កណ្តាលៈ អង្គការ​បង្ការ​ពិការភាព​កម្ពុជា (Impact Cambodia) បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ មកពី​ប្រទេស ​កាណាដា ​បាន​ផ្ដល់​ការពិនិត្យ​ព្យាបាល វះកាត់​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ដោយ​ឥតគិតថ្លៃ​ដែល​កម្មវិធី​នេះ​មាន​រយៈពេល​ ៤ ​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី​ ១៤ ​ដល់​ថ្ងៃទី​ ១៧ ខែ មករា ឆ្នាំ​ ២០២០ នៅ​មន្ទីរពេទ្យបង្អែក​ជ័យជម្នះ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។

លោក​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យបង្អែក​ជ័យជម្នះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​ចន្ទ​ថា កម្មវិធី​ពិនិត្យ​ព្យាបាល វះកាត់​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក​ដោយ​ឥតគិតថ្លៃ ដែល​គាំទ្រ​ដោយ​អង្គការ​បង្ការ​ពិការភាព​កម្ពុជា និង​ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​ប្រទេស​កាណាដា​នាពេល​នេះ​គឺ​ដើម្បី​កាត់បន្ថយ​អត្រា​អ្នកជំងឺ​នៅ​កម្ពុ​ជាពិសេស​អ្នកជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ​លំបាក​។

លោក​ មករា ​ថ្លែងថា​៖ «​តាមរយៈ​កម្មវិធី អ្នក​ដែលមាន​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក​មិន​ចាំបាច់​ទៅរក​សេវាកម្ម​ព្យាបាល​នៅក្រៅ​ប្រទេស​ដែល​នាំឲ្យ​ខាត​បង់លុយ​កាក់​ច្រើន​នោះទេ​។ សូម​បងប្អូន​ប្រញាប់​មក​ចុះឈ្មោះ ដើម្បី​ទទួល​យក​ការពិនិត្យ ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ពី​កម្មវិធី​របស់​យើង​ក្នុង​រយៈពេល​ ៤ ​ថ្ងៃនេះ​ដែល​មាន​គ្រូពេទ្យ​ជំនាញៗ​ពី​ប្រទេស​កាណាដា ចាំ​ជួយ​ពិនិត្យ​ព្យាបាល​ជូន​បងប្អូន​ដោយ​ឥតគិតថ្លៃ​»​។

បើតាម​លោក​ មករា អ្នកជំងឺ​ត្រចៀក​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា ពិបាក​ក្នុងការ​ស្ដាប់ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ក្រុមគ្រួសារ និង​សហគមន៍ ខណៈ​អ្នកជំងឺ​ច្រមុះ និង​បំពង់ក ពិបាក​ក្នុង​ការដកដង្ហើម និង​លេប​ចំណី​អាហារ ក្អក អស់កម្លាំង ក្ដៅខ្លួន ឈឺក្បាល កាត់បន្ថយ​ឃានវិញ្ញាណ ហៀរ​សំបោរ និង មិន​ឃ្លាន​ចំណីអាហារ​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​មន្ទីរពេទ្យ​ដែល​ទទួល​ពិនិត្យ​ព្យាបាល​ដោយ​វះកាត់​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក​នៅ​កម្ពុជា​មាន​តែ​ ២ ​ប៉ុណ្ណោះ គឺ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង និង​មន្ទីរពេទ្យបង្អែក​ជ័យជម្នះ​ដូច្នេះ​ការស្វែងរក​សេវា​ព្យាបាល​ជំងឺ​ទាំង​ ៣ ​ផ្នែក​នេះ មិនមែន​ជា​ការងាយស្រួល​នោះទេ​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​ពី​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​»​។

លោក​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​វេលា​ម៉ោង​ ៤ ​រសៀល​ថ្ងៃទី​ ១៣ ខែ​មករា ឆ្នាំ​ ២០២០ ក្រោយពី​មាន​ការផ្សព្វផ្សាយ​ជូនដំណឹង​អំពី​កម្មវិធី​ពិនិត្យ​ព្យាបាល វះកាត់​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​កន្លងមកនេះ មាន​អ្នកជំងឺ​ប្រមាណ ៥០ ​នាក់​ បាន​មក​ចុះឈ្មោះ ដើម្បី​ទទួល​យក​ការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​ប្រទេស​កាណាដា​ដែល​បានចាប់ផ្ដើម​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​។

លោក​បញ្ជាក់ថា​៖ «​តាម​គម្រោង គ្រូពេទ្យ​ជំនាញ​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់ក​នៃ​ប្រទេស​កាណាដា​នឹង​ទទួល​ធ្វើការ​វះកាត់​អ្នកជំងឺ​លើ​ផ្នែក​នីមួយៗ​ចំនួន ៥ ​នាក់​ក្នុង​ ១ ​ថ្ងៃ​។ ក្នុងករណី​អ្នកជំងឺ​ដែល​ត្រូវ​វះកាត់​បន្ទាន់​មាន​ចំនួន​ច្រើន​លើស​ពី​ការគ្រោងទុក ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​របស់​យើង​នឹង​ជួយ​សម្របសម្រួល​ផ្ដល់​ការវះកាត់​ជូន​ប្រជាពលរដ្ឋ​យើង​ដោយផ្ទាល់​ផងដែរ​»​។

លោក​បន្តថា អង្គការ​បង្ការ​ពិការភាព​កម្ពុជា​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​បង្អែក​ជ័យជម្នះ​តាំងពី​ឆ្នាំ​ ២០០៩ ​មក ហើយ​បាន​វះកាត់​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក​ជូន​ពលរដ្ឋ​បាន​ចំនួន​ជាង ៣ ​ពាន់​នាក់​៕