ភ្នំពេញៈ គ្រូពេទ្យ​ម្នាក់​ដែល​ត្រូវបាន​អភិបាលខេត្ត​ប៉ៃលិន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ បន្ទាប់ពី​បង្ហោះ​សារ​ពី​ភាពអសកម្ម​ដែល​ខ្លួន​បាន​ជួបប្រទះ បាន​ដាក់​ពាក្យ​បណ្តឹងតវ៉ា​មក​ក្រសួង​សុខាភិបាល និង​ក្រសួង​មុខងារសាធារណៈ​ពី​ម្សិលមិញ ដើម្បី​ស្នើឱ្យ​ស្ថាប័ន​ទាំង​ ២ ​នេះ​ជួយ​រក​យុត្តិធម៌​។

គ្រូពេទ្យ​នៅ​ខេត្ត​ប៉ៃលិន​លោក ខឹម មុនីកុសល ​ត្រូវបាន​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ចេញ​លិខិត​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​កាលពី​ថ្ងៃទី​ ១៩ មីនា ដោយ​សំអាង​ថា គ្រូពេទ្យ​រូបនេះ​បាន​ប្រព្រឹត្ត​កំហុស និង​ការឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​។

ការដក​ចេញពី​ក្របខ័ណ្ឌ​នេះ​កើត​មាន​ឡើង​ក្រោយពី​ពេល​លោក ខឹម មុនីកុសល បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា​ «​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចុះ​ប្រចាំការ​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន មិន​ជួយ​ធ្វើ​ការងារ​គ្រូពេទ្យ​ខ្លះ​នោះទេ ប៉ុន្តែ​នាំគ្នា​អង្គុយលេង Facebook ក្នុង​តង់ និង​ថតរូប​បង្អួត​គេឯង​ទៅវិញ​»​។ លោក​សរសេរ​រៀបរាប់​ទៀតថា ការងារ​ទាំងឡាយ​ទាំងពួង​គឺ​ក្រុមគ្រូពេទ្យ​ជា​អ្នកទទួល​បន្ទុក​ទាំងអស់​សូម្បី​ការរៀបចំ​បាយ​ម្ហូប​ឱ្យ​អ្នកធ្វើ​ចត្តាឡីស័ក​។

បន្ទាប់ពី​បានដាក់​ពាក្យបណ្តឹង​មក​ក្រសួង​សុខាភិបាល​ និង​ក្រសួង​មុខងារ​សាធារណៈ​លោក ខឹម មុនីកុសល ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការដែល​លោក​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​គឺ​គ្រាន់តែ​ជា​ការបញ្ចេញមតិ និង​បង្ហាញ​អារម្មណ៍​ដែល​បាន​ជួបប្រទះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

លោក​រំពឹងថា ដូច្នេះ​លោក​សង្ឃឹម​ថា ក្រសួង​ទាំង​ ២ នឹង​ផ្តល់​យុត្តិធម៌​ដល់​រូបលោក​វិញ ខណៈ​លោក​ក៏​បាន​ធ្វើលិខិត​សុំទោស ចំពោះ​ការបង្ហាញ​សារ​ទាំងនេះ ដោយ​អចេតនា​ផងដែរ​។ «​ខ្ញុំ​ដាក់​ពាក្យបណ្តឹង​នេះ គឺ​គ្រាន់​សុំ​យុត្តិធម៌​សម្រាប់​ខ្ញុំ​មកវិញ ព្រោះ​ការដក​យើង​ចេញពី​ក្របខ័ណ្ឌ​នេះ​ដូចជា​មិន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ទេ​។ យើង​សូមឱ្យ​អ្នក​ជំនាញ​ដែល​មាន​វិជ្ជាជីវៈ​ទាំង​ ២ ​ក្រសួង​នេះ លោក​ជួយ​ពិនិត្យមើល និង​ផ្តល់​ក្របខ័ណ្ឌ​មកឱ្យ​ខ្ញុំ​វិញ​»​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ពី​លោកស្រី បាន ស្រីមុំ ប៉ុន្តែ​លោកស្រី​ប្រាប់ថា កំពុង​ជាប់រវល់​ប្រជុំ​។ ចំណែក​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មិន​អាច​ទាក់ទង​បានទេ​។

ទោះយ៉ាងណា​លោក ឈឿន ប៊ុណ្ណារ័ត្ន អ្នកនាំពាក្យ​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​ថ្លែងថា ក្រសួង​នឹង​ពិនិត្យ​លើ​ឯកសារ​ដែល​គ្រូពេទ្យ​រូបនេះ​បាន​ដាក់​ចូលមក​ក្រសួង​ហើយ​នឹង​សម្រេច​នៅពេល​ក្រោយ​។

​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទេ​ថា​តើ​ការបណ្តេញ​គ្រូពេទ្យ​ម្នាក់នេះ​ចេញ​ពី​ក្របខ័ណ្ឌ​ពី​សំណាក់​អភិបាលខេត្ត​ប៉ៃលិន ត្រឹមត្រូវ​ឬ​យ៉ាងណា​នោះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ក្រសួង​រង់ចាំ​ពិនិត្យ​ឯកសារ​ផ្ទាល់​ជាមុនសិន​។ ​«​ខ្ញុំ​អាច​ជម្រាប​បាន​ថា កិច្ចការងារ​នេះ​គឺ​ស្ថិត​លើ​សមត្ថកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​ឥឡូវ​នេះ ខ្ញុំ​មិនទាន់​បានឃើញ​លិខិត​ជា​ផ្លូវការ​ណាមួយ​នោះទេ​។ ខ្ញុំ​នឹង​សួរនាំ​ផ្នែក​រដ្ឋបាល​របស់​ខ្ញុំ ហើយ​បើ​មាន​ពាក្យបណ្តឹង ខាង​ក្រសួង​នឹងមាន​ចំណាត់ការ​។ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ មិនទាន់​អាច​ឆ្លើយ​បានទេ​»​។

លោក​ យិន ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្តបាត់ដំបង និង​ប៉ៃលិន ថ្លែង​ថា​ការបង្ហោះសារ​រិះគន់​អាជ្ញាធរ​នៅក្នុង​ហ្វេសប៊ុក​របស់​គ្រូពេទ្យ​នេះ ពុំមែន​ជា​ការប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ ព្រោះ​នេះ​គឺជា​ការសម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់​។ ​បើទោះបី​គ្រូពេទ្យ​ម្នាក់នេះ​បាន​ប្រព្រឹត្ត​កំហុស​ដែល​អាជ្ញាធរ​ខេត្ត​មិន​ពេញចិត្ត ប៉ុន្តែ​ការដាក់​ទណ្ឌកម្ម​ក៏​មិន​សមាមាត្រ​ទៅនឹង​កំហុស​ដែល​គ្រូពេទ្យ​បាន​ធ្វើ​នោះដែរ​។ «​គ្រាន់តែ​គ្នា​បង្ហោះសារ​ប៉ុណ្ណឹង តើ​វា​ចាំបាច់​ក្នុង​ការចាត់​វិធានការ​ទៅលើ​រូបគាត់​? ថា​តើ​អាជ្ញាធរ​បាន​ស្រាវជ្រាវ​ថា សារ​ដែល​គាត់​បាន​បង្ហោះ​នេះ គឺជា​ការពិត​ឬ​អត់​? នេះ​គឺជា​មូលហេតុ​ជា​ការញុះញង់​ដែរ​ឬទេ​?»​។

ក្រៅពី​លើកឡើង​ដូច្នេះ​លោក ម៉េងលី រំពឹង​ថា​ក្រសួង​ទាំង​ ២ ដែល​គ្រូពេទ្យ​រូបនេះ​បាន​ស្វែងរក​កិច្ចអន្តរាគមន៍​នឹង​ជួយផ្តល់​យុត្តិធម៌​ដល់​គាត់​ឱ្យ​ទទួល​បាន​ក្របខ័ណ្ឌ​វិញ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ទាំង​ ២ ​នេះ​នឹង​ចុះ​ស្រាវជ្រាវ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​៕

វីដេអូ៖