ស្វាយរៀងៈ ករណី​គ្រូពេទ្យ​នៅ​ក្រុង​ស្វាយរៀង​ផ្សំ​ថ្នាំ​ឲ្យ​បុរស​ម្នាក់​លេប​ស្លាប់ កាលពី​ថ្ងៃទី​ ៣០ កក្កដា បានចេញ​សំណង​ទៅ​ឲ្យ​ជនរងគ្រោះ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​អះអាងថា សំណុំរឿង​របស់​លោក​គ្រូពេទ្យ​រូបនោះ នគរបាល​ក្រុង​ស្វាយរៀង​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ ដោយសារ​ថា សំណុំ​រឿង​នេះ​នៅ​ជាប់​បណ្តឹងអាជ្ញា​។

លោក​ យិន ចិន្តា នាយប៉ុស្តិ៍​នគរបាល​ឃុំ​ស្វាយអង្គ ស្រុក​ស្វាយជ្រំ ប្រាប់​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ឈ្មោះ ផេង សារ៉ាន់ ភេទ​ប្រុស ឣាយុ​ ៤២ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​ខ្នុរខាងត្បូង ឃុំ​ស្វាយឣង្គ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​មាន​ប្រពន្ធ​និង​មាន​កូន​ប្រុស​ ៣ ​នាក់​។

លោក​បន្តថា បន្ទាប់ពី​កើតហេតុ​មក សាច់ញាតិ​របស់​ជនរងគ្រោះ​បាន​ធ្វើ​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​របស់​លោក ហើយ​លោក​បានធ្វើ​របាយការណ៍ និង​បញ្ជូន​ពាក្យបណ្តឹង​បន្តទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ​។ មន្ត្រីនគរបាល​រូបនេះ​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​ ៣០ កក្កដា ជនរងគ្រោះ​ហូបបាយ​ចេះតែ​អួលៗ​ចុងដង្ហើម​ហើយ​បាន​ទៅផ្ទះ​គ្រូពេទ្យ​នៅ​សង្កាត់​ចេក ក្រុង​ខេត្តស្វាយរៀង​។

លោក​បន្តថា ពេលនោះ​គ្រូពេទ្យ​បាន​ផ្សំ​ថ្នាំ​ក្រពះ​ឲ្យ​ជនរងគ្រោះ​សម្រាប់​ទុក​លេប​ ៧ ​ថ្ងៃ​។ នៅវេលា​ម៉ោង​ ៩ ​ព្រឹក​ថ្ងៃ​ដដែល​ជនរងគ្រោះ​ត្រឡប់​មកពី​ផ្ទះ​ពេទ្យ លុះដល់​ម៉ោង​ ៩ ​និង​ ២០ ​នាទី​ជនរងគ្រោះ​ចាប់ផ្តើម​លេបថ្នាំ​។ រហូតដល់​ម៉ោងជាង​ ១១ ​ព្រឹក​ជនរងគ្រោះ​មាន​អាការ​ចុក​ចុងដង្ហើម បន្ទាប់មក​បែក​ពពុះមាត់​ខ្វេ​ដៃជើង ពេលនោះ​ក្រុម​សាច់ញាតិ​បាន​ច្របាច់​ដៃជើង​ឲ្យ​រហូត​ដល់​ម៉ោង​ ១២ ​ថ្ងៃត្រង់​ជនរងគ្រោះ​ស្លាប់​តែម្តង​។

លោក​ គឹម ឡៃ នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ប្រាប់​ម្សិលមិញ​ថា សំណុំរឿង​គ្រូពេទ្យ​នោះ​កំពុងដំណើរការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅឡើយ ប៉ុន្តែ​គ្រូពេទ្យ​ឈ្មោះ​ ហ៊រ សុវណ្ណា ចេញ​សំណង​សង​ទៅ​គ្រួសារ​ជនរងគ្រោះ​ហើយ​។ លោក​បាន​ថា​៖ «​គ្រូពេទ្យ​រូបនោះ​គាត់​ចេញ​លុយ​សង​ទៅ​ឲ្យ​ប្រពន្ធ​ជនរងគ្រោះ​ហើយ តែ​ខ្ញុំ​មិនដឹង​ប៉ុន្មាន​ទេ​»​។

លោក​ ម៉ៅ សុខុន អធិការរង​នគរបាល​ក្រុង​ស្វាយរៀង​ទទួល​ផែន​យុត្តិធម៌ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ករណី​លោក​វេជ្ជបណ្ឌិត​ឈ្មោះ​ ហ៊រ សុវណ្ណា មិនបាន​រត់​ទៅណា​ទេ បន្ទាប់ពី​មាន​ហេតុការណ៍​ពាក់ព័ន្ធ​នឹង​ការ​ផ្សំ​ថ្នាំ​ឲ្យ​អ្នកជំងឺ​ស្លាប់​នោះ​។ ចំពោះ​សំណង​វិញ គ្រូពេទ្យ​រូបនោះ​បាន​ចេញ​សង​ទៅ​ប្រពន្ធ​របស់​ជនរងគ្រោះ​ហើយ​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​ដឹងថា គាត់​សងជំងឺចិត្ត​គេ តែ​ខ្ញុំ​មិនដឹង​ចំនួន​លុយ ព្រោះ​ទាំង​ ២ ​ភាគី​គាត់​សម្រុះសម្រួល​គ្នា​គាត់​»​។

មន្ត្រី​នគរបាល​ ១ ​រូប ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ប្រាប់​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា ករណី​ស្លាប់​អ្នកជំងឺ​នេះ​ខាង​គ្រូពេទ្យ​ចេញ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៤ ​ពាន់​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​ហើយ​៕