កំពតៈ គ្រួសារ​ក្មេងស្រី​វ័យ​ ១៤ ​ឆ្នាំ​ ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ករណី​ជំងឺ​កូវីដ ​១៩ ហើយ​ត្រូវបាន​អាជ្ញាធរ​ខេត្តកំពត​ហៅ​ទៅ​អប់រំ និង​ធ្វើ​វីដេអូ​បកស្រាយ​ការពិត​កាលពី​ខែ​មីនា​បាន​បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេសមួយ​ឈ្មោះ​ថា​ VICE News ដែល​ផ្សាយ​ថា​​កូនស្រី​របស់​គាត់​បាន​ឈប់រៀន​ដោយសារ​ហេតុការណ៍​នេះ​។ ម្តាយ​ក្មេងស្រី​អះអាង​ថា កូនស្រី​ខ្លួន​មិន​បាន​ឈប់រៀន​នោះទេ​។

សារព័ត៌មាន VICE News កាលពី​ថ្ងៃ​ ២៥ ​មិថុនា​ បាន​ផ្សាយ​ថា អាម៉ី ក្មេងស្រី ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​កូវីដ​១៩ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្តកំពត​ហៅ​មក​អប់រំ និង​បង្ហោះ​វីដេអូ​សុំទោស​ជា​សាធារណៈ​នោះ បាន​បោះបង់​ការសិក្សា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ដែល​បណ្តាល​ឲ្យ​នាង​មាន​ភាព​ខ្មាសអៀន និង​មិនអាច​ប្រឈមមុខ​នឹង​ការសិក្សា​បន្តទៀត​បាន​។

សារព័ត៌មាន​នោះ​ក៏​បាន​ភ្ជាប់​សាច់​រឿងនេះ​ទៅនឹង​ការឃាត់ខ្លួន​អតីត​សកម្មជន​បក្សប្រឆាំង​មួយចំនួន ដោយ​ថា​ករណី​នេះ​គឺជា​ការបិទ​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការយកលេស​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​ម្តាយ​ក្មេងស្រី លោកស្រី​ នាង សោភ័ណ្ឌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ចុងសប្តាហ៍​មុន​ថា កូន​របស់​លោកស្រី​មិន​បាន​ឈប់រៀន​នោះទេ​។

លោកស្រី​បន្តថា មូលហេតុ​ដែល​កូន​អ្នកស្រី​មិន​បាន​រៀន​ក្នុង​ពេលនេះ ក៏​ព្រោះ​តែ​សាលា​នៅ​ទូទាំង​ប្រទេស​បិទទ្វារ​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​ចេញ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។ ដូច្នេះ​រឿងនេះ​មិន​ពិត​ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស​នោះទេ​។

លោកស្រី​បញ្ជាក់ថា​៖ «​កូន​ខ្ញុំ នៅ​រៀន​ទេ ប៉ុន្តែ​សាលា​គេ​ផ្អាក​។ [​ហេតុការណ៍​នេះ​] ​សម្រាប់​គ្រួសារ ខ្ញុំ អត់​អី​ទេ ព្រោះ​កូន​ខ្ញុំ វា​និយាយ​មែន តែ​ពួកម៉ាក​វា​អ្នក​បង្ហោះ ផ្សព្វផ្សាយ វា​មិនដឹង​ទេ​។ វា​ដឹងថា វា​ធ្វើ​អ៊ីចឹង​មិន​ត្រូវ​ទេ វា​បង្ហោះ​ព័ត៌មាន​មិន​ពិត​ទេ​»​។

ក្មេងស្រី​អាយុ​ ១៤ ​ឆ្នាំ​ឈ្មោះ ម៉ី ដែល​បាន​ផ្ញើ​សំឡេង​ចូល​ក្នុង​ក្រុម​ឆាត​ក្នុង​ថ្នាក់រៀន​របស់​នាង​កាលពី​ខែ​មីនា​បាន​បង្ហោះ​សារ​ជា​សំឡេង ដែល​មាន​ន័យ​យ៉ាងដូច្នេះ​ថា​៖ «​ខ្ញុំ​ចង់​សុំឲ្យ​អ្នក​នៅ​កំពត​ទាំងអស់​គ្នា​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ មាន​មនុស្ស​ ៣ ​នាក់​បាន​ស្លាប់បាត់​ហើយ​នៅ​ទីនេះ ដូច្នេះ​សូម​គ្រប់គ្នា​ការពារ​ខ្លួន​របស់​អ្នក​គ្រប់ៗ​គ្នា​»​។

ក្រោយពី​បង្ហោះ​សារ​បែប​នេះ មិត្ត​របស់​នាង​ម្នាក់​នៅក្នុង​ក្រុម​ឆាត​ក៏​បាន​ផ្ញើ​សំឡេង​របស់​នាង​តៗ​គ្នា​បណ្តាល​ឲ្យ​លេចឮ​ទៅ​កាន់​សាធារណជន ហើយ​វា​ក៏បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​នៅក្នុង​បណ្តាញ​សង្គម​ផងដែរ​។ នៅពេល​ទទួល​បាន​ព័ត៌មាន​បែបនេះ សមត្ថកិច្ច​ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ចុះទៅ​ដល់​សាលារៀន​របស់​នាង​ភ្លាមៗ និង​ស្រាវជ្រាវ​ឃើញ​ថា ករណី​នេះ​គឺជា​រឿង​មិន​ពិត ហើយ​ក៏​បាន​ធ្វើការ​អប់រំ​នាង​។

លោក​ តាក ហាប់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពត​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ករណី​នេះ​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​វិន័យ​សាលា នៅពេល​មាន​សិស្សានុសិស្ស​ណា​ម្នាក់ ប្រព្រឹត្ត​ខុស​នឹង​វិន័យ​គឺ​តែងមាន​វិធានការ​អប់រំ និង​ឲ្យ​មាន​ការសុំទោស​ជា​សាធារណៈ​។

លោក​បន្តថា ដោយសារ​តែ​ករណី​នេះ​ក្មេងស្រី​បាន​បង្ហោះ​នូវ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ ជាពិសេស​ក្នុង​អំឡុង​កូវីដ​១៩​នេះ​ផ្ទុះឡើង ដូច្នេះ​ការធ្វើ​វីដេអូ​បកស្រាយ​ និង​សុំទោស​ជា​សាធារណៈ​គឺជា​រឿង​ត្រឹមត្រូវ​បំផុត​។

លោក​បន្ថែមថា​៖ «​ការធ្វើ​ដូច្នេះ​មិន​មាន​ជា​ប៉ះពាល់​អ្វី​ធំដុំ​នោះទេ ព្រោះ​ការដែល​ក្មេង​ធ្វើ​ខុស ត្រូវ​តែ​សុំទោស​ហើយ ព្រោះ​យើង​មាន​ចេតនា ឬ​គ្មាន​ចេតនា​ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​ក្មេង វា​និយាយ​ខ្លួន​វា​»​។

លោក​និយាយ​ថា ករណី​នេះ​មិន​អាច​សន្និដ្ឋាន​បាន​ថា​ក្មេងស្រី​វ័យ​ ១៤ ឆ្នាំ រូបនេះ​បោះបង់​ការសិក្សា​នោះ​ទេ ព្រោះ​ចាប់​តាំងពី​ខែ​មីនា​មក​សាលា​ទូទាំង​ប្រទេស​បាន​ផ្អាក​បណ្តោះអាសន្ន ហើយ​ក៏​មិនទាន់​បាន​បើក​ឲ្យ​សិស្សានុសិស្ស​បាន​ចូល​រៀន​វិញ​ផងដែរ​។

តាមរយៈ​វីដេអូ​សុំទោស​គ្រូ​ និង​បកស្រាយ​ការពិត​របស់​អាម៉ី នាង​បាន​លើកដៃ​សំពះ និង​បាន​បកស្រាយ​ថា ព័ត៌មាន​ដែល​នាង​បាន​និយាយ​គឺជា​ព័ត៌មាន​ក្លែងក្លាយ មិន​ពិត​នោះទេ​។

នាង​និយាយ​ក្នុង​ខ្លឹមសារ​ដើម​ថា​៖ «​ខ្ញុំ​សុំទោស​លោកគ្រូ​ទាំង​ ២ ដែល​ខ្ញុំ​បាន​និយាយ​ថា នៅ​សាលារៀន​ ហួរ ឈៀវ ​នេះ​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ ​១៩​ ចំនួន​ ៣ ​នាក់​។ ការពិត​រឿងនេះ​មិនមែន​កើតឡើង​នៅ​សាលា​យើង​ទេ ព័ត៌មាន​នេះ​គឺ​មិន​ពិត​ទេ ដោយសារ​ខ្ញុំ​ឮ​ពី​គេ​ដែរ​។ ខ្ញុំ​និយាយ​បន្ត ហើយ​គេ​បាន​យក​សំឡេង​ខ្ញុំ​ទៅ​ណា​ទៀត ក៏​ខ្ញុំ​មិនដឹង​ដែរ​។ ខ្ញុំ​សូម​ផ្តែផ្តាំ​ទៅ​កាន់​ប្រជាជន​ទាំងអស់​គ្នា​ដែល​លេង​ក្នុង​បណ្តាញ​ហ្វេសប៊ុក​គឺ​នៅក្នុង​សាលា​ ហួរ ឈៀវ ​នេះ​អត់​មាន​វីរុស​កូរ៉ូណា​កើតឡើង​ទេ​»​។

លោក​ អ៊ុប សុវណ្ណចាន់ថន មន្ត្រី​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ ប្រចាំ​ខេត្ត​កំពត និង​កែប ថ្លែង​ថា​លោក​មិន​គាំទ្រ​ទេ ចំពោះ​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ធ្វើឲ្យ​ចលាចល​ដល់​សង្គម​។ លោក​ថា ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ក្នុង​ករណី​នេះ​ក៏​មិនមាន​ការបិទ​សិទ្ធិ​អ្វី​ខ្លាំង​នោះដែរ​។

លោក​បញ្ជាក់ថា​៖ «​ធាតុពិត​ជំហាន​ដំបូង​ហ្នឹង​ខាង​ខ្ញុំ​ក៏​មិនទាន់​ទទួល​បាន​ច្បាស់​ដែរ​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​ឆ្លង​។ មុនដំបូង​គាត់​ផ្ញើ​សារ​តាម​ក្រុម​ឆាត​ហ្វេសប៊ុក​ថា​មាន​អ្នក​ឆ្លង អ្នក​អី​នៅ​សាលា​គាត់ ហើយ​បន្ទាប់​មក​ទៀត នៅពេល​ដែល​យើងខ្ញុំ​ចុះ​អង្កេត​សព្វគ្រប់​ទៅ​ពាក់ព័ន្ធ​ជាមួយ​ព័ត៌មាន​ហ្នឹង អត់​ពិតមែន​។ អាជ្ញាធរ​ក៏​អត់មាន​បិទ​អី​ខ្លាំង​ដែរ គ្រាន់តែ​គាត់​ចង់​បាន​សម្តី​របស់​ក្មេងស្រី​ហ្នឹង​ឲ្យ​បាន​ច្បាស់​ថា ព័ត៌មាន​ហ្នឹង មិនមែន​ជា​ព័ត៌មាន​ពិត​ទេ ហើយ​ក៏​មាន​ការអប់រំ​គាត់​នៅក្នុង​សាលា​ហ្នឹង ថត​ជា​ឃ្លីប​វីដេអូ​»៕