
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់តវ៉ានៅមុខវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ លោកគ្រូ និង អ្នកគ្រូរួមទាំងសិស្សានុសិស្សនៅក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ ប្រមាណជាង ១០០ នាក់បានប្រមូលផ្ដុំគ្នានៅមុខ និងក្នុងបរិវេណសាលាប្រឆាំងទៅលើការអនុវត្តរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានសម្រេចផ្ទេរតួនាទីនាយកវិទ្យាល័យ និងគោលនយោបាយស្ដីពីសាលារៀនជំនាន់ថ្មីដែលជាគោលបំណងពង្រឹងគុណភាពនៅក្នុងប្រព័ន្ធអប់រំទាំងមូល។
យោងតាមសារដែលបានសរសេរនៅលើបដាបានឲ្យដឹងថា លោកគ្រូ និងអ្នកគ្រូរួមទាំងសិស្សបានអំពាវនាវដល់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយសុំរក្សាទុកលោក មូល ស៊ុយហេង នៅជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិបន្ត ហើយបានចាត់ទុកថាគោលនយោបាយស្ដីពីសាលារៀនជំនាន់ថ្មីនឹងបង្កើតឲ្យមានភាពរើសអើងក្នុងចំណោម គ្រូ សិស្ស និងគណៈគ្រប់គ្រងសាលារួមទាំងប្រឆាំងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
សារលើបដាទាំងនោះបានបង្ហាញឲ្យដឹងថា៖ «សាលាជំនាន់ថ្មីបានធ្វើឲ្យសិស្ស និងសិស្ស គ្រូ និងគ្រូ និងគណៈគ្រប់គ្រងមានការរើសអើងគ្នា និងគ្នា»។ «ការបង្កើតសាលាជំនាន់ថ្មីនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិធ្វើឲ្យបាត់បង់បេតិកភណ្ឌជាតិ»។ «សូមសម្ដេចជួយលោកគ្រូ អ្នកគ្រូដែលគាត់បង្រៀនជាយូរណាស់មកហើយ»។
លោកស្រី ណុប សាវុធ គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យានៃវិទ្យាល័យព្រះស៊ីសុវត្ថិតាំងពីឆ្នាំ ១៩៩៩ មកបានអះអាងនៅក្នុងការតវ៉ានោះថាលោក មូល ស៊ុយហេង នាយកវិទ្យាល័យមិនដែលប្រព្រឹត្ដកំហុសអ្វីទេ ហើយក៏មិនដែលធ្វើឲ្យកូនចៅអាក់អន់ចិត្ដដែរ ដូច្នេះក្រុមអ្នកគ្រូមិនយល់ព្រមចំពោះការផ្ទេរតួនាទីនេះទេ។
លោកស្រី សាវុធ បានថ្លែងថា៖ «ធម្មតាពេលគេចង់ដក គេតែងតែទម្លាក់កំហុសអីមកគាត់ហើយ។ ទីបំផុតដល់ពេលពួកយើងតវ៉ា ទើបគេថា មកពីគាត់មានសមត្ថភាពទើបផ្ទេរគាត់»។
យុវតី សំ ថារី សិស្សវិទ្យាល័យស៊ីសុវត្ថិ បានអះអាងថា៖ «ខ្ញុំយល់ថាមានភាពអយុត្ដិធម៌ច្រើន ព្រោះនៅតាមស្ថាប័ន ឬក្រសួងមួយការដកតួនាទីអ្វីមួយត្រូវតែមានការចូលរួមការបោះឆ្នោតពីបុគ្គលិកនៅស្ថាប័ននោះ។ ព្រោះប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ ហេតុអ្វីក៏មិនអនុវត្ដតាមលទ្ធិប្រជាធិបតេយ្យអ៊ីចឹង»។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ការផ្ទេរភារកិច្ចគឺជាដំណើរការនៃការអនុវត្តទូទៅរបស់ក្រសួងអប់រំប៉ុណ្ណោះ។
លោក ខាំបូលី ថ្លែងថា៖ «រឿងការផ្ទេរភារកិច្ចមន្ដ្រីនៃក្រសួងអប់រំ មិនមែនជារឿងចម្លែកទេ យើងតែងតែធ្វើឡើងជារៀងរាល់ពេលតាមតម្រូវការចាំបាច់ណាមួយនៃការផ្ទេរភារកិច្ច។ ក្រសួងនឹងផ្ទេរគាត់ពីនាយកវិទ្យាល័យព្រះស៊ីសុវត្ថិទៅធ្វើការនៅនាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅក្រោមឱវាទក្រសួងអប់រំ»។
ជាមួយគ្នានេះដែរលោកស្រី សាវុធ បានអះអាងពីផលប៉ះពាល់បណ្ដាលមកពីសាលារៀនជំនាន់ថ្មីថាពីមុនរយៈពេល ៣ ឆ្នាំសាលាជំនាន់ថ្មីនេះ អត់បង់លុយទេ ព្រោះមានអង្គការគេជួយ ប៉ុន្ដែឥឡូវរៀនចប់ត្រូវឲ្យសិស្សបង់លុយហើយ ឮថាអ្នកខ្លះឲ្យបង់តាមសមត្ថភាព ចុះបើគ្នាអត់សមត្ថភាព អ៊ីចឹងបើចង់ចូលរៀនក៏មិនហ៊ានចូលដែរ។ ការដែលសាលាជំនាន់ថ្មីនេះត្រូវបង់លុយ គឺអាចនឹងបង់លុយពេញមួយសាលាតែម្ដង ហើយសាលានេះជាសាលារដ្ឋដល់ទៅជាបង់លុយអ៊ីចឹងទៅវាទៅជាសាលាឯកជនហើយ។ ដំបូងថាបើកដំណើរការតែ ៣ ឆ្នាំទេ តែឥឡួវបន្ដទៀតដោយលើកឡើងថារីកចម្រើន។ រីកចម្រើនរបៀបម៉េច បើរើសសិស្សចូលរៀនរកតែសិស្សពូកែ ប្រឡងចូល ដល់សិស្សអត់ពូកែគេអត់យកចូលរៀនទេ ហើយគេថា សាលាគេរីកចម្រើន។នៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ មាននាយកសាលា ២ គឺនាយកសាលាជំនាន់ថ្មីមួយ និងនាយកសាលាចំណេះទូទៅផ្សេង។
លោកស្រី សាវុធ ថ្លែងថា៖ «តាំងពីមានសាលាជំនាន់ថ្មីហ្នឹងមក គឺពួកយើងចែកក្រុមគ្នាតែម្ដង។ លោកនាយកឱនលំទោនជាមួយគេ ចំណែកគេវិញរឹងត្អឹងជាមួយយើងតែម្ដង ដូចគិតថាយើងហ្នឹងអត់ចេះអីសោះ ហើយគេនោះសុទ្ធតែអ្នកចេះ»។
លោក ខាំបូលី ថ្លែងថាគោលនយោបាយអប់រំសាលារៀនជំនាន់ថ្មីនេះ ក្រសួងបានដាក់បញ្ចូលទៅចំនួន ១០ សាលារៀនរួចហើយក្នុងនោះ ៦ សាលាកម្រិតមធ្យមសិក្សា និង ៤ សាលាកម្រិតបឋមសិក្សា និងបានដាក់ចេញអស់រយៈពេល ៣ ឆ្នាំកន្លងមកហើយ។
លោក មូល ស៊ុយហេង នាយកវិទ្យាល័យ ព្រះស៊ីសុវត្ថិមិនអាចសុំការបកស្រាយបានទេដោយបានដើរចេញពីក្រុមសារព័ត៌មាន។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងនៅក្នុងបុព្វកថាដែលចុះហត្ថលេខាកាលពីថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០១៦ បានឲ្យដឹងថាក្រសួងបានរៀបចំគោលនយោបាយស្ដីពីសាលារៀនជំនាន់ថ្មីក្នុងគោលបំណងពង្រឹងគុណភាពនៅក្នុងប្រព័ន្ធអប់រំទាំងមូល។ ព្យាយាមបង្កើតគំរូអភិវឌ្ឍន៍ថ្មីនៅក្នុងប្រព័ន្ធអប់រំសាធារណៈដែលនឹងនាំទៅដល់ការបង្កើតសាលារៀនសាធារណៈស្វយ័ត ដែលទទួលបានការវិនិយោគខ្ពស់ផ្សារភ្ជាប់នឹងស្តង់ដារថ្មីមានគណនេយ្យភាព និងអភិបាលកិច្ចល្អព្រមទាំងស្តង់ដារវិជ្ជាជីវៈសម្រាប់ការសិក្សានៅក្នុងសតវត្សរ៍ ២១។
លោក ឌី ខាំបូលី បានអះអាងថាសាលាជំនាន់ថ្មីនេះក៏ជាសាលារបស់រដ្ឋ ហើយក៏ជាសាលារបស់វិទ្យាល័យព្រះស៊ីសុវត្ថិដែរ។ គ្រាន់តែការជ្រើសរើសអ្នកគ្រប់គ្រង ការជ្រើសរើសគ្រូយកមកបង្រៀន និងការជ្រើសរើសសិស្សឲ្យមកចូលរៀនគឺត្រូវមានស្ដង់ដារខ្ពស់អាចប្រៀបបានទៅនឹងប្រទេសអភិវឌ្ឍន៍មួយចំនួននៅក្នុងតំបន់។
លោក ខាំបូលី បានថ្លែងថា៖ «យើងនិយាយពីសាលាជំនាន់ថ្មីគឺមានភាពខុសប្លែកពីសាលាធម្មតា ប៉ុន្ដែអ្វីដែលយើងបង្កើតនេះគឺនៅក្នុងដំណាក់កាលសាកល្បង។ សិស្សចូលរៀននៅសាលាជំនាន់ថ្មីគឺត្រូវមានការប្រកួតប្រជែង ទាល់តែគ្រប់លក្ខខណ្ឌទើបអាចចូលរៀនបាន។ គ្រូដូចគ្នា បើចង់ចូលបង្រៀនទាល់តែដាក់ពាក្យប្រឡងចូលបង្រៀន ហើយបើសិនជាធ្វើការវាយតម្លៃរយៈពេល ១ ឆ្នាំ បើមិនមានលក្ខណសម្បត្ដិគ្រប់គ្រាន់ទេគឺត្រូវចេញមកវិញ។ កាលណាគ្រូមិនទាន់មានសមត្ថភាពចូលទៅបង្រៀន អ៊ីចឹងគាត់អាចប្រឹងប្រែងរៀនសូត្រអភិវឌ្ឍសមត្ថភាព»៕