The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូ​វិទ្យាល័យ​បី​នៅ​រវៀង ត្អូញ​បាត់​ប្រាក់​ម៉ោង ៦ ខែ

គ្រូ​វិទ្យាល័យ​បី​នៅ​រវៀង ត្អូញ​បាត់​ប្រាក់​ម៉ោង ៦ ខែ

គ្រូ​វិទ្យាល័យ​បី​នៅ​រវៀង ត្អូញ​បាត់​ប្រាក់​ម៉ោង ៦ ខែ

ព្រះវិហារៈ លោក​គ្រូ​អ្នក​គ្រូ​ប្រមាណ​១១០​នាក់​នៅ​វិទ្យាល័យ ៣​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ បាន​ត្អូញ​ត្អែរ​ពី​ការ​បាត់​ប្រាក់​ម៉ោង​បន្ថែម​និង​ប្រាក់​ឧបត្ថម្ភ​ប្រាក់​តំបន់​ដាច់​ស្រយាល BP ជាង​៦ខែ​មក​ម្ល៉េះ ហើយ​ខាង​មន្ទីរ​អប់រំ​ខេត្ត​ក៏​មិន ឃើញ​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ។

គ្រូ៥នាក់ មាន​អ្នក​គ្រូម្នាក់​ផង តំណាង​ឲ្យ​វិទ្យាល័យ​ជាស៊ីម​ត្បែង​មាន​ជ័យ វិទ្យាល័យ​ក្រពុំ​ឈូក​និង​វិទ្យាល័យ​រវៀង ក្នុង​ស្រុក​រវៀង​បាន​រៀប​រាប់​ប្រាប់​ពី​ម្សិល​មិញ​ថា ពួក​គាត់​មិន​បាន​បើក​ប្រាក់​ម៉ោង​បន្ថែម​២ត្រី​មាស​ហើយ មិន​ដឹង​ថា​ប្រាក់​នោះ​នៅ​ទើរ​ត្រឹម​ណា​ទេ។

លោកគ្រូ​នៅ​វិទ្យាល័យ​រវៀង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹង​ថា ប្រាក់​ម៉ោង​បន្ថែម​របស់​គាត់ ក្នុង​១​សប្តាហ៍ ៦២៤០០​រៀល សរុប​ទៅ​២ត្រី​មាស​ហើយ​មិន​ទាន់​បាន​បើក​ទេ នេះ​មិន​គិត​ពី​ប្រាក់ PB ផង ដែល​ក្នុង​១ខែ ត្រូវ​ទទួល​បាន​ពី៥​ទៅ​៦ពាន់​រៀល​តាម​ឋានៈ ហើយ​ទើប​តែ​បើក​បាន​៤ខែ​ទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក។

លោក​ប្រាប់​ថា៖​«គ្រូ​គ្មាន​អ្វី​រំពឹង​ក្រៅ​ពី​ប្រាក់​ខែ​ទេ​ហើយ​បើ​ថ្នាក់​លើ​មិន​គិត​គូរ​បើក​ឲ្យ​ទេ​នោះ ពួក​ខ្ញុំ​ត្រូវ​ប្រឈម​នឹង​ជីវភាព​ខ្វះ​ខាត​ជា​ខ្លាំង​ព្រោះ​មិន​អាច​ទប់​ទល់​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​បាន»។ ​លោក ត្អូញ​ថា៖ «ការ​ខក​ខាន​ពី​១ខែ​ទៅ​១ខែ​បែប​នេះ ពួកខ្ញុំ​គិត​ធ្វើ​លិខិត​ទៅ​ថ្នាក់​លើ​ដែរ ប៉ុន្តែ​បើ​ចេញ​មុខ​ខ្លាំង​នឹង​ត្រូវ​គេ​កត់​សម្គាល់​ទុក។ ដូចនេះ​ម្នាក់ៗ​ចេះ​តែ​រង់​ចាំ​ដូច​ចាំម៉ែ​មក​ពី​ផ្សារ​អ៊ីចឹង»។

លោកគ្រូ​នៅ​វិទ្យាល័យ​រវៀង​ម្នាក់​ទៀត​បន្ត​ថា ពួក​គាត់​បាន​ជួប​បញ្ហា​ជា​ខ្លាំង​ក្នុង​ជីវភាព បើ​ថ្នាក់​លើ​មិន​ទម្លាក់​ប្រាក់​នេះ​មក​ឲ្យ​ឆាប់ៗ​ទេ​នោះ ព្រោះ​ប្រាក់​នេះ​ជា​ប្រាក់​បង្រៀន​ក្រៅ​ម៉ោង ប្រសិន​ពួកគាត់​យក​ម៉ោង​នោះ​ទៅ​ប្រកប​កិច្ចការ​អ្វី​ផ្សេង ក៏​បាន​ប្រាក់​ដែរ។

អ្នកគ្រូ​ម្នាក់​ទៀត​នៅ​វិទ្យាល័យ​ជាស៊ីម​ត្បែង​មាន​ជ័យ តំណាង​ឲ្យ​គ្រូ​ជាង​៨០​នាក់​បាន​ឲ្យ​ដឹង​ដែរ​ថា​ពួក​គាត់​មិន​បាន​បើក​ប្រាក់​ម៉ោង​បន្ថែម​នេះ​ចាប់​តាំង​ពី​ឆ្នាំ​សិក្សា​២០១១​-២០១២ ហើយ​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​សួរ​នាំអី​ដែរ ហើយ​រឿង​នេះ​ក៏​ចេះ​តែ​ស្ងាត់​ទៅៗ។

អ្នកគ្រូ​ត្អូញ​ត្អែរ​ថា៖ «ខ្ញុំ​គ្រាន់​តែ​ឮថា​បើកៗ ប៉ុន្តែ​ចេះ​តែ​រង់ចាំ​ជាង​កន្លះ​ឆ្នាំ​ហើយ​ទើប​តែ​បើក​បាន​១​ត្រី​មាស បាន​ជាង​៧០​ម៉ឺន​រៀល​នៅ​២​ត្រី​មាស​ទៀត ប៉ុន្តែ​ខ្ញុំ​គិត​ថា​ទោះ​ជា​យ៉ាង​ណា ក៏ចេះ​តែ​ទ្រាំ​ទៅ​ព្រោះ​ម៉ោង​នេះ​គេ​ឲ្យ​ក្រៅ​ដែរ​ទេ​បើ​គេ​មិន​ឲ្យ ក៏​អត់​ជា​ដដែល​ទេ»។

លោកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ក្រពុំ​ឈូក​១រូប​ទៀត​បាន​ត្អួញ​ដែរ​ថា ការ​យឺត​យ៉ាវ​នេះ​មិន​ដឹង​ខាង​សាលា​ធ្វើ​បែប​បទ​យឺត​ឬ​ខាង​មន្ទីរ​អប់រំ​ខេត្ត​យឺត​ទេ ប៉ុន្តែ​សម្រាប់​ពួក​គាត់​ទ្រាំ​ហួស​ពី​ទ្រាំ​ទៅ​ហើយ។

លោក​ពន្យល់​ថា ប្រាក់​ម៉ោង​បន្ថែម​នេះ​បើ​គ្រូ​បឋម​ភូមិ​បង្រៀន​ក្នុង​១ម៉ោង​បាន​២៦០០​រៀល​ទេ​តែ​បើ​គ្រូ​ថ្នាក់​មធ្យម​សិក្សា​ក្នុង​១ម៉ោង​បាន​៥២០០​រៀល។ ឯ​ប្រាក់​PB​ក្នុង​១ខែ​បាន​៥-៦​ពាន់​រៀល។

លោក ពៅ លីហៀង នាយក​វិទ្យាល័យ​ជា​ស៊ីម​ត្បែង​មាន​ជ័យ​បាន​បក​ស្រាយ​ប្រាប់​ពី​ម្សិល​មិញ​ថា បញ្ហា​ប្រាក់​ម៉ោង​នៅ​វិទ្យាល័យ​លោក​យឺត ២​ត្រី​មាស​ហើយ ឯកសារ​ក៏​បញ្ជូន​ទៅ​អស់​ដែរ គ្រាន់​តែ​លុយ​មិន​ទាន់​ធ្លាក់​មក។

លោកបញ្ជាក់​ថា៖ «លុយ​របប​គ្រូ​ទាំង​នោះ​មិន​បាត់​ទៅ​ណា​ទេ​វា​មាន​ខ្ទង់​ចំណាយ​អស់​ហើយ»។

លោក នាន់ បូរ៉ា ប្រធាន​ការិយា​ល័យ​ផែនការ​គណនេយ្យ​នៃ​មន្ទីរ​អប់រំ​ខេត្ត​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា បញ្ហា​គឺ​មក​ពី​លោក​នាយក​វិទ្យា​ល័យ​ទាំង​នោះ បញ្ជូន​ឯកសារ​ឡើង​មក​យឺត ប៉ុន្តែ​«ប្រាក់​ម៉ោង​នេះ​បាន​មក​ដល់​ខេត្ត​ហើយ»។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​លើក​ថា រឿង​នេះ​កើត​ឡើង​ដដែលៗ ប្រាក់​ទាំង​នេះ​ត្រូវ​តែ​បញ្ជូន​ឲ្យ​ទាន់​ពេល។ ខាង​ក្រសួង​អប់រំ​គួរ​ពិនិត្យ​ឡើង​វិញ ព្រោះ​ប្រាក់​ខែ​គ្រូ​ទប់​តម្លៃ​ទំនិញ​មិន​បាន​ទេ៕

អត្ថបទគួរចាប់អារម្មណ៍