ​ពិភាក្សា​ទៅលើ​សំណូមពរ​អាណា​​ព្យា​បាលមាតា​បិតា​រប​ស់​​សិស្ស​ជាក់ស្តែង»។

ទោះ​យ៉ាង​ណា​លោក​បញ្ជាក់​បន្តថា៖ «ការបង្រៀន​គួរ​មិនមែនជា​រឿង​​ខុស​ច្បាប់​ទេដូច​នៅក្នុង​ប្រទេស​កម្ពុ​ជា​យើង ការ​បង្រៀ​ន​​គួរ ក្រសួង​មិន​ហាម​មិន​ឲ្យ​មានការ​បង្រៀ​ន​គួរ​នោះ​សោះតែ​ម្តង​ទេគឺ (​ក្រសួ​ង) ហាម​មិន​ឲ្យ​បង្រៀន​គួរ​ក្នុង​ម៉ោ​ង​​សិក្សា ជាពិសេស​នៅ​ចុង​ម៉ោ​ង​សិក្សាដែ​ល​ប៉ះពាល់​ដល់​សុខ​ភាព​សិស្ស និង​គុណភាព​គ្រូ​តែម្តង។ ប៉ុន្តែ​ការ​បង្រៀន​គួរ​នោះត្រូវ​ស្ថិតនៅក្នុង​ការយោ​គយល់​គ្នាបាន​ន័យ​ថាឪពុក​ម្តា​យ ហើយ​ និង​សិស្ស​ជាមួយ​នឹងគ្រូមានការ​យល់ព្រម​គ្នានោះ​ការ​បង្រៀន​គួរ​មិន​ត្រូវ​បាន​ហាម​ទេ»៕