ភ្នំពេញៈ ធី ជា​ឈ្មោះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​អត្តសញ្ញាណ​ខណៈ​គ្រួសារ​គាត់​បាន​ឆ្លងកាត់​នូវ​ដំណើរ​រឿង​សោកសៅ​ពី​ការ​ជំពាក់​វាក់វិន​នឹង​បំណុល​គេ រហូត​ឈាន​ដល់​ដាច់​ចិត្ត​ឱ្យ​កូនស្រី​វ័យក្មេង​រៀបការ​ប្ដី​ចិន​​ដោយ​នឹកស្មាន​ថា​អាច​បាន​ប្រាក់​មក​លោះ​បំណុល តែ​មិន​បាន​ដូច​បំណង​បែរ​ជា​ទៅ​ជួប​គ្រោះ​មួយ​ជាន់​ទៀត​គួរ​ឱ្យ​សោកស្ដាយ​។

អ្នកស្រី​ ធី មាន​អាយុ​​ ៣០ ​ឆ្នាំ​គាត់​មាន​កូន​ ៣ ​នាក់​។ ខុស​ពី​សព្វ​មួយ​ដង​កាលពី​ដើម​ឆ្នាំ​នេះ​អ្នកស្រី​ ធី ​បាន​ភ្ញាក់​​ពី​ព្រលឹម​ម៉ោង​ ៥ ​ព្រឹក​ពីព្រោះ​គាត់​ និង​ក្រុម​គ្រួសារ​ត្រូវ​រត់​គេច​ពី​ភូមិកំណើត​ដោយសារ​តែ​គ្មាន​លទ្ធភាព​សង​ប្រាក់កម្ចី​ដែល​គាត់​ជំពាក់​មីក្រូហិរញ្ញវត្ថុ​។

អ្នកស្រី​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់ស៊ី​ពី​ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​​ទៅ​កាន់​ខេត្ត​រតនគិរី​ដើម្បី​ធ្វើការ​ជា​អ្នក​ដក​ដំឡូងមី​ជាមួយ​ស្វាមី និង​កូនស្រី​ច្បង​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ​។

អ្នកស្រី​ ធី បាន​រំឭក​អំពី​ដំណើរ​រឿង​​នៃ​ការ​ធ្លាក់ខ្លួន​ជំពាក់​លុយ​មីក្រូហិរញ្ញវត្ថុ​ហើយ​មិន​មាន​លទ្ធភាព​សងបំណុល​​វិញ​ថា​៖ «​ខ្ញុំ​ជំពាក់​លុយ​មីក្រូហិរញ្ញវត្ថុ​​ច្រើន​ដោយ​ខ្ញុំ​មិន​មាន​លុយ​សង​បំណុល​ទេ​។ ពី​ដំបូង​ខ្ញុំ​ជំពាក់​ប្រហែល​ ២០០០ ​ដុល្លារ ប៉ុន្តែ​ដោយសារ​តែ​ខ្ញុំ​មិន​​អាច​សង​វិញ​បាន ដូច្នេះ​ខ្ញុំ​បាន​ខ្ចី​ពី​​អ្នក​ចងការ​ប្រាក់​ក្រៅ​ផ្លូវការ​ដែល​មាន​ប្រហែល​ ១០ ​កន្លែង​ដើម្បី​យក​ទៅ​បង់​រំលស់​[​ថ្លៃ​ជំពាក់​លុយ​មីក្រូហិរញ្ញវត្ថុ​] ​ខ្លះ​ប៉ុន្តែ​ការប្រាក់​ចេះ​តែ​កើនឡើង​»​។

អ្នកស្រី​រៀបរាប់​ថា​៖ «​យើង​បាន​ខ្ចីប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ ពីព្រោះ​ពេល​នោះ​​យើង​មិន​មាន​ដី​ផ្ទាល់ខ្លួន​សម្រាប់​រស់នៅ​។ ​ពេល​នោះ​ស្រាប់​តែ​មាន​គេ​លក់​ដី ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ខ្ចីប្រាក់​ហើយ​យើង​ក៏​​បាន​ទិញ​ដី​នោះ​សង់​ខ្ទម​រស់នៅ​»​។

ប្រភព​ចំណូល​របស់​អ្នកស្រី​ ធី និង​ស្វាមី​គឺ​បាន​មកពី​ការ​ស៊ីឈ្នួល​ដក​​ដំឡូងមី​គឺ​មាន​ប្រមាណ​ ៥ ​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ​។ ប៉ុន្តែ​វា​មិនមែន​ជា​ចំណូល​​ដែល​មាន​ស្ថិរភាព​នោះ​ទេ​។

អ្នកស្រី​បាន​បន្ត​ថា​៖ «​នៅពេល​ពួកយើង​រស់នៅ​ទី​នោះ​យើង​ធ្វើ​ជា​កម្មករ​ដក​ដំឡូងមី​ដែល​យើង​អាច​រក​កម្រៃ​បាន​ប្រមាណ​ ៥ ​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ​។ ​បើ​សរុប​យើង​ទាំង​ ៣ ​នាក់​អាច​រកប្រាក់​បាន​ ៣ ​ម៉ឺន​រៀល ប៉ុន្តែ​អង្ករ​ថ្លៃ​ណាស់​ទី​នោះ​ជា​តំបន់​ដាច់​ស្រយាល ហើយ​ម្ហូបអាហារ​ក៏​ថ្លៃ​ដែរ​ពួកយើង​អាច​មាន​លទ្ធភាព​ត្រឹម​ទិញ​ពងមាន់​ទទួលទាន​ប៉ុណ្ណោះ​»​។

ប៉ុន្តែ​ជា​អកុសល​បន្ទាប់ពី​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​ដើម្បី​គេច​ចេញ​ពី​ការសង​បំណុល​បាន​ ១ ​ខែ​កន្លះ ស្រាប់​តែ​ម្តាយមីង​អ្នកស្រី​ ធី ​បាន​ប្រាប់​ថា ផ្ទះ​របស់​គាត់​កំពុង​ត្រូវ​បាន​មីក្រូហិរញ្ញវត្ថុ​ដាក់​លក់​កាលពី​ខែ​មេសា បន្ទាប់ពី​ចូល​ឆ្នាំ​ខ្មែរ​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​នៅ​ពេល​ល្ងាច បន្ទាប់ពី​ញ៉ាំ​បាយ​រួច​ម្តាយមីង​ខ្ញុំ​បាន​ប្រាប់​ថា ផ្ទះ​របស់​ខ្ញុំ​ត្រូវ​បាន​ដាក់​​ស្លាក​លក់​គឺ​ពួកគេ​នឹង​លក់​ផ្ទះ​ខ្ញុំ​ប្រសិន​បើ​ខ្ញុំ​គ្មាន​លទ្ធភាព​សង​ប្រាក់​ពួកគេ​ទេ​។ កូនស្រី​របស់​ខ្ញុំ​ឃើញ​ខ្ញុំ​យំ​នាង​ក៏​បាន​សួរ​ខ្ញុំ​ថា តើ​គាត់​អាច​ទៅ​​កន្លែង​ណា​ដើម្បី​រកលុយ​សង​បំណុល​​គេ​បាន​? ​អ៊ីចឹង​កូន​ខ្ញុំ​សុំ​ខ្ញុំ​ទៅ​ប្រទេស​ចិន​គឺ​ទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន​ប្រហែល​ជា​មាន​លុយ​អាច​សង​បំណុល​គេ​បាន​។ នៅពេល​នោះ​កូន​ខ្ញុំ​ទើប​មាន​អាយុ​ ១៤ ​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​រង់ចាំ​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​ឱ្យ​គាត់​គ្រប់​អាយុ ប៉ុន្តែ​កូន​ខ្ញុំ​ចង់​ទៅ​ភ្លាមៗ​»​។

លោកស្រី​ ធី និង​កូនស្រី​បាន​ពិភាក្សា​គ្នា​អំពី​រឿង​នេះ​អស់​រយៈពេល​ ២ ​ថ្ងៃ​រហូត​ដល់​ទៅ​និយាយ​ជាមួយ​សាច់ញាតិ​របស់​មេខ្យល់​។ សាច់ញាតិ​នោះ​បាន​ជួយ​ទាក់ទង​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផន សុខណេង មាន​អាយុ​ ២១ ​ឆ្នាំ​ដែល​បច្ចុប្បន្ន​កំពុង​​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម ក្រោយ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ ១៣ ​កញ្ញា​ឆ្នាំ​នេះ​។ នេះ​បើ​តាម​របាយការណ៍​ក្នុង​គេហទំព័រ​នគរបាល​ជាតិ​។

ស្ត្រី​ឈ្មោះ ណេង កាលពី​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​បាន​ផ្ញើ​ដំណឹង​ថា អ្នកស្រី​ ធី ​ថា​នឹង​អាច​ទទួល​បាន​ប្រាក់​ ២ ៥០០ ដុល្លារ​ពេល​កូន​អ្នកស្រី​បាន​រៀបការ​ជាមួយ​បុរស​ចិន​ដោយ​​ជោគជ័យ​។ ​នៅ​ថ្ងៃ​បន្ទាប់​ឈ្មោះ​ ណេង ​បាន​ផ្ញើ​ប្រាក់​ជូន​អ្នកស្រី​ ធី ​៥០ ​ដុលារ​ដើម្បី​ជា​សោហ៊ុយ​ឱ្យ​អ្នកស្រី​ ធី ​និង​កូន​ព្រម​ទាំង​សាច់ញាតិ​ធ្វើ​ដំណើរ​មក​​ភ្នំពេញ​ដើម្បី​ធ្វើ​លិខិត​ឆ្លងដែន​។

អ្នកស្រី​ថ្លែង​ថា​៖ «​បន្ទាប់មក​ខ្ញុំ​បាន​និយាយ​ថ្លៃ​ជាមួយ​ពួកគេ​ហើយ​ពួកគេ​បាន​ប្រាប់​យើង​ថា ពួកគេ​អាច​ដំឡើង​ឲ្យ​បាន​ថ្លៃ​រហូត​ដល់​ ២៦០០ ​ដុល្លារ​។ ​កូនស្រី​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​មិន​ឱ្យ​ចរចា​តម្លៃ​​ជាមួយ​ពួកគេ​ទេ​ដោយ​សង្ឃឹម​ថា​អាច​សន្សំ​ប្រាក់​ខ្លះ​ទុក​សង​គេ ហើយ​យើង​បាន​ពិភាក្សា​គ្នា​អស់​ ២ ​ថ្ងៃ​»​។

នៅពេល​គ្រួសារ​អ្នកស្រី​ ធី ​និង​សាច់ញាតិ​មក​ដល់​ភ្នំពេញ អ្នកស្រី​ ធី ​បាន​​ប្រាប់​ថា​ស្ត្រី​ឈ្មោះ​ ណេង បាន​ផ្ដល់​ដំណឹង​ថា​នឹង​មាន​ស្ត្រី​រូប​ស្អាត​ម្នាក់​មក​​ទទួល​ឱ្យ​ទៅ​ស្នាក់នៅ​ផ្ទះ​សំណាក់​។

អ្នកស្រី​ ធី ​បន្ថែម​ថា​៖ «​នៅពេល​យើង​មក​ដល់​ផ្ទះ​សំណាក់​ភ្លាម​ [​ស្ត្រី​ស្អាត​] ​នោះ​បាន​ឱ្យ​កូនស្រី​របស់​ខ្ញុំ​ក្រោកឈរ​ដើម្បី​ថតរូប​...​ហើយ​ពិនិត្យ​មើល​ឯកសារ​ដូចជា​សំបុត្រ​កំណើត​កូនស្រី​របស់​​ខ្ញុំ​ និង​អាសយដ្ឋាន ហើយ​បាន​ប្រាប់​ពួកយើង​ថា​ប្រហែល​មិន​អាច​ធ្វើ​បាន​​ទេ​។ ​ប៉ុន្តែ​បាន​ប្រាប់​យើង​ថា កុំ​ឱ្យ​ចាកចេញ​ពី​ផ្ទះ​សំណាក់​គឺ​រង់ចាំ​រហូត​ដល់​ជួប​ស្ត្រី​ឈ្មោះ ណេង​។

អ្នកស្រី​ ធី ​ថ្លែង​ថា​បន្ទាប់ពី​ស្នាក់នៅ​ផ្ទះសំណាក់​ ១ ​យប់​ពួកគាត់​ក៏​ត្រឡប់​ទៅ​ខេត្ត​រតនគិរី​វិញ​ដោយ​ទទួល​បាន​លុយ​ ៥០ ​ដុលា្លរ​ចែក​គ្នា​ជាមួយ​សាច់​​ញាតិ ហើយ​ជនសង្ស័យ​ឈ្មោះ​ ណេង ​បាន​ប្រាប់​គាត់​ថា​កុំ​ឲ្យ​បារម្ភ​ពី​កូនស្រី​។

អ្នកស្រី​បន្ត​ថា​៖ «​ពេល​នោះ​ខ្ញុំ​មិន​បាន​យក​កូនស្រី​របស់​ខ្ញុំ​មក​វិញ​ទេ​គឺ​នាង​បាន​នៅ​ផ្ទះ​សំណាក់​ជាមួយ​ស្រី្ត​ឈ្មោះ​ ណេង ហើយ​គេ​ប្រាប់​ខ្ញុំ​ថា​កុំ​ឲ្យ​បារម្ភ​ពី​កូនស្រី​។ គាត់​ថា​នឹង​ជួយ​កូនស្រី​ខ្ញុំ​ឱ្យ​បាន​រៀបការ​ជាមួយ​ប្តី​ចិន​អ្នកមាន​។ ១ ​សប្តាហ៍​ក្រោយ​មក​កូនស្រី​​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា នាង​បាន​ធ្វើ​លិខិត​ឆ្លងដែន​រួច​ហើយ តែ​ថា​នាង​មិន​ទាន់​អាច​ចេញ​ទៅ​ចិន​បាន​ភ្លាម​ទេ គឺ​ត្រូវ​រង់ចាំ​ស្ត្រី​ ២-៣ ​នាក់​ផ្សេង​ទៀត​ទៅ​ជាមួយ​ដែរ​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ណាស់​ដែល​ខ្ញុំ​មិន​បាន​និយាយ​ពាក្យ​លា​ទៅ​កាន់​កូន​ខ្ញុំ​។ ​ខ្ញុំ​សោកស្តាយ​ដែល​​ខ្ញុំ​មិន​បាន​ជូន​ដំណើរ​កូន​ចុងក្រោយ​»​។

បន្ទាប់ពី​កិច្ចព្រមព្រៀង​ត្រូវ​បាន​ធ្វើ​រួចរាល់​ក្រោយ​មក​ទៀត​អ្នកស្រី​ ធី ​បាន​ទទួល​ដំណឹង​ពី​កូនស្រី​កាលពី​ខែ​ឧសភា​​ថា នាង​ទៅ​ដល់​ប្រទេស​ចិន​ហើយ​។

អ្នកស្រី​ថា​៖ «​ពេល​នាង​ទៅ​ដល់​ចិន​​បាន​ ១ ​សប្តាហ៍​នាង​បាន​ទូរស័ព្ទ​មក​ខ្ញុំ​តាមរយៈ​លេខ​ថៅកែ​របស់​នាង​ថា​នាង​បាន​មក​ដល់​ប្រទេស​ចិន​ហើយ​គឺ​​កំពុង​រង់ចាំ​កូន​កំលោះ​មក​ជួប​»​។ ​នាង​​ប្រាប់​ខ្ញុំ​ថា​៖ «​ខ្ញុំ​នឹង​ប្រាប់​ថៅកែ​ឲ្យ​ផ្ញើ​លុយ​មក ហើយ​ ២-៣ ​ថ្ងៃ​ក្រោយ​មក​ស្ត្រី​ឈ្មោះ​ ណេង ​បាន​ផ្ញើ​លុយ​ឲ្យ​ខ្ញុំ​ចំនួន​ ២១០០ ដុល្លារ​»​។

បន្ទាប់ពី​ទទួល​បាន​លុយ​ ១ ​សប្តាហ៍​អ្នកស្រី​ ធី បាន​ទទួល​ដំណឹង​ថា កូនស្រី​ត្រូវ​បាន​គេ​ផ្គូផ្គង​ជាមួយ​ប្តី​ចិន ហើយ​នាង​សុខ​សប្បាយ​ទេ​គឺ​ដឹង​​តាមរយៈ​ឈ្មោះ​ ណេង​។

ប៉ុន្តែ​តាម​ព័ត៌មាន​ដែល​អ្នកស្រី​ ធី ​ដឹង​ពី​កូនស្រី​គឺ​ថា​នាង​មិន​បាន​សុខ​ទេ​នៅពេល​នាង​ខល​ប្រាប់​តាម​ (wechat) ​កាលពី​ខែ​មិថុនា​ដោយ​ថា ក្នុង​ ១ ​ថ្ងៃ​​គេ​ឲ្យ​ញុំ​អាហារ​តែ​ម្ដង​ប៉ុណ្ណោះ​ជាមួយ​នឹង​ការធ្វើ​កិច្ចការ​សព្វសារពើ​គឺ​ជូត​សម្អាត​ផ្ទះ​ ៤ ​ជាន់ ទៅ​ជូត​សម្អាត​មន្ទីរពេទ្យ​ជា​កន្លែង​ដែល​ម្តាយក្មេក​ធ្វើការ​​រួម​នឹង​ធ្វើ​ការងារ​ច្រើន​មុខ​ទៀត​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ពេល​វា​បាន​ទូរស័ព្ទ​មក​ខ្ញុំ​កូនស្រី​បាន​ប្រាប់​ខ្ញុំ​ថា វា​ពិបាក​រស់នៅ​ណាស់​រួច​ក៏​យំ​។ ប្ដី​របស់​នាង​បាន​គេង​ជាមួយ​នាង​ទាំង​ថ្ងៃ​ទាំង​​យប់​សូម្បី​ពេល​នាង​មក​រដូវ​។ ពី​ដំបូង​ខ្ញុំ​បាន​ប្រាប់​កូន​ឱ្យ​អត់ធ្មត់​ពីព្រោះ​ខ្ញុំ​គិត​ថា​បើ​ប្រើ​ទូរស័ព្ទ​ច្រើន​ពេក​ប្តី​របស់​នាង​អាច​រឹបអូស​ទូរស័ព្ទ​ឈប់​ឲ្យ​ប្រើ​»​។

យ៉ាងណា​ក្ដី​អ្នកស្រី​ថា​៖ «​ខ្ញុំ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​ភ្លាមៗ​ទេ​បន្ទាប់ពី​កូនស្រី​របស់​ខ្ញុំ​បាន​ប្រាប់​ពី​​ការលំបាក​ណាស់​។ ក្រោយ​មក​ខ្ញុំ​ព្យាយាម​ទាក់ទង ប៉ុន្តែ​ប្តី​នាង​បាន​រឹបអូស​ទូរស័ព្ទ​។ ​បន្ទាប់មក​ខ្ញុំ​ព្យាយាម​ខល​ទៅ​​ថៅកែ​នាង ប៉ុន្តែ​ទាក់ទង​មិន​បាន​»​។

បន្ទាប់មក​អ្នកស្រី​ ធី បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​ស្ត្រី​ខ្មែរ​ម្នាក់​នៅ​ទី​នោះ​​ដោយ​បាន​ប្រាប់ថា កូនស្រី​អ្នកស្រី​​បាន​រត់​ចេញ​ពី​ផ្ទះ​ប្ដី​នាង​ហើយ ហើយ​បាន​ផ្ញើ​រូបនាង​ឱ្យ​មើល​ឃើញ​មាន​ស្នាម​ជាំ​នឹង​មុខ​ធ្វើ​ឱ្យ​អ្នកស្រី​រន្ធត់​។

អ្នកស្រី​ ធី ​ថា​៖ «​ខ្ញុំ​មិន​ដែល​វាយដំ​កូន​​ខ្ញុំ​ទេ​។ ​នៅពេល​ខ្ញុំ​បាន​ឃើញ​ស្នាមរបួស​​ក្នុង​រូបភាព​ខ្ញុំ​ស្ទើរតែ​សន្លប់​»​។

លុះ​ដល់​កាលពី​ខែ​សីហា​អ្នកស្រី​ ធី ​បាន​ទទួល​ទូរស័ព្ទ​ពី​ស្ត្រី​ខ្មែរ​ម្នាក់​គំរាម​ទារប្រាក់​អ្នកស្រី​ ២ ​ម៉ឺន​ដុលា្លរ​ដោយ​ប្រាប់​ថា កូន​អ្នកស្រី​បាន​រត់គេច​ពី​ផ្ទះ​ប្តី ហើយ​មិន​ព្រម​ទទួល​យក​ប្តី​ថ្មី​។

អ្នកស្រី​ ធី ​ថា​៖ «​ស្ត្រី​ខ្មែរ​បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា ប្រសិន​បើ​ខ្ញុំ​មិន​ប្រគល់​លុយ​​ឱ្យ គេ​នឹង​លក់​កូន​ខ្ញុំ​ទៅ​ឱ្យ​ផ្ទះបន​»​។

ជាមួយ​គ្នា​នេះ​អ្នកស្រី​ ធី បាន​រៀបរាប់​ដែរ​ថា​ក្នុង​ភូមិ​របស់​គាត់​មាន​ស្ត្រី​ជាច្រើន​បាន​រៀបការ​ជាមួយ​បុរស​​ជនជាតិ​ចិន​តាមរយៈ​មេខ្យល់​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​ងាយ​ជឿ​គេ​ណាស់​ដោយ​សង្ឃឹម​ថា​គេ​អាច​ស្វែងរក​ស្វាមី​មាន​ទ្រព្យ​ឲ្យ​កូន​ខ្ញុំ​បាន​ដោយ​មិន​បាន​គិតថា ពួកគេ​លក់​កូនស្រី​ខ្ញុំ​ទេ​។ បើ​ខ្ញុំ​ដឹង​ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឱ្យ​វា​ទៅ​ទេ​»​។

ទាក់​នឹង​ករណី​ស្រដៀង​គ្នា​នេះ​ដែរ​កាលពី​ថ្ងៃទី​ ២១ ខែ​កញ្ញា​ឆ្នាំ​នេះ ជនសង្ស័យ​ប្រុស​ស្រី​ ២ ​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​ក្រចេះ​សម្រេច​ឃុំ​ខ្លួន​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​លក់​ក្មួយស្រី​បង្កើត​ឱ្យ​បុរស​ជនជាតិ​ចិន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៦​។ នេះ​បើ​តាម​លោកស្រី នៅ រតនា ស្នងការរង​នគរបាល​ខេត្ត​ក្រចេះ​។

លោកស្រី នៅ រតនា បាន​បញ្ជាក់​ថា​ជនសង្ស័យ​បាន​ជួញដូរ​មនុស្ស​ឆ្លងដែន និង​ក្លែង​ឯកសារ ដើម្បី​យក​ស្ត្រី​​រងគ្រោះ​អាយុ​ ២១ ​ឆ្នាំ​ជា​ក្មួយបង្កើត​របស់​ខ្លួន​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង​ទៅ​លក់​ឲ្យ​បុរស​ចិន​តាមរយៈ​បណ្តាញ ពួកគេ​តាំងពី​ ២ ​ឆ្នាំ​មុន​។

លោកស្រី​បន្ត​ថា​បុរស​សង្ស័យ​ឈ្មោះ ពៅ សារ៉ាត់ អាយុ​ ៤៦ ​ឆ្នាំ​ និង​ស្ត្រី​ឈ្មោះ ពៅ ចិន្តា អាយុ​ ៥៥ ​ឆ្នាំ​។ ​ពួកគេ​ជា​បងប្អូន​បង្កើត​នឹង​ម្ដាយ​នារី​រងគ្រោះ​។

លោកស្រី រតនា ​ថា​៖ «​នាងរងគ្រោះ​ត្រូវ​ជនសង្ស័យ​យក​ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន​ ២ ​ដង​រហូត​មាន​ផ្ទៃពោះ​ ៨ ​ខែ​ និង​ត្រូវ​បញ្ជូន​មក​ស្រុក​កំណើត​វិញ​កាលពី​ពាក់​កណ្តាល​ឆ្នាំ​នេះ​»​។

លោកស្រី​បន្ថែម​ថា ខណៈ​នៅ​ប្រទេស​ចិន នារី​រងគ្រោះ​ត្រូវ​បាន​បង្ខំ​ឲ្យ​យក​ប្តី​ចិន និង​រង​ការ​វាយ​ធ្វើ​បាប​ពី​ប្តី​ហើយ​នៅពេល​នាង​រត់គេច​ត្រូវ​ពួកគេ​ចាប់​បាន​យក​លក់​បន្ត​ទៅ​ឲ្យ​បុរស​ចិន​ម្នាក់​ទៀត​។ ដោយ​អត់ទ្រាំ​នឹង​ការ​វាយ​ធ្វើបាប​ពី​ប្តី​ចិន​ទី​ ២ ​មិន​បាន នាង​បាន​រត់​​ទៅ​រក​គេ​ជួយ​ហើយ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​។

លោកស្រី​បញ្ជាក់​ថា​៖ «​អ្វី​ដែល​គួរ​ឲ្យ​អាសូរ​នោះ​គឺ​ចុងក្រោយ​នារី​រងគ្រោះ​គ្មាន​សល់​អ្វី​ក្រៅ​ពី​មាន​កូន​ក្នុង​ពោះ​ដែល​ជិត​គ្រប់​ខែ​ដោយ​គ្មាន​អ្នក​ទទួល​ខុសត្រូវ​ឡើយ​...»​។

ជុំវិញ​ករណី​នេះ​បើ​តាម​របាយការណ៍​ ៦ ​ខែ​ឆ្នាំ​មុន​គឺ​មាន​ស្ត្រី​ ២២ ​នាក់​ត្រូវ​បាន​បញ្ជូន​មកពី​ប្រទេស​ចិន​វិញ​។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បាន​ទេ​។

ប៉ុន្តែ​តាម​សេចក្ដី​រាយការណ៍​របស់​ភ្នំពេញ​ប៉ុស្តិ៍​គិត​ត្រឹម​ខែ​សីហា​នៅ​ឆ្នាំ​នេះ​ថា​មាន​ស្ត្រី​ចំនួន ​៧ ​នាក់​ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​មកពី​ប្រទេស​ចិន​វិញ​៕ NS

រាយការណ៍​បន្ថែម​ដោយ សុទ្ធ គឹមសឿន