ភ្នំពេញៈ នៅ​ថ្ងៃ​ទី​ ១ ​ខែ​មេសា​​នេះ​ ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ បើក​​សិក្ខា​សាលា​ ស្តីពីការ​រៀន​តាម​រយៈ​ប្រព័ន្ធ​អេឡិច​ត្រូនិក ​“eLearning Platform” ​តាម​អនឡាញ​ ជា​មួយ​គ្រូ​បង្រៀន​តាម​បណ្តា​រាជ​ធានី​-ខេត្ត​ចំនួន​ ១០០ ​នាក់​ ដើម្បី​ស្វែង​យល់​ពីភាព​ខុស​គ្នា រ​វាង​ការ​សិក្សា​តាមប្រព័ន្ធ​​អេឡិច​ត្រូនិក ​និង​សិក្សា​ដោយ​ជួប​គ្នា​ផ្ទាល់​នៅ​ក្នុង​ថ្នាក់​។

អ្នក​ចូល​រួម​ក្នុង​សិក្ខា​សាលា ស្តីពីការររៀន​តាម​រយៈ​ប្រព័ន្ធ​អេឡិច​ត្រូនិក​នេះ​ រួម​មានគ្រូ​បង្រៀន​នៅ​សាលា​គរុកោ​សល្យ ​និង​វិក្រឹត​ការ​មជ្ឈ​មណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​ និង​វិទ្យា​ស្ថាន​គរុកោលស្យរាជ​ធានី​-ខេត្ត​ប្រមាណ ​១០០ ​នាក់​។​ ​អ្នក​ចូល​រួម​នឹង​ស្វែង​យល់​ពីភាព​ខុស​គ្នា រ​វាង​ការសិក្សា​ តាម​រយៈ​អេឡិច​ត្រូ​និក​ និង​ការ​សិក្សា​ដោយ​ជួប​គ្នា​ផ្ទាល់​។

លោក ​រស់ ​សុវាចា​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ថ្លែង​នៅ​ថ្ងៃ​ទី ​៣១ ​ខែ​មីនា​ថា ​យុទ្ធសាស្រ្ត​របស់​ក្រសួង​អប់រំ ​សម្រាប់​លើក​កម្ពស់​ការ​អប់រំ​តាម​បែបឌីជីថល ​គឺ​បញ្ជ្រាប​បច្ចេក​វិទ្យា​ព័ត៌​មាន ​និង​សារគមនា​គមន៍ ​(ប.ព.ស)​ ឱ្យ​ក្លាយ​ជា​ឧប​ករណ៍​សម្រាប់​បង្រៀន​ និង​រៀន​និង​ចែក​រំលែក​ចំណេះ​ដឹង​ ក្នុង​វិស័យ​អប់រំ​ទាំង​មូល ​សំដៅ​ឱ្យ​សិស្ស​និស្សិត​ នូវ​ចំណេះ​ដឹង​ និង​បំណិន ​ប.ព.ស ​ដើម្បី​ធ្វើ​អន្តរ​កាល​ទៅ​រក​ពិភព​ការងារ​ក្នុង​សតវត្សរ៍​ទី២១​។

លោក​​បញ្ជាក់​​ថា៖ «ក្រសួង​បាន​ប្រើ​ប្រាស់​ដំណើរ​ការ​គ្រប់​គ្រង ​និង​បែប​បទ​ការងារ​ថ្មី ​ដើម្បី​ធ្វើទំនើប​កម្ម​ការអ​នុវត្ត​ការងារ​ និង​បង្កើន​ប្រសិទ្ធ​ភាព​ តម្លា​ភាព ​និង​ភាព​ស័ក្តិ​សិទ្ធិ​ នៃ​អភិ​បាល​កិច្ច ​និង​ការ​ពិនិត្យ​តាម​ដាន​លទ្ធ​ផល​ការងារ​ ក្នុង​វិស័យ​អប់រំ​។ ក្រសួង​​ធានា​ឱ្យ​សិស្ស​និស្សិត​កម្ពុជា​គ្រប់​រូប​ បញ្ចប់​ការ​សិក្សា​ក្នុង​ប្រព័ន្ធ​មាន​ចំណេះ​ដឹង ​និង​បំណិន​ ប.ព.ស.​ ដើម្បី​មាន​លទ្ធ​ភាព​​បន្ត​ការ​សិក្សា​ និង​បំពេញ​ការងារ​វិជ្ជា​ជីវៈ​»។

បើតាម​នាយក​ដ្ឋាន​បច្ចេក​វិទ្យាព័ត៌​មាន​ នៃ​ក្រសួង​អប់រំ ការ​សិក្សា​តាម​ប្រព័ន្ធអេឡិក​ត្រូនិក ​គឺ​ជា​ការ​ប្រើ​ប្រាស់​កុំ​ព្យទ័រ ឧប​ករណ៍​វៃឆ្លាត និង​បច្ចេក​វិទ្យា​ព័ត៌មាន​ សម្រាប់​ការ​រៀន និង​បង្រៀនមាន​ដូចជា​ ការ​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​ សម្រាប់​ធ្វើ​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​​​ ក្នុង​ការ​សិក្សាពីចម្ងាយ​រវាង​គ្រូ​ និង​សិស្ស​។

ការ​សិក្សា​បែប​នេះ​ ផ្ដល់​នូវ​ភាព​បត់​​បែន​សម្រាប់​អ្នក​រៀនក៏ដូច​ជា​សម្រាប់​គ្រូ​។ អ្នក​រៀន​អាច​ជ្រើស​រើស​ល្បឿន​នៃ​ការ​រៀន ដោយ​ខ្លួន​ឯង​បាន។ កាត់​បន្ថយ​កត្ដា​រារាំងផ្សេង​ៗ ដើម្បី​ចូល​រួមក្នុង​វគ្គ​សិក្សា​ ដែល​ក្នុង​នោះ​អ្នក​​សិក្សា​ និង​គ្រូ​ អាច​ជ្រើ​ស​រើស​​​ពេល​វេលា​ និង​ទី​កន្លែង​សម្រាប់​រៀន និង​បង្រៀន មិន​បាច់​ចំណាយ​ពេល​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ មិន​ចាច់​ចំណាយ​ថ្លៃ​សម្រាប់​​កា​​រស្នាក់​នៅ និ​ងមិន​បាច់​ឈប់​សម្រាក​ពីការងារ​ដែល​កំពុង​ធ្វើ​ដើម្បី​មករៀន​ឡើយ​។

លោក ​រស់ ​សុវាចា ​បាន​បន្ថែម​ថា ​ជា​ទូទៅ​សួង​អប់រំ​ស្វាគមន៍​កិច្ច​សហការ​វិជ្ជ​មាន​ ពីសំណាក់​ក្រសួង-​ស្ថាប័ន ​និង​គ្រប់​ភាគី ពាក់​ព័ន្ធ​ ក្នុង​ការ​លើក​​កម្ពស់​ការអប់រំ​ តាម​បែប​ឌីជីថល ​ដែល​ស្រប​នឹង​ផែន​ការ​យុទ្ធ​សាស្ត្រ​វិស័យ​អប់រំ​ ២០១៩-​២០២៣ ដើម្បី​ឆ្លើយ​តប​នឹង​សេដ្ឋ​កិច្ច​ឌីជី​ថល ​របស់​រាជ​រដ្ឋា​ភិបាល​។

លោក​ថ្លែង​​ថា ដំណាក់​កាល​បន្ទាប់ ​២០១៩-២០២៣ ​និងឆ្ពោះ​ទៅឆ្នាំ​ ២០៣០ ក្រសួងអប់រំ​ ប្តេជ្ញា​​សម្រេច​​ឱ្យ​​បា​ន​គោល​ដៅ​អភិ​​វឌ្ឍន៍​ប្រកប​ដោយ​​ចីរភាព​ទី៤ ​ស្តីពី​ការអប់រំ ​ដោយ​ឈរលើ​គោលការណ៍ ​គុណ​ភាព ​សម​ធម៌ ​បរិយាបន្ន ​ការ​សិក្សា​ពេញ​មួយ​ជីវិត​ និង​ទាំង​​អស់​គ្នា​៕