
ក្រុមគ្រូពេទ្យកំពុងសួរនាំអ្នកទៅផ្តល់សំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១។ រូបថត TYDA
ភ្នំពេញៈ ការធ្វើការផ្ទាល់ជាមួយនឹងអ្នកជំងឺឆ្លងដ៏កាចសាហាវ ការធ្វើការលើសម៉ោង ការស្លៀកពាក់ខោអាវ ឃ្លុំជិតៗ តាំងពីក្បាលរហូតដល់ចុងជើង ដើម្បីទប់ស្កាត់ការឆ្លងមេរោគដែលធ្វើឱ្យថប់ពិបាកដកដង្ហើម និងការរស់នៅបែកឆ្ងាយពីគ្រួសារ គឺជាទុក្ខលំបាករបស់គ្រូពេទ្យក្នុងអំឡុងពេលដែលជំងឺកូវីដ ១៩ កំពុងតែរីករាលដាល។
ក្នុងស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលហៅថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជំងឺកូវីដកំពុងតែមានការរីករាលដាលធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមកដែលថ្ងៃខ្លះមានអ្នកឆ្លងរហូតដល់ជាង ១០០ នាក់ បានធ្វើឱ្យគ្រូពេទ្យដែលត្រូវបានគេចាត់ទុកថា ជាកងទ័ពអាវសជួរមុខគឺកាន់តែមានការមមាញឹកខ្លាំងឡើងថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា៖ «ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះគ្រូពេទ្យរបស់យើងបានចូលរួមយ៉ាងសកម្មជាមួយទឹកចិត្តដ៏អង់អាច ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា និងប្រយុទ្ធប្រឆាំងកូវីដ ១៩»។
លោកនាយករដ្ឋមន្ត្រីបានអរគុណដល់ក្រុមគ្រូពេទ្យ ដែលជាខ្សែត្រៀមទី១ ក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិក្នុងកាល:ទេស:ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ លោកលើកឡើងថា៖ «គ្រូពេទ្យបានលះបង់កម្លាំងកាយចិត្ត ឃ្លាតពីផ្ទះ ឃ្លាតពីគ្រួសារ ដើម្បីបុព្វហេតុសុខភាពមួយប្រទេស»។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «សម្តេចតេជោ» និងក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាលកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយស្មារតីទទួលខុសត្រូវខ្ពស់ដោយបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ ក្តីសុខផ្ទាល់ខ្លួន ដោយត្រូវធ្វើការតាំងពីព្រលឹមរហូតដល់ជាងពាក់កណ្តាលអធ្រាត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។
លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន «សម្តេចតេជោ» ហៅកាត់ (TYDA) បានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅឯមន្ទីរពេទ្យស្ត្រី នគរទេព ដែលត្រូវយកធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ បានថ្លែងថា ការឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានសភាពធ្ងន់ធ្ងរជាងលើកមុនៗដែលធ្វើឲ្យក្រុមគ្រូពេទ្យកាន់តែមមាញឹក និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការងារនេះ។ លោកស្រីបញ្ជាក់ថា៖ «ឃើញគ្រូពេទ្យយើងហត់ណាស់ ធ្វើការយកសំណាក។ មិនមែនតែក្រុមគ្រូពេទ្យពួកខ្ញុំទេគឺគ្រូពេទ្យដែលព្យាបាលនៅជួរមុខនៅមន្ទីរពេទ្យផ្សេងៗក៏ពួកគាត់ហត់ខ្លាំងមែនទែន»។
លោកស្រី ពេជ ចន្ទមុន្នី មានប្រសាសន៍ដោយសំឡេងក្តុកក្តួលថា៖ «ខ្ញុំ និងក្រុមគ្រូពេទ្យនឹងនៅជាមួយអ្នកទាំងអស់គ្នា ដើម្បីបិទការឆ្លងសហគមន៍ ២០ កុម្ភៈ។ ប៉ុន្តែជាមួយគ្នានេះដែរខ្ញុំសូមអង្វរហើយ អង្វរទៀតដល់បងប្អូនប្រជាពលរដ្ឋយើង យើងខ្ញុំជួយបានទាល់តែបងប្អូនប្រជាពលរដ្ឋជួយសហការជាមួយក្រុមគ្រូពេទ្យដែរ»។
បើតាមលោកស្រី ចន្ទមុន្នី ក្រុមគ្រូពេទ្យក្នុង ១ ថ្ងៃ ធ្វើការចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ១ ឬម៉ោង ២ ទៀបភ្លឺ បានមានពេលដូរវេនចូលសម្រាក។ «សូម្បីអ្នកពាក់ PPE (សម្លៀកបំពាក់ពេទ្យការពារមេរោគ) ៣ ម៉ោងអី ទើបបានញុំាទឹកម្តង គាត់ហត់មែនទែន»។ លោកស្រីបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ទាំងក្រុមគ្រូពេទ្យ TYDA និងក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ដែលកំពុងព្យាបាលអ្នកជំងឺផ្សេងៗ ដោយលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំធ្វើការងារនេះខ្ញុំដឹងខ្លួនឯង ពីព្រោះពួកយើងដែលធ្វើការងារនេះចេញទៅក្រៅអត់បានទេក្នុង ២ អាទិត្យនេះ (អំឡុងពេលឆ្លងសហគមន៍) គាត់ធ្វើការក្នុងមន្ទីរពេទ្យជាប់ បន្ទាប់មកគាត់ត្រូវធ្វើចត្តាឡីស័កខ្លួនឯង។ គាត់បែកពីកូន ប្រពន្ធ គ្រួសារ រយៈពេល ១ ខែ ទាំងក្រុមគ្រូពេទ្យរបស់ពួកខ្ញុំ អ្នកខ្លះមិនដែលជួបមុខ ប្រពន្ធ ប្តី កូនទេ។ អ៊ីចឹងអរគុណមែនទែនទោះជាជួបឧបសគ្គយ៉ាងណាក៏គាត់នៅបន្តទៅ ដើម្បីឱ្យបញ្ចប់ការឆ្លងសហគមន៍ឆាប់»។
លោកស្រី ចន្ទមុន្នី ឲ្យដឹងថា បច្ចុប្បន្នគ្រូពេទ្យស្ម័គ្រចិត្តយុវជន «សម្តេចតេជោ» ប្រមាណ ៤៣០ នាក់ កំពុងបម្រើការងារយ៉ាងសស្រាក់សស្រាំ និងកំពុងជ្រើសរើសគ្រូពេទ្យ ៣៥០ នាក់ផ្សេងទៀត ដើម្បីហ្វឹកហ្វឺនដែលពួកគាត់នឹងត្រូវទៅព្យាបាលអ្នកជំងឺកូវីដដោយផ្ទាល់តែម្តង។
លោកស្រីលើកឡើងទៀតថា៖ «នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់តែក៏ត្រូវស៊ូទ្រាំស្ម័គ្រចិត្តធ្វើដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាចមិនមែនខ្ញុំមិនតក់ស្លុតក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ ១៩នោះទេ ហើយក៏មិនមែនខ្ញុំមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ»។
លោកស្រីថា៖ «ខ្ញុំក៏មានជីវិត ១ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែខ្ញុំត្រូវតែពុះពារដើម្បីសេចក្តីសុខរបស់ប្រជាជនខ្ញុំ»។
លោកស្រីបានលើកឡើងពីផ្នត់គំនិតរបស់គ្រូពេទ្យថា៖ «កាយចិត្ត (គ្រូពេទ្យ) ពិតជាមិនចង់ឱ្យអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យាបាលចង់ឱ្យពួកគាត់ឆាប់ជា ដើម្បីត្រឡប់ទៅផ្ទះ ជួបជុំគ្រួសារវិញ ទើបខ្ញុំត្រូវលះបង់ខ្លួនឯង ប្រឡូកជាមួយមេរោគដែលយើងមើលមិនឃើញនេះព្រោះខ្ញុំក៏សង្ឃឹមថានឹងបានឆាប់ចប់ ត្រឡប់ទៅជួបជុំគ្រួសារខ្ញុំវិញដែរ»។

គ្រូពេទ្យកំពុងយកសំណាកពីពលរដ្ឋដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ១៩ពីថ្ងៃ ២៨ មីនា។ រូបថត TYDA
ខណៈដែលជំងឺកូវីដកំពុងតែផ្ទុះរាលដាលខ្លាំង ក្រុមគ្រូពេទ្យជួរមុខបានខិតខំធ្វើការសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃឈរហាលថ្ងៃហាលខ្យល់ ក្តៅរាប់ម៉ោងនៅមុខផ្ទះអ្នកឆ្លង ឬអ្នកដែលសង្ស័យថា ឆ្លងមេរោគកូវីដ ក្នុងសម្លៀកបំពាក់ដែលហប់ពិបាកដកដង្ហើម ដើម្បីទទួលអ្នកជំងឺ និងដឹកយកទៅព្យាបាល។ នេះជាសាររបស់គ្រូពេទ្យម្នាក់ដែលកំពុងបម្រើការងារនៅជួរមុខ។
គ្រូពេទ្យរូបនេះលើកឡើងថា៖ «អ្នកពាក់ម៉ាស់ថា ហប់ ពិបាកដកដង្ហើម តែខ្ញុំគិតថា វាងាយស្រួលឆ្ងាយណាស់ជាងដកដង្ហើមតាមបំពង់ខ្យល់។ អ្នកថាអផ្សុកណាស់នៅក្នុងផ្ទះមិនបានជួបជុំមិត្តភក្តិ ដើរផឹកស៊ី ចូលហូបតាមហាងនានាតែខ្ញុំគិតថា ការនៅផ្ទះរបស់អ្នក វាងាយស្រួលឆ្ងាយណាស់ ឆ្ងាយជាងការរស់នៅក្នុងពេទ្យ»។
លោកបានដាស់តឿនថា៖ «សូមអ្នកយល់ថាជីវិតអ្នកមានតម្លៃនៅពេលជំងឺមិនទាន់មកដល់តែពេលអ្នកឆ្លងជំងឺ អ្នកនឹងយល់ថា ការជាសះស្បើយពីជំងឺពិតជាមានតម្លៃណាស់។ ខ្ញុំលះបង់គ្រួសារស្នាក់នៅពេទ្យ ដើម្បីព្យាបាលអ្នកជំងឺ... តើអ្នកអាចជួយខ្ញុំ ដើម្បីកុំឱ្យក្លាយជាអ្នកជំងឺម្នាក់ទៀតបានទេ?»។
គ្រូពេទ្យម្នាក់ទៀតដែលប្រចាំការព្យាបាលអ្នកជំងឺនៅសណ្ឋាគារ The Great Duke ក៏បានបង្ហោះសារដែរថា៖ «ខ្ញុំមិនមានរូបដែលស្អាតផុសទេ មានតែមុខបែបនេះ (មុខស្នាមដោយសារពាក់របាំងមុខ) ព្រោះដើម្បីបងប្អូន និងដើម្បីជាតិ ដែលយើងគ្រប់គ្នាជាកងទ័ពអាវសខំការពារប្រជាជនទូទាំងប្រទេសឱ្យចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា»។
លោកវេជ្ជបណ្ឌិត សេរី វាសនា គ្រូពេទ្យស្ម័គ្រចិត្តយុវជន «សម្តេចតេជោ» បាននិយាយរៀបរាប់នៅក្នុងវីដេអូអប់រំមួយថា អាវដែលលោកកំពុងពាក់នេះ «ជាអាវ PPE កម្រិត ៣ (អាវការពារមេរោគ) វាហប់ខ្លាំង ពាក់សម្រាប់ប៉ះជាមួយអ្នកជំងឺដែលមកធ្វើតេស្តផ្ទាល់ ប៉ះផ្ទាល់ជាមួយអ្នកជំងឺ យើងត្រូវពាក់កម្រិត ៣ ដើម្បីការពារ»។ សូម្បីតែក្រុមគ្រួសាររបស់លោកក៏មានការភ័យខ្លាចដែរនៅពេលដែលលោកចុះប្រឡូកដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដដែលជាជំងឺឆ្លងដ៏កាចសាហាវ។ ប៉ុន្តែដោយសារតែលោកបានពន្យល់ពួកគាត់អំពីកាតព្វកិច្ចរបស់គ្រូពេទ្យដែលត្រូវព្យាបាលជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺទើបក្រុមគ្រួសារស្ងប់ចិត្ត។
លោកគ្រូពេទ្យម្នាក់ទៀតថ្លែងថា៖ «រៀងរាល់ពេលនៅពេលដែលសួរថា ភ័យ? ប្រាកដជាភ័យ ប្រាកដជាខ្លាច ប៉ុន្តែជាកាតព្វកិច្ចរបស់យើង ដែលត្រូវបំពេញ ដើម្បីជួយប្រជាជនរបស់យើងឱ្យរួចផុតពីជំងឺកាចសាហាវនេះ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសថ្លែងថា ក្នុងកាលៈទេសៈនេះក្រុមគ្រូពេទ្យបានដើរតួនាទីយ៉ាងសំខាន់ ដោយពួកគាត់បានលះបង់ទាំងកម្លាំងកាយចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោកស្រីថា៖ «បញ្ហាប្រឈមរបស់គ្រូពេទ្យ គឺជាការសំខាន់ បើសិនជាគ្រូពេទ្យមិនមានសាមគ្គីភាពទេ គឺនឹងមានបញ្ហាក្នុងការចាត់ចែង ពិនិត្យព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋ»។ មួយទៀតដែលក្រុមគ្រូពេទ្យត្រូវធ្វើ «គឺការពាក់ខោអាវមិនមែនស្រួលទេណា គ្រាន់តែពាក់ខោអាវអាចចំណាយពេលកន្លះម៉ោងទម្រាំពាក់ឱ្យត្រូវ។ បើយើងប្រើមិនត្រូវខោអាវនោះ នឹងក្លាយទៅជាអ្នកចម្លងកូវីដ ១៩ ដល់គាត់ (គ្រូពេទ្យ) ហើយ»។
លោកស្រីបន្តថា៖ «ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះក្រុមគ្រូពេទ្យ យើងឃើញហើយថា ក្រុមគ្រូពេទ្យយើងអត់បានសម្រាកទេ ទាំងយប់ទាំងថ្ងៃ គាត់ខំណាស់ ប៉ុន្តែអ្វីដែលសំខាន់គឺការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណា កុំឱ្យវីរុសកូវីដនេះមកសម្លាប់យើងទៀត ជីវិតមានតម្លៃណាស់»។
លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសដែលបានឆ្លងជំងឺកូវីដ និងត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke បានថ្លែងទាំងអួលដើមករថា៖ «ខ្ញុំឃើញថា គ្រូពេទ្យ ប្រឹងប្រែងធ្វើការខ្លាំងមែនទែន អ្វីដែលខ្ញុំអាណិតខ្លោចចិត្តខ្លាំងគាត់ (ពេទ្យ) ហប់ប៉ុនណា ហើយគាត់ធ្វើការរហ័សដូចជាកូនទាហានអ៊ីចឹង។ ទាំងអស់នេះហើយធ្វើឱ្យខ្ញុំរំភើបចិត្ត ហើយខ្ញុំគិតថា ខ្ញុំមិនដឹងជួយគាត់ ឬតបស្នងយ៉ាងម៉េចទេឱ្យស័ក្ដិសមទឹកចិត្តរបស់ក្រុមគ្រូពេទ្យដែលយើងឱ្យឈ្មោះគាត់ថាជា កងទ័ពអាវសជួរមុខ»។
លោកលើកឡើងថា ទោះបីជារូបលោកបានគេងព្យាបាលនៅមន្ទីរពេទ្យដាច់ដោយឡែកធ្វើឲ្យនឹកដល់គ្រួសារក្តី ប៉ុន្តែរូបលោកនៅមន្ទីរពេទ្យនេះមានភាពកក់ក្តៅ ដោយសារលោកគ្រូ-អ្នកគ្រូពេទ្យទាំងអស់ គឺយកចិត្តទុកដាក់។ «ឱ្យតែឮសូរយើងក្អកក្តៅតិចតួចគឺគាត់ (ពេទ្យ) ស្ទុះទៅយកថ្នាំមកព្យាបាលយើង អ៊ីចឹងហើយខ្ញុំកក់ក្តៅក្នុងចិត្តថា លោកគ្រូពេទ្យបានផ្តល់នូវការថែទាំដ៏ល្អមកដល់ពួកខ្ញុំទាំងអស់គ្នា»។
របាយការណ៍របស់ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៩ មីនា អ្នកមានវីរុសកូវីដ១៩ សរុបមាន ២ ២៧៣ នាក់ អ្នកជាសះស្បើយ ១ ១៧២ នាក់ អ្នកកំពុងព្យាបាល ១ ០៨៧ នាក់ និងអ្នកស្លាប់ ១១ នាក់។ ជាមួយគ្នានេះគិតត្រឹមថ្ងៃទី ២៨ ខែមីនា ក្រសួងបានចាក់វ៉ាក់សាំងកូវីដ ១៩ ជូនជនស៊ីវិលទូទាំងប្រទេសបានចំនួន ២៥២ ៥០៧ នាក់៕