ភ្នំពេញៈ គ្រូពេទ្យ​ ២ ​នាក់​ក្នុង​ខេត្ត​កំពង់ចាម​ដែល​បាន​ភ្លេច​កន្សែង​ពោះគោ​តូច​មួយ​នៅ​ក្នុង​ពោះ​ស្ត្រី​ម្នាក់​ បន្ទាប់ពី​ការ​វះកាត់​ឆ្លង​ទន្លេ​កាលពី​ខែ​តុលា​ឆ្នាំ​មុន ត្រូវ​បាន​ផ្ទេរ​ទៅ​តំណែង​បច្ចេកទេស​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​។ នេះ​បើ​តាម​មន្ត្រី​ម្នាក់​ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក គីម ស៊ុលភិរុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​បាន​ថ្លែង​ថា គ្រូពេទ្យ​ទាំង​ ២ ​នាក់​ត្រូវ​បាន​ផ្ទេរតំណែង​ពី​តំណែង​វះកាត់​របស់​ពួកគេ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កាលពី​ថ្ងៃទី​ ១ មីនា​។

លោក ស៊ុលភិរុន មិន​ឆ្លើយ​សំណួរ​ត្រង់​អំពី​ថា មូលហេតុ​អ្វី​អ្នក​ទាំង​ ២ ​នាក់​មិន​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ជា​ជាង​ការ​គ្រាន់​តែ​ផ្ទេរ​។ គ្រូពេទ្យ​ទាំង​ ២ ​នាក់​បាន​ធ្វើ​ជា​គ្រូពេទ្យ​វះកាត់​ចាប់​តាំងពី​ឆ្នាំ​ ២០១២​។

លោក​បាន​ថ្លែង​ថា​៖ «​ពួកគេ​ធ្វេស​ប្រហែស​នៅ​ក្នុង​ការ​វះកាត់​របស់​ខ្លួន​»​។ «​នៅពេល​យើង​ផ្ទេរ​ពួកគេ​ទៅ​កន្លែង​ថ្មី ពួកគេ​នឹង​មិន​ធ្វេសប្រហែស​ជាមួយ​អ្នកជំងឺ​ដទៃ​ទេ ដោយសារ​ការងារ​របស់​ពួកគេ​នៅ​ទី​នោះ​មាន​លក្ខណៈ​សាមញ្ញ​គឺ​អប់រំ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​គ្រុន​ចាញ់​ និង​ជំងឺ​គ្រុនឈាម​»​។

លោក​បាន​ថ្លែង​ថា​នេះ​នឹង​មិន​ធ្វើឲ្យ​ពួកគេ​ធ្វេសប្រហែស​ក្នុង​ការ​វះកាត់​នាពេល​ខាង​មុខ​។ លោក​បាន​បន្ថែម​ថា​៖ «​ពួកគេ​គ្រាន់តែ​អប់រំ​ប្រជាពលរដ្ឋ​អំពី​ [​ជំងឺ​គ្រុនចាញ់ និង​គ្រុនឈាម​] ដូច្នេះ​មិន​មាន​ការគំរាមកំហែង​ដល់​ជីវិត​»​។

ទោះ​យ៉ាង​ណា​ក្តី​ចំណាត់ការ​ដាក់​វិន័យ​ពី​គណៈ​គ្រូពេទ្យ​កម្ពុជា​នៅ​កំពុង​រង់ចាំ​នៅ​ឡើយ​។

កាលពី​ចុង​ខែ​កុម្ភៈ​អ្នកស្រី ឌីម ស្រីមុំ បាន​ទទួល​សំណង​ប្រមាណ​ ៧០០០ ​ដុល្លារ​បន្ទាប់ពី​គ្រូពេទ្យ​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មករា​បាន​រកឃើញ​កន្សែង​ពោះគោ​តូច​មួយ​នៅក្នុង​ពោះ​របស់​អ្នកស្រី​បន្ទាប់ពី​ការ​វះកាត់​ម្តង​ទៀត​។ អ្នកស្រី​បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរក​ការព្យាបាល​បន្ទាប់ពី​មាន​ការឈឺ​ចុកចាប់​ខ្លាំង​នៅ​ក្នុង​ពោះ​របស់​អ្នកស្រី​។

អ្នកស្រី មុំ មកពី​ស្រុក​កងមាស​បាន​ឆ្លង​ទន្លេ​កូនប្រុស​តាមរយៈ​ការវះកាត់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម​កាលពី​ខែ​តុលា​។ លោក ជុំ សុផា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​សុខភាព និង​អភិវឌ្ឍន៍​បាន​ថ្លែង​ថា​ទោសទណ្ឌ​វិន័យ​ដែល​គ្រូពេទ្យ​ទទួល​គឺ​មិន​គ្រប់គ្រាន់​ទេ​។ ប្រសិន​បើ​វា​គ្រាន់តែ​ជា​ការ​ផ្ទេរ​វា​មិន​សមស្រប​ទេ​។ វា​មិនមាន​ការដាក់​ទោសទណ្ឌ​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ កម្ពុជា​បាន​និង​កំពុង​ព្យាយាម​កែលម្អ​ជំនាញ​គ្រូពេទ្យ​ដែល​ផ្តល់​ការវះកាត់​៕ PS

រាយការណ៍​បន្ថែមៈ Yesenia Amaro