ភ្នំពេញៈ លោក ពេជ្រ ព្រហ្មមុនី គ្រូមន្តអាគម និងជាអ្នកជំនិតលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដែលតុលាការភ្នំពេញគ្រោងដោះលែងនៅខែធ្នូខាងមុខនេះបានរងចោទនូវបទល្មើសថ្មីមួយទៀតដែលអាចនឹងត្រូវឃុំខ្លួនបន្ត។ នេះបើតាមមេធាវីរបស់ជនជាប់ចោទ។
មេធាវីការពារជនជាប់ចោទលោក ផេង ស៊ីដេត បានប្រាប់ពីម្សិលមិញថា លោក ពេជ្រ ព្រហ្មមុនី ត្រូវបានតំណាងអយ្យលោកព្រះរាជអាជ្ញារង លី សុផាណា ចោទពីបទ «ជំនួញឥទ្ធិពលអកម្ម» តាមមាត្រា ៥៩៥ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការទទួលអំណោយតាមរយៈមេធាវីអ្នកស្រី កែវ សារី ម្តាយលោក ថោង សារ៉ាត់។
លោកថា៖ «ខាងមេធាវីនោះបានអញ្ជើញគាត់ទៅញ៉ាំបាយនៅភោជនីយដ្ឋានមួយនៅថ្ងៃចូលឆ្នាំចិនហើយក៏ជូនកាដូស្រាមួយដបតែគ្មានលុយទេអ៊ីចឹង ហើយកូនក្តីខ្ញុំក៏បានទទួលយកតាមការគួរសម»។
លោកមេធាវី ផេង ស៊ីដេត បានហៅការចោទនេះថាជារឿងអយុត្តិធម៌សម្រាប់កូនក្តីលោកដែលហៀបនឹងត្រូវដោះលែងទៅហើយនោះ។
លោកថា៖ «ខ្ញុំជឿថា បុណ្យបាបគឺមានយុត្តិធម៌នៅតែមានការចោទនេះគ្មានភ័ស្តុតាងទាល់តែសោះតុលាការគប្បីពិចារណាពីព្យសនកម្មដែលអាចកើតមានចំពោះកូនក្តីរបស់ខ្ញុំចំពោះរឿងនេះ»។
លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញបានបដិសេធអធិប្បាយដោយតបថា៖ «បើដឹងតាមមេធាវីម៉េចមិនសួរមេធាវីទៅ។ វាប៉ះពាល់ដល់ដំណើរការប្រព័ន្ធស៊ើបអង្កេតខ្ញុំមិនអាចបញ្ជាក់អីបានទេ»។
បើតាម លោកមេធាវី ផេង ស៊ីដេត រឿងថ្មីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតដឹកនាំដោយលោកចៅក្រម តុប ឈុនឡុង។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក តុប ឈុនឡុង បានទេកាលពីម្សិលមិញ។
តាមមាត្រា ៥៩៥ និងមាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ «បទជំនួញឥទ្ធិពលអកម្ម» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ៕