បាត់ដំបងៈ គ្រូពេទ្យបង្អែកស្រុកថ្មគោល ខេត្តបាត់ដំបងបានអះអាងកាលពីម្សិលមិញថា ករណីសិស្សនៅវិទ្យាល័យថ្មគោលដួលសន្លប់កាលពីចុងសប្ដាហ៍មុនគឺភាគច្រើនបណ្ដាលមកពីពួកគេមានបញ្ហាកង្វះជីវជាតិ ខណៈខ្លះទៀតមានបញ្ហាជំងឺពោះវៀន និងក្រពះរ៉ាំរ៉ៃ។
លោកវេជ្ជបណ្ឌិត គង់ ប៉ាក់ ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មគោលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា តាមការធ្វើតេស្ដិ៍ឈាមឃើញថា ភាគច្រើននៃសិស្សស្រីគឺបណ្ដាលមកពីកង្វះ «ជាតិស្ករ និងកាល់ស្យូម» ខណៈមួយចំនួនមានជំងឺក្រពះ និងពោះវៀនរ៉ាំរ៉ៃ។
លោក ប៉ាក់ បានពន្យល់ថា៖ «កង្វះជាតិស្ករ និងកាល់ស្យូមអាចធ្វើឲ្យស្មារតីមិនរឹងមាំឆាប់ភ័យតក់ស្លុត និងមានអាការល្ហិតល្ហៃដៃជើង អស់កម្លាំង ឈឺក្បាល វិលមុខ និងថប់ដង្ហើម។ ចំណែកជំងឺក្រពះ និង ពោះវៀនជាទូទៅធ្វើឲ្យអ្នកជំងឺមានអាការឈឺចុកចាប់ និងឆ្អល់ពោះ និងមានអាការចង់ក្អួតចង្អោរ ឈឺក្បាល វិលមុខ និងថប់ដង្ហើម»។
លោក ប៉ាក់ បន្តថា៖ «គិតត្រឹមថ្ងៃអាទិត្យ [៩ ខែធ្នូ] នេះគឺនៅសិស្សតែ ៤ នាក់ទេដែលកំពុងបន្តព្យាបាលក្នុងមន្ទីរពេទ្យយើង ចំណែក ៦០ នាក់ទៀតបានវិលទៅផ្ទះវិញហើយ» ។
ចំណែកលោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោលដែលបានដឹកនាំចុះអង្កេតលើករណីនេះប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយចុះពិនិត្យដល់សាលា និងសួរសិស្សរងគ្រោះ នៅមន្ទីរពេទ្យបានរកឃើញថា មកពីកត្តា ៥ យ៉ាងសំខាន់ៗ រួមមាន ការហូបមិនទៀងពេល រៀនហួសកម្រិត ថ្នាក់រៀនតូចចង្អៀត អាកាសធាតុ និងភ័យតក់ស្លុតតាមគ្នា។
លោក វណ្ណៈ បញ្ជាក់ថា៖ «សិស្សសន្លប់ភាគច្រើនរៀនថ្នាក់ទី ១២ និងទី ៩ ដែលឆ្នាំនេះត្រូវប្រឡង។ ពួកគេភាគច្រើនញ៉ាំអាហារមិនទៀងពេល និងកង្វះជីវជាតិ ស្របពេលដែលអាកាសធាតុក្ដៅហប់ ហើយបន្ទប់តូច ផ្ទុកសិស្សច្រើនពេកបណ្ដាលឲ្យពួកគេមួយចំនួនឈឺក្បាល និងវិលមុខ ទន់ដៃទន់ជើង ហើយដួលសន្លប់។ ឯខ្លះខ្សោយស្មារតី ពេលឃើញហេតុការណ៍ក៏ស្លុត ហើយសន្លប់តាមគ្នាតែម្ដង»។
លោក ហ៊ីង ស៊ុនថារិទ្ធ នាយកវិទ្យាល័យថ្មគោលបានទទួលស្គាល់ពីភាពចង្អៀតក្នុងថ្នាក់ ខណៈវិទ្យាល័យនេះមានត្រឹមតែ ២៥ បន្ទប់ និងមានសិស្សដល់ ២០៨៤ នាក់ ហើយបែងចែកជា ៣៣ ថ្នាក់ដែលក្នុងមួយថ្នាក់មានសិស្សពី ៦០ ដល់ ៧៥ នាក់។
លោកបញ្ជាក់ថា៖ «គោលការណ៍របស់ក្រសួងគឺថ្នាក់រៀនមួយអាចផ្ទុកសិស្សយ៉ាងច្រើន ៤៥ នាក់ប៉ុណ្ណោះ ប៉ុន្តែបើយើងអនុវត្តតាមគោលការណ៍ក្រសួង តើឲ្យសិស្សរបស់យើងទៅរៀននៅឯណា?»។
ជាមួយគ្នានេះលោកបានអំពាវនាវដល់ក្រសួង និងមន្ទីរអប់រំរួមទាំងផ្នែកពាក់ព័ន្ធនានា ជាពិសេសខាងវិស័យឯកជនជួយសង់អគារសាលារៀន ៣ ខ្នងស្មើ ១៥ បន្ទប់បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស។
បើតាមលោកគ្រូ ស៊ុំ សុជាតិ ដែលបង្រៀនផ្នែកពលរដ្ឋវិទ្យាការដួលសន្លប់នោះដំបូងគឺនៅព្រឹកថ្ងៃសុក្រមានយុវតីម្នាក់ឈ្មោះ ណាង សុខហាង រៀនថ្នាក់ទី ១១A បន្ទាប់មកនៅពេលរសៀលមានសិស្សស្រីម្នាក់ទៀតឈ្មោះ ហួរ ណាថា រៀនថ្នាក់ទី ១២ E ក៏បានដួលសន្លប់បន្តគ្នានៅថ្ងៃនោះ។
លោក សុជាតិ បានបន្តថាលុះដល់រសៀលថ្ងៃសៅរ៍ស្រាប់តែមានសិស្សស្រី ៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយរកកល់សន្លប់។
លោក សុជាតិ បញ្ជាក់ថា៖ «ក្រោយពេលឃើញហេតុការណ៍នោះសិស្សមួយចំនួនតក់ស្លុត ហើយនាំគ្នាយំរហូតដល់ទន់ដៃទន់ជើង និងដួលសន្លប់តាម ហើយពេលនោះលោកនាយកវិទ្យាល័យសម្រេចឲ្យសិស្សចេញទៅផ្ទះមុនម៉ោង ដើម្បីបន្ថយភាពចលាចល ហើយបានទូរស័ព្ទសុំកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលមូលដ្ឋាន និងខាងមន្ទីរពេទ្យឲ្យចុះជួយអន្តរាគមន៍នាំសិស្សដែលមានអាការមិនស្រួល និងដួលសន្លប់នោះទៅព្យាបាល៕