The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូ​បង្រៀន​ទាមទារ​ឲ្យ​ផ្តល់​ការ​ធានា​រ៉ាប់រង​សុខភាព




គ្រូ​បង្រៀន​ទាមទារ​ឲ្យ​ផ្តល់​ការ​ធានា​រ៉ាប់រង​សុខភាព

គ្រូ​បង្រៀន​ទាមទារ​ឲ្យ​ផ្តល់​ការ​ធានា​រ៉ាប់រង​សុខភាព

20140519_07
គ្រូបង្រៀននៅក្នុងវគ្គបណ្តុះបណ្តាលមួយ កាលពីខែមីនា ហុង មិនា

តាកែវៈ គ្រូ​បង្រៀន​នៅ​សាលា​រដ្ឋ​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ការ​ធានា​រ៉ាប់​រង​ដល់​សុខភាព​ខណៈ​ដែល​ប្រាក់​ខែ​ដ៏​តិច​តួច​របស់​ពួកគេ​ពុំ​អាច​មាន​លទ្ធភាព​យក​ទៅ​លៃលក​ទិញ​ធានា​រ៉ាប់រង​សុខភាព​បាន។

កាល​ពី​ម្សិលមិញ​គ្រូ​បង្រៀន​ចំនួន ៤០ នាក់​នៅ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ចូល​រួម​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ធានា​រ៉ាប់​រង​សុខភាព​ក្នុង​អំឡុង​កិច្ច​ប្រជុំ​សមាគម​គ្រូ​បង្រៀន​កម្ពុជា ឯករាជ្យ​ដែល​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អាជ្ញាធរ​ស្រុក។

លោក តេក តុងលឹម អភិបាល ស្រុក​ត្រាំកក់ បាន​ព្យាយាម​រារាំង​គ្រូ​បង្រៀន​កុំ​ឲ្យ​ប្រមូល​ផ្តុំ​គ្នា កាល​ពី​ម្សិលមិញ ដោយ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កាល​ពី​ថ្ងៃ​សុក្រ ជូន​ដំណឹង​ពួកគេ​ថា កិច្ច​ប្រជុំ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​នៅ​ថ្ងៃ​អាទិត្យ។ ទោះ​ជា​យ៉ាង​ណា គ្រូ​បង្រៀន​បាន​ជួប​ប្រជុំ​គ្នា ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ បើ​យោង​តាម​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ ខេត្ត​តាកែវ។ ក្នុង​អំឡុង​កិច្ច​ប្រជុំ គ្រូ​បង្រៀន​បាន​ត្អួញ​ត្អែរ​អំពី​ការ​គ្មាន​លទ្ធភាព​ក្នុង​ការ​បង់​ថ្លៃ​ថែទាំ​សុខភាព​ជា​មូលដ្ឋាន នោះ​មិន​ទាន់​គិត​ពី​ជំងឺ​ធ្ងន់ធ្ងរ​ទៀត​ផង។

លោក ង៉ែត នាង គ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា ខ្លា​គ្រហឹម នៅ ខេត្ត​តាកែវ បាន​ថ្លែង​ថា៖ «កាល​ពី​ឆ្នាំ​មុន​ខ្ញុំ​មាន​ជំងឺ​ឈឺ​ក...ហើយ​ខ្ញុំ​បាន​ចំណាយ​ប្រាក់​អស់​ជាង ៣០ ដុល្លារ ដើម្បី​ព្យាបាល។ វា​មិន​ច្រើន​ទេ សម្រាប់​អ្នក​មាន ប៉ុន្តែ​វា​ច្រើន​ណាស់​សម្រាប់​ខ្ញុំ»។ គ្រូ​បង្រៀន ដែល​ជា​មធ្យម​ទទួល​បាន​ប្រាក់​ខែ ១០០ ដុល្លារ​ក្នុង​មួយ​ខែ​បាន​ធ្វើ​ការ​អំពាវនាវ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​សមរម្យ​ដល់​ពួកគេ ហើយ​កាល​ពី ខែ​មករា គ្រូ​បង្រៀន​រាប់​រយ​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ ២៥០ ដុល្លារ​ក្នុង​មួយ​ខែ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ថ្លែង​ថា កូដកម្ម​នា​ពេល​ខាង​មុខ​នេះ នឹង​បន្ថែម​ការ​ធានា​រ៉ាប់​រង​សុខភាព​ក្នុង​បញ្ជី​ទាមទារ។ លោក​បន្ថែម​ថា៖ «ប្រសិន​បើ​គ្រូ​ទទួល​បាន​នូវ​ការ​ធានា​រ៉ាប់​រង​សុខភាព​វា​នឹង​ជួយ​ពួកគេ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ»។

កម្ពុជា ចំណាយ​ថវិកា​តិច​ជាង​គេ លើ​ការ​ថែទាំ​សុខភាព​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ដោយ​ផ្តល់​ប្រាក់​តែ ៥០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​នាក់ កាល​ពី ឆ្នាំ​២០១២ បើ​ធៀប​នឹង​ចំណាយ​មធ្យម​ប្រចាំ​តំបន់​លើស​ពី ៧០០ ដុល្លារ​អាមេរិក។ ខណៈ​ដែល ថៃ មាន​ការ​ថែទាំ​សុខភាព​ជា​ទូទៅ​ចាប់​តាំង​ពី ឆ្នាំ​២០០២ មក ហើយ វៀតណាម គ្រោង​នឹង​ពង្រីក​ប្រព័ន្ធ​សង្គម​របស់​ខ្លួន​ពី ៦៤ ភាគរយ​ឲ្យ​ដល់​ប្រជាជន​ទាំង​អស់​នៅ​ចុង​ឆ្នាំ​នេះ​សេចក្តី​ប្រកាស​របស់​របប​សន្តិសុខ​សង្គម​ជាតិ​កម្ពុជា កាល​ពី​ខែ​មុន ចាប់​ផ្តើម​ផ្តល់​ការ​ធានា​រ៉ាប់រង​សុខភាព​ដល់​កម្មករ​នោះ​ពុំ​ទទួល​បាន​នូវ​ការ​ជឿ​ជាក់​ទេ។

មន្រ្តី​ក្រសួង​សុខាភិបាល​ម្នាក់​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​លោក​គ្មាន​សិទិ្ធ និយាយ​ទៅ​កាន់​សារព័ត៌មាន​នោះ កាល​ពី​ម្សិលមិញ បាន​ចំអក ចំពោះ​គំនិត​ដែល​ចង់​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​ការ​ធានា​រ៉ាប់​រង​សុខភាព​ដល់​មន្រ្តី​រាជការ​ដោយ​លោក​ថ្លែង​ថា ក្នុង​ពេល​ឆាប់ៗ​នេះ វា​មិន​អាច​កើត​ឡើង​បាន​ទេ។ លោក ហង្ស ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ ពុំ​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ៕ TK

រាយការណ៍​បន្ថែម​ដោយ Laignee Barron

អត្ថបទគួរចាប់អារម្មណ៍