តាកែវៈ គ្រូបង្រៀននៅសាលាបឋមសិក្សា សម៉រ ក្នុងស្រុក ទ្រាំង ខេត្ត តាកែវ ចំនួនបីនាក់ ត្រូវផ្ទេរឲ្យទៅបង្រៀននៅសាលាផ្សេង បន្ទាប់ពីបានទៅចូលរួមគាំទ្រគណបក្សប្រឆាំង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិកន្លងមក។
លោក ចៀម ចិន អាយុ ២៩ ឆ្នាំ ជាលេខាសាលាបឋមសិក្សា សម៉រ និងជាអ្នកស្រង់វត្តមានគ្រូកាលពីម្សិលមិញបានប្រាប់ថា លោកនិងគ្រូបង្រៀនពីរនាក់ទៀតត្រូវនាយកផ្ទេរឲ្យទៅធ្វើការនៅ សាលាផ្សេងឆ្ងាយពីផ្ទះរាប់គីឡូ។
លោកថា៖ «នាយកស្ដីទីបានចេញលិខិតផ្ទេរឲ្យយើងចេញពីសាលា ទៅធ្វើការនៅសាលាផ្សេង ដែលឆ្ងាយពីផ្ទះ។ គាត់ប្រាប់ថា ខ្ញុំបានធ្វើខុសដូចជាអវត្តមានជាង ២០ ដង ក្នុងរយៈពេលពីរខែ មិនគោរពវិន័យសាលា និងបង្កភាពអនាធិបតេយ្យនៅសាលារៀនជាដើម។ មូលហេតុទាំងនេះ ជាការចោទប្រកាន់ខុសមកលើរូបខ្ញុំ។ តើខ្ញុំអាចអវត្តមានយ៉ាងម៉េច បើខ្ញុំជាអ្នកដើរស្រង់វត្តមានគ្រូៗក្នុងសាលារៀននេះ»។
លោក ចៀម ចិន លើកឡើងថា នាយកសាលាស្ដីទីនេះមិនបានជូនដំណឹងជាមុនទេពីការផ្ទេរទៅសាលាផ្សេងនេះ ប៉ុន្តែ គាត់បានទទួលលិខិតផ្ទេរនេះពីអ្នកភូមិទៅវិញ។ លោកអះអាងថា៖ «នាយកគួរតែមានការប្រជុំ និងហៅយើងទៅប្រាប់ពីកំហុស ឬក៏ធ្វើការណែនាំជាមុន តែគាត់មិនបានធ្វើដូច្នេះឡើយ។ ខ្ញុំគិតថា ការផ្ទេរពួកខ្ញុំចេញនេះ គឺទាក់ទងនឹងបញ្ហានយោបាយ»។
លោក ចៀម ចិន បន្តថា៖ «ពួកយើងបីនាក់បានចូលរួមយុទ្ធនាការរកសំឡេងឆ្នោតជាមួយគណបក្ស សង្គ្រោះជាតិ នៅក្រៅម៉ោងធ្វើការឬថ្ងៃអាទិត្យ។ យើងមិនបានលួចម៉ោងធ្វើការនោះទេ»។
លោក ចៀម ចិន លោក ជឹម វណ្ណៈ និងលោក ឃ្លាំង ច័ន្ទតារា ត្រូវផ្ទេរឲ្យទៅបង្រៀននៅសាលាផ្សេងៗពីគ្នា។
លោក ចិន បន្តថា៖ «ខ្ញុំមិនអាចទទួលយកនូវអ្វី ដែលគេបានធ្វើចំពោះយើងឡើយ។ ខ្ញុំសូមអំពាវនាវទៅមន្ត្រីក្រសួង អប់រំ ចុះមកពិនិត្យនិងស៊ើបអង្កេតពីករណីនេះ។ បើខ្ញុំខុសដូចគេចោទមែន ខ្ញុំសប្បាយចិត្តនឹងចាកចេញ»។ លោកថា វាអយុត្តិធម៌ណាស់ ដែលមន្ទីរ ការិយាល័យ អប់រំ រួមទាំងនាយកសាលាបានសមគំនិតគ្នា ក្នុងការផ្ទេររូបលោកនេះ។
គ្រូបង្រៀនទាំងបីនាក់បានដាក់ពាក្យបណ្ដឹងទៅអង្គការសិទ្ធិមនុស្ស អាដហុក លីកាដូ និងស្ថាប័នពាក់ព័ន្ធនានាផងដែរ ប៉ុន្តែ នៅមិនទាន់ទទួលបានកិច្ចជួយអន្តរាគមន៍នៅឡើយ។
លោក នី ចន្ទតារាវុធ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) ប្រចាំខេត្ត តាកែវ ពីម្សិលមិញថា សមាគមលោកនឹងដាក់ពាក្យបណ្ដឹងនេះទៅតុលាការដើម្បីស៊ើបអង្កេតរឿងនេះ។
លោកថ្លែងថា៖ «យើងចង់ឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យឡើងវិញ និងស៊ើបអង្កេតពីករណីរបស់គ្រូបង្រៀនទាំងនេះ ព្រោះខ្ញុំគិតថា ករណីនេះពាក់ព័ន្ធនឹងបញ្ហានយោបាយ ដោយសារតែពួកគាត់គាំទ្រគណបក្សសង្គ្រោះជាតិ»។
លោក នី ចន្ទតារាវុធ លើកឡើងថា សមាគម CITA បានដាក់ពាក្យបណ្ដឹងទៅក្រសួង អប់រំ ដើម្បីស៊ើបអង្កេតករណីនេះផងដែរ ហើយថា នៅមិនទាន់បានទទួលការឆ្លើយតបនៅឡើយ។
លោក ឆឹង សត្យា នាយកសាលាបឋមសិក្សា សម៉រ បានបញ្ជាក់ថា ការផ្ទេរគ្រូបីនាក់នេះមិនពាក់ព័ន្ធនឹងបញ្ហានយោបាយទេ គឺធ្វើទៅតាមច្បាប់ ព្រោះពួកគាត់មិនគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា។ លោកអះអាងថា៖ «ការផ្ទេរពួកគាត់ទៅសាលាផ្សេងនេះ មិនដោយសារតែពួកគាត់គាំទ្រគណបក្ស សង្គ្រោះជាតិទេ ប៉ុន្តែគឺពួកគាត់មិនគោរពវិន័យសាលា និងអវត្តមានច្រើន»។
លោក សត្យា បញ្ជាក់ដែរថា នាយកស្ដីទីបានរាយការណ៍ពីសកម្មភាពគ្រូទាំងបីនាក់នេះ ពេលលោកជាប់បំពេញការងារជាមន្ត្រីបោះឆ្នោតខេត្ត ហើយគណៈគ្រប់គ្រងសាលា ក៏បានប្រជុំអំពីករណីគ្រូទាំងបីនាក់នេះដែរមុនសម្រេចផ្ទេរគាត់ទៅកន្លែងធ្វើការថ្មី៕ PN