សៀមរាបៈ អ្នកជំងឺ​ ៤៣ ​នាក់ ​ក្នុង​នោះ​មាន​ធ្ងន់ធ្ងរ​ ៦ ​នាក់​ កាលពី​ថ្ងៃ​ទី​ ២៤ កញ្ញា ត្រូវ​បាន​ជម្លៀស​ចេញពី​មន្ទីរពេទ្យបង្អែក​អង្គរជុំ ស្រុក​អង្គរជុំ ខេត្តសៀមរាប ហើយ​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ពួក​វិញ ដោយសារ​ទឹកជំនន់​លិច​ទីធ្លា​មន្ទីរពេទ្យ និង​ចូល​ដល់​អគារ​សម្រាក​របស់​អ្នក​ជំងឺ ប៉ុន្ដែ​មន្ត្រី​អះអាង​ថា​រហូត​មក​ដល់​ថ្ងៃទី​ ២៥ កញ្ញា ទឹក​ចាប់ផ្ដើម​ស្រក​ទៅវិញ​ខ្លះ​ហើយ ។

លោក ម៉ក់ សំអឿន ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​អង្គរជុំ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៤ កញ្ញា ថា​រហូត​មក​ដល់​ពេលនេះ​ស្ថានភាព​ទឹកជំនន់​បាន​ស្រក​ទៅវិញ​ខ្លះ​ហើយ ក្រោយពី​ទឹក​ទើបតែ​ឡើង​នៅ​យប់​ថ្ងៃទី​ ២៤ ​កញ្ញា​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​អ្នកជំងឺ​ចំនួន​ ៤៣ ​នាក់​នោះ​។

លោក​បន្ត​ថា​ក្រោយពី​មាន​ទឹកជំនន់​ចូលមក​ក្រុម​គ្រូពេទ្យ​បាន​ចល័ត​អ្នក​ជំងឺ​ទាំងអស់​ចេញពី​មន្ទីរពេទ្យ​ដោយ​បាន​បញ្ជូន​ពួកគាត់​មួយចំនួន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ពួក​វិញ​។ ក្នុងនោះ​ ៣៧ ​នាក់​ដែល​មាន​ស្ថានភាព​ធូរស្រាល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ប៉ុន្ដែ​ត្រូវបាន​គ្រូពេទ្យ​ឲ្យ​ថ្នាំ​ពួកគាត់​សម្រាប់​ហូប​ព្យាបាល​បន្ត​នៅផ្ទះ​ទៀត​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​អ្នកជំងឺ​ចំនួន​ ៦ ​នាក់​ ដែល​ស្ថានភាព​ជំងឺ​ធ្ងន់​នោះ យើង​បាន​ដឹកជញ្ជូន​គាត់​តាម​រថយន្ត​សង្គ្រោះបន្ទាន់​ទៅ​មន្ទីរពេទ្យ​ស្រុក​ពួក​។ នៅ​ស្រុក​អង្គរជុំ​នេះ​ក៏​មាន​លិច​មណ្ឌល​សុខភាព​ចំនួន​ ៥ ​ផ្សេង​ទៀត ប៉ុន្ដែ​មណ្ឌល​សុខភាព​ទាំងនោះ​មិន​មាន​អ្នកជំងឺ​ស្នាក់នៅ​ព្យាបាល​នៅ​ទី​នោះទេ​។ ដូច្នេះ​វា​មិន​សូវ​ចោទ​ជា​បញ្ហា​ដល់​អ្នកជំងឺ​ទេ​»​។

លោក​ ណុប វ៉ាន់នី ប្រធាន​មន្ទីរពេទ្យ​អង្គរជុំ​ថ្លែង​ពី​ម្សិលមិញ​ថា​ស្ថានភាព​ទឹកជំនន់​បាន​ស្រក​ទៅវិញ​ខ្លះ​ហើយ​មក​ដល់​ថ្ងៃទី​ ២៥ កញ្ញា​នេះ​។ ប៉ុន្តែ​អ្នកជំងឺ​ត្រូវ​ទុក​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ពួក​មួយរយៈ​សិន​ដោយ​មិនទាន់​កំណត់​យក​មក​វិញ​នៅពេលណា​ទេ​។

រីឯ​អ្នកជំងឺ​មក​ថ្មី​មន្ទីរពេទ្យ​ទទួល​ព្យាបាល​បន្ត​ជាធម្មតា ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅទេ​ដោយ​គ្រាន់តែ​ពិនិត្យ​រួចហើយ​ផ្តល់​ថ្នាំ​។ ទោះយ៉ាងណា​មិន​មាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ​ទេ ព្រោះ​ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​អ្នកជំងឺ​ទាំង​ ៤៣ ​នាក់​ចេញពី​មន្ទីរពេទ្យ​អង្គរជុំ​រួចរាល់​ហើយ​។

លោក​បញ្ជាក់ថា​៖ «​ទឹក​ហ្នឹង​វា​ជន់​លិច​ពី​យប់​ថ្ងៃទី​ ២៤ ​កញ្ញា​ដែល​ធ្វើឲ្យ​បុគ្គលិក​យើង​មិន​បាន​សម្រាក​ទេ គឺ​បាន​ចល័ត​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ ដើម្បី​ការពារ​កុំឲ្យ​មាន​បញ្ហា ជាពិសេស​យើង​ប្រយ័ត្ន​ការឆ្លង​ចរន្តអគ្គិសនី​ដោយ​ខ្ញុំ​បាន​បិទ​អគ្គិសនី​ទាំងអស់​។ ដំបូង​វា​លិច​ត្រឹម​ទីធ្លា​មុខ​អគារ​ហ្នឹង​ទេ តែ​បន្ដិចក្រោយ​មក​វា​ឡើង​ចូលដល់​ក្នុង​អគារ​អ្នកជំងឺ​យើង​កំពុង​ស្នាក់នៅ ហើយ​យើង​ក៏​ចាប់ផ្ដើម​ចល័ត​ពួកគាត់​ចេញ​ពី​អគារ​នោះ​»​។

លោក​ លុក ផុស អភិបាលស្រុក​អង្គរជុំ​ថ្លែង​ថា មន្ត្រី​ចម្រុះ និង​ក្រុមគ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ​អង្គរជុំ​អស់​ហើយ​។ ក្រោយពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ពួក ក្រុមគ្រូពេទ្យ​បាន​សហការ​គ្នា​ជួយ​ពួកគាត់​យ៉ាង​យកចិត្ត​ទុកដាក់ និង​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ​។

លោក​បន្ត​ថា​ទឹក​ដែល​ឡើង​មក​ខ្លាំង​ទើប​តែ​នៅ​ឆ្នាំ​ ២០១៩ ​នេះ ព្រោះ​មាន​ភ្លៀង​ធ្លាក់​ប្រហែល ៣ ​ថ្ងៃ​ជាប់ៗ​គ្នា និង​ហូរ​ចេញ​ពី​ស្រុក​វ៉ារិន​មក​ផង ទើប​បណ្ដាល​ឲ្យ​លិច​មន្ទីរពេទ្យ​បែបនេះ​។ រីឯ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​មិនមាន​ផលប៉ះពាល់​ទេ​។ ជាមួយ​គ្នា​នេះ​បរិមាណ​ទឹកភ្លៀង​មាន​កម្រិត​ ១៤០,១ មម ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ទឹកជំនន់​បាន​បណ្តាល​ឲ្យ​មាន​ការលិចលង់​ក្នុង​ឃុំ​ចំនួន​ ២ ​ផ្សេងទៀត​នៅក្នុង​ស្រុក​អង្គរជុំ គឺ​ឃុំ​ដូនពែង និង​ឃុំ​ចារឈូក ខេត្ត​សៀមរាប​។

លោក​ ផុស ​បញ្ជាក់ថា​៖ «​នៅ​តាម​មណ្ឌល​សុខភាព​ផ្សេងៗ​ទៀត​លិច​ដែរ ប៉ុន្ដែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​នៅ​អង្គរជុំ​ទេ គឺ​មណ្ឌល​សុខភាព​ទាំងនោះ​មិន​មាន​អ្នកជំងឺ​ស្នាក់នៅ ហើយ​ទោះ​យ៉ាងណា​យើង​នៅ​តែ​ទទួល​អ្នកជំងឺ​ដដែល​។ ប៉ុន្ដែ​បើ​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​គឺ​យើង​នឹង​ជួយ​ដឹកបញ្ជូន​គាត់​បន្តទៅ​មន្ទីរពេទ្យ​ផ្សេងៗ​ដែល​នៅ​ជិត​អង្គរជុំ​នេះ​»​។

តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៣ ​កញ្ញា​ ព្រមាន​ពី​ជំនន់​ទឹកភ្លៀង​នៅ​តាម​ខេត្ត​មួយចំនួន​នៅជាប់​ព្រំដែន​កម្ពុជា-ថៃ និង​ឡាវ​ក្រោយ​ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​ (ITCZ)​។ ក្រសួង​បញ្ជាក់ថា​៖ «​ស្ថានភាព​បែប​នេះ​នឹង​ធ្វើឲ្យ​នៅ​បណ្ដា​រាជធានី ខេត្ត មាន​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន និង​នៅ​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ដោយឡែក​នៅ​ថ្ងៃទី​ ២៤-២៥ ភ្លៀង​មាន​ភាពរអាក់រអួល​បន្ដិច​» ៕