បាត់ដំបងៈ សំឡេងទ្រហោយំពីសំណាក់ក្រុមគ្រួសារបានឮឡើងនៅពេលដែលរថយន្តដឹកជនជាប់សង្ស័យជាគ្រូពេទ្យអត់អាជ្ញាប័ណ្ណដែលបានបង្កឲ្យប្រជាពលរដ្ឋជាង ២០០ នាក់នៅក្នុងភូមិរកា ស្រុកសង្កែ ឆ្លងមេរោគអេដស៍ស្របពេលដែលជនសង្ស័យបានបដិសេធរាល់ការចោទប្រកាន់របស់តុលាការក្នុងសវនាការលើកដំបូងកាលពីម្សិលមិញ។
នៅក្នុងសវនាការដែលមានការរឹតបន្ដឹងដោយមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានយកប៊ិកសៀវភៅចូលដោយធ្វើការឆែកឆេរតាំងពីស្មារហូតដល់ចុងជើងមុនអនុញ្ញាតឲ្យចូលស្តាប់សវនាការប៉ុន្តែអ្នកសារព័ត៌មានរបស់ទូរទស្សន៍ក្នុងស្រុកមួយរូបប្រចាំនៅខេត្តបាត់ដំបងត្រូវបានតុលាការឲ្យចូលថតរូបរយៈពេលខ្លីនៅពេលចាប់ផ្តើមសវនាការដំបូងស្របពេលដែលជនសង្ស័យនៅបន្តដាក់ខ្នោះដៃនៅក្នុងបន្ទប់សវនាការបើទោះបីជាមន្ត្រីតុលាការបានចូលក្នុងបន្ទប់សវនាការហើយក៏ដោយ។
លោក យ៉ែម ជ្រិន ដែលជាជនជាប់សង្ស័យបានថ្លែងនៅក្នុងអង្គសវនាការបន្ទាប់ពីចៅក្រមបានអានចប់បទចោទមកលើរូបគាត់ទាំងបីចំណុចថាលោកសុំបដិសេធបទចោទទាំងបីមកលើរូបលោកពីព្រោះលោកមិនបានដឹងរឿងនោះទេលោកគ្រាន់តែជាគ្រូពេទ្យម្នាក់ព្យាបាលអ្នកជំងឺឲ្យជាតែប៉ុណ្ណោះ។
លោកបានថ្លែងទាំងលើកដៃសំពះចៅក្រមថា៖ «ខ្ញុំសុំឲ្យតុលាការមេត្តារកយុត្តិធម៌ដល់រូបខ្ញុំដោយធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ទាក់ទិនទៅនឹងបញ្ហានេះ។ ខ្ញុំមិនមានគំនុំអីជាមួយពួកគាត់ទេគឺខ្ញុំព្យាបាលដើម្បីឲ្យពួកគាត់ជាសះស្បើយគ្រួសារខ្លះក្រខ្ញុំព្យាបាលឲ្យគាត់នៅពេលណាដែលមានលុយឲ្យក៏បាន»។
លោក យ៉ែម ជ្រិន ត្រូវបានតុលាការចោទប្រកាន់ ៣ បទល្មើសគឺទី ១ ប្រព្រឹត្តក្នុងចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃតាមមាត្រា ១៨, ៥០ នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍,ទី ២ ឃាតកម្មដោយអំពើឃោរឃៅតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ និងទី ៣ បើកកន្លែងពិគ្រោះព្យាបាលជំងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
លោក ជ្រិន បានថ្លែងបន្តនៅក្នុងរង្វង់ក្រចកសេះទៅកាន់តុលាការថាលោកបានចាប់ផ្តើមប្រកបមុខរបរនេះបន្ទាប់ពីរូបលោកបានត្រឡប់មកពីជំរំនៅប្រទេសថៃវិញនៅក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែពលរដ្ឋក្នុងភូមិចាប់ផ្តើមស្គាល់លោកចាប់តាំងពីឆ្នាំ ១៩៩៥ រហូតដល់សព្វថ្ងៃ។ លោកតែងតែជិះម៉ូតូទៅចាក់ថ្នាំឲ្យពលរដ្ឋនៅក្នុងភូមិនៅពេលដែលគេតេមករករូបលោកឲ្យជួយព្យាបាល។
លោកបានថ្លែងថា៖ «ខ្ញុំរៀនពេទ្យនៅជំរំជាមួយគ្រូពេទ្យបរទេសពីឆ្នាំ ១៩៨២ ខ្ញុំយល់ពីវិជ្ជាពេទ្យ ប៉ុន្តែកាលពីចាប់ផ្តើមធ្វើពេទ្យនៅភូមិរកាដំបូងចន្លោះឆ្នាំ ១៩៩៥ ពុំសូវមានស៊ីរ៉ាំងប៉ុន្មានទេដូច្នេះស៊ីរ៉ាំងដែលប្រើហើយយកទៅស្រុសទឹកក្តៅដើម្បីទុកព្យាបាលបន្តហើយខ្ញុំធ្លាប់ព្យាបាលគ្រួសារមួយប្រមាណជា ១០ នាក់ផ្ទុកមេរោគអេដស៍ប៉ុន្តែពួកគាត់ស្លាប់អស់ហើយនៅសល់តែកូនមួយទេ»។

ផ្ទុយពីការលើកឡើងរបស់លោក យ៉ែម ជ្រិន លោក ហេង លុយ ព្រះរាជអាជ្ញារងប្រចាំខេត្តបាត់ដំបងបានលើកឡើងនៅក្នុងអង្គសវនាការថាលោកគ្រូពេទ្យកំពុងតែឆ្លើយលាក់បាំងការពិតដែលខុសពីការឆ្លើយលើកដំបូងនៅក្នុងដំណាក់កាលស៊ើបសួរនៅប៉ូលិស។
លោកថ្លែងថា៖ «គាត់ថាឲ្យថ្នាំច្រើនជាងចាក់មិនបានប្រើស៊ីរ៉ាំងពីរដងប៉ុន្តែភ័ស្តុតាងនៅក្នុងកាបូបរបស់គាត់បានបង្ហាញទាំងស៊ីរ៉ាំងចាស់ និងថ្មី។ គាត់កំពុងតែនិយាយលាក់បាំង»។
ជាមួយគ្នានោះដែរលោក ស្រី យ៉ិច ឈាណាវី ចៅក្រមជម្រះបានពន្យល់នៅក្នុងអង្គសវនាការទៅដល់ជនជាប់ចោទថាលោកចង់និយាយប្រាប់តុលាការលោកនិយាយពីព្រោះនៅក្នុងច្បាប់មានស្ថានសម្រាលស្ថានទម្ងន់ និងស្ថានដាក់ទម្ងន់ទោស។
លោកស្រីថា៖ «លោកត្រូវតែនិយាយពាក្យពិតដើម្បីឲ្យតុលាការស្វែងរកយុត្តិធម៌ដល់រូបលោកព្រោះពេលនេះលោកពុំទាន់មានទោសទេលោកគ្រាន់តែត្រូវបានតុលាការចោទប្រកាន់តែប៉ុណ្ណោះ»។
អង្គុយទាំងទឹកមុខអស់សង្ឃឹមនៅខាងមុខតុលាការលោកតា សម ឡម អាយុ ៨១ ឆ្នាំដែលជាអាចារ្យវត្តផ្ទុកមេរោគអេដស៍ហើយក៏ជាដើមបណ្តឹងបានថ្លែងថាលោកតាបានស្រឡញ់លោកគ្រូពេទ្យនោះដូចជាកូនជាចៅនៅក្នុងភូមិលោកពុំដែលគិតថាគាត់គិតអាក្រក់នោះទេ។
លោកតាថ្លែងថា៖ «ខ្ញុំគ្រាន់តែចង់ឲ្យគាត់សងថ្លៃជំងឺចិត្ត ៥ លានរៀលហើយឲ្យតុលាការផ្ទន្ទាទោសគាត់តាមច្បាប់»។
មិនខុសពីគ្នាលោក លឿម ឡោម អាយុ ៥២ ឆ្នាំដែលអះអាងថាជាអ្នកដែលដឹងថាផ្ទុកមេរោគអេដស៍ដំបូងគេនៅក្នុងភូមិបានថ្លែងថាបច្ចុប្បន្ននេះពលរដ្ឋដែលផ្ទុកមេរោគនេះនៅក្នុងភូមិគឺមួយថ្ងៃកាត់មួយថ្ងៃកោរហើយមិនអាចទៅរកស៊ីអ្វីបាននោះទេគឺនៅតែផ្ទះតែប៉ុណ្ណោះដូច្នេះបានជាលោកដាក់ពាក្យបណ្តឹងមកតុលាការដើម្បីឲ្យជួយរកយុត្តិធម៌ដល់ពួកលោក និងទាមទារប្រាក់សំណងខ្លះ។
លោកបានថ្លែងថា៖ «ខ្ញុំលក់គោអស់ ១០ ក្បាលដើម្បីមើលជំងឺហើយជំងឺរបស់ខ្ញុំនោះលោកគ្រូពេទ្យ ជ្រិន ថាជំងឺពោះវៀនដូច្នេះខ្ញុំសូមឲ្យតុលាការបង្គាប់ឲ្យគាត់សងជំងឺចិត្តខ្ញុំ ១០ លានរៀលហើយកាត់ទោសគាត់ទៅតាមច្បាប់ពីព្រោះប្រជាជនយើងមួយភូមិមានមេរោគនេះដោយសារតែគាត់»។
យំស្រែកនៅខាងមុខតុលាការជាមួយនឹងកូនស្រី ៤ នាក់របស់លោកគ្រូពេទ្យរូបនោះអ្នកស្រី ឃួន ចិន្តា អាយុ ៤៥ឆ្នាំដែលជាភរិយារបស់លោកគ្រូពេទ្យនោះបានថ្លែងថាប្តីរបស់អ្នកស្រីគឺជាមនុស្សល្អហើយតែងតែយកអាសាគេនៅក្នុងភូមិគាត់មិនដែលមានបំណងណាទៅធ្វើបាបប្រជាជននោះទេគាត់ជួយមនុស្សតាំងតែពីនៅជំរំរហូតមកដល់ភូមិរកានេះ។
អ្នកស្រីថ្លែងថា៖ «ប្តីខ្ញុំស្លូតបូតណាស់មេត្តាជួយរកយុត្តិធម៌ដល់គាត់ផងហើយដោយសារតែគាត់ជាប់គុកកូនខ្ញុំបានឈប់រៀនអស់ហើយ»។
អ្នកស្រី ឡាយ សាវ៉ន បងថ្លៃលោកគ្រូពេទ្យ ជ្រិន បានថ្លែងទាំងទឹកភ្នែកថាពីមុនអ្នកស្រីស្អប់គ្រូពេទ្យដោយសារតែគ្រូពេទ្យពុំសូវយកចិត្តទុកដាក់ដល់អ្នកជំងឺប៉ុន្តែនៅពេលដែលអ្នកស្រីស្គាល់ប្អូនថ្លៃមកគឺខុសពីពេទ្យគេគឺស្លូតបូត និងជួយអ្នកជំងឺនៅពេលដែលគេត្រូវការ។ អ្នកស្រីថ្លែងថា៖ «ខ្ញុំក៏ផ្ទុកមេរោគដែរតែខ្ញុំមិនខឹងប្អូនទេពីព្រោះគ្នាព្យាបាលដើម្បីឲ្យជាមិនមែនឲ្យយើងងាប់ទេតែមិនដឹងមកពីស្អីបានទៅជាបែបនេះ»។
យំរត់តាមមើលមុខឪពុកដែលប៉ូលិសនាំចូលបន្ទប់សវនាការ ជ្រិន តុលា ដែលជាកូនស្រីទី ២ បានថ្លែងទាំងទឹកភ្នែកថាឪពុករបស់នាងបានប្រាប់នាងថាឲ្យខំសិក្សានៅពេលដែលនាងបានចូលទៅសួរសុខទុក្ខនៅពន្ធនាគារប៉ុន្តែនាងមិនអាចធ្វើបានគឺនាងបានព្យួរការសិក្សារបស់នាងរួចទៅហើយ។
នាងបានថ្លែងថា៖ «ខ្ញុំរៀនឆ្នាំទី ៣ នៅសាកលវិទ្យាល័យបៀលប្រាយនៅខេត្តប៉ុន្តែចាប់តាំងពីប៉ាជាប់ពន្ធនាគារខ្ញុំក៏សម្រេចចិត្តថាឈប់រៀនដោយសារតែអត់លុយបង់ថ្លៃសាលា។ សូមតុលាការមេត្តារកយុត្តិធម៌ឲ្យប៉ាខ្ញុំផងវាអយុត្តិធម៌ណាស់សម្រាប់គាត់»។
គួរបញ្ជាក់ថាករណីនៃការរីករាលដាលឆ្លងមេរោគអេសដស៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងនេះបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០១៤ រហូតមកដល់ពេលនេះមានមនុស្ស ២៩០ នាក់បានផ្ទុកមេរោគអេដស៍ក្នុងចំណោមនោះមានចំនួនអ្នកស្លាប់ ១០ នាក់គឺស្រី ៦ នាក់ និងបុរស ៤ នាក់។
កាលពីថ្ងៃទី ៩ មករាកន្លងមកក្រសួងសុខាភិបាលអង្គការសុខភាពពិភពលោក និងអង្គការយូអិនអេដស៍បានចេញសេចក្តីប្រកាសព័ត៌មានរួមដោយបញ្ជាក់ថាលទ្ធផលនៃការសិក្សាស្រាវជ្រាវរកប្រភពនៃការឆ្លងរាលដាលមេរោគអេដស៍ដែលរួមបញ្ចូលទាំងការសិក្សាលើករណីឆ្លង និងមិនឆ្លងមេរោគអេដស៍បង្ហាញថាអ្នកឆ្លងមេរោគអេដស៍ដែលបានចាក់ថ្នាំ និងចាក់ស៊ីរ៉ូមមានកម្រិតខ្ពស់ជាងអ្នកមិនឆ្លងមេរោគអេដស៍៕