ភ្នំពេញៈ ក្រុម​គ្រួសារ​សកម្ម​ជន​ដីធ្លី​បឹង​កក់​ចំនួន​ ៤ នាក់ ​ត្រូវ​បាន​តុលាការបើក​សវនាការ​ជំនុំ​ជម្រះពី​ម្សិលមិញ ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ ​ក្នុង​បទ​ប្រើហិង្សា ​ដោយ​ចេតនា ​កាល​ពី​ជិត ២ ឆ្នាំ​មុន។

លោក​ សេង ហៀង​ ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​កោះហៅ​ឲ្យ​ក្រុមគ្រួសារ​សកម្មជន​ដីធ្លី​ចំនួន​ ៤ នាក់​ មាន​ឈ្មោះ ​អ្នកស្រី ​ង៉ែត ឃុន ​អ្នកស្រី ​អេង ហួយ ​អ្នកស្រី ​អេង ស្រី​ហ៊ាង​ និង​អ្នកស្រី ​អេង សុខា ​ឲ្យ​ចូលរួម​សវនាការ​ពី​ម្សិលមិញ ​ដើម្បី​ឆ្លើយ​ដោះសារ​ពី​ការ​ចោទ​ប្រកាន់​លើ​ខ្លួន តាម​មាត្រា​ ២១៧​ បទ​ហិង្សា​ដោយ​ចេតនា​ ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​វិហារ​អ៊ិស្លាម ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ ២០១៧។

អ្នក​ស្រី ​ង៉ែត ឃុន ​ហៅ​យាយ​មុាំ​មី ​ដែលជា​សកម្មជន​តវ៉ា​សិទ្ធិ​ដីធ្លី​មាន​វ័យ​ជិត ​៨០ ឆ្នាំ ​បាន​ថ្លែង​ក្រោយ​បញ្ចប់​សវនាការ​កាលពី​ម្សិលមិញ​ថា ​ក្នុង​សវ​នាការ​នេះ ​គឺ​គ្មាន​ភាគី​ដើមបណ្តឹង​ចូលខ្លួន​មក​តតាំង​ក្តី​នោះទេ ​គឺមាន​តែ​ក្រុមគ្រួសារ​របស់ខ្លួន​ទាំង​ ៤ នាក់ ​ដែល​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​តែ​ប៉ុណ្ណោះ។ ​

អ្នកស្រី​យល់ថា ​ការកោះហៅ​ពួក​ខ្លួន​ក្នុង​ពេល​នេះ ​គឺជា​ការកៀប​សង្កត់ ​និង​រារាំង​ពួកខ្លួន​កុំ​ឲ្យ​មានការ​ចូលរួម​សកម្មភាព​នៃ​ការ​តវ៉ា​ជាមួយ​ភរិយា​លោក​ រ៉ាត់ រ័ត្ន​មុនី ​តែ​​ប៉ុណ្ណោះ ព្រោះ​ការចោទ​ប្រកាន់នេះ​​ ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ។

អ្នក​ស្រី​បញ្ជាក់ថា​៖ «ការ​កោះហៅ​ពួក​ខ្ញុំ​ហ្នឹង ​ចាប់ផ្តើម​តាំង​ពី​ពួក​ខ្ញុំបាន​ចូលរួម​តវ៉ា​ជាមួយ​អ្នកស្រី ​គឹម​ហ៊ាង ​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក ​រ៉ាត់ រ័ត្ន​មុនី ​ព្រោះ​ពួកគេ​ចង់​បំបែក​ពួក​យើង។ ​យ៉ាងណា​ពួក​ខ្ញុំ​នៅតែ​បន្ត​ការចូលរួម​ជួយ​លោកគ្រូ​មុនី បើ​ទោះជា​មានការ​រារាំង​ក៏ដោយ​ ព្រោះ​ខ្ញុំ​ចង់​បាន​យុត្តិធម៌»។

អ្នក​ស្រី ​អេង សុខា ​កូនស្រី​ និង​ត្រូវជា​ជន​ជា​ប់​ចោទ​ម្នាក់​ទៀត ​បាន​និយាយ​ដែរ​ថា ​ការកោះហៅ​ពួកខ្លួន​នៅ​ពេល​នេះ ហាក់​មានការ​សង្ស័​យ​យ៉ាង​ខ្លាំង ​ព្រោះថា ​នៅពេល​កោះ​ហៅ​ឲ្យ​ចូលនោះ​ តុលាការ ​ព្យាយាម​ដាក់បន្ទុក​មក​លើ​ខ្លួន​ បន្ទាប់​មក​ចៅ​ក្រម​​ជំនុំ​ជម្រះ​ ឈ្មោះ ​រស់ សាម៉ី​ឌី​ បាន​បង្ខំ​ឲ្យ​ពួកខ្លួន​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​ដោយ​ពុំ​ដឹង​ពី​អត្ថន័យ​ក្នុង​លិខិត​ បើទោះជា​ពួកខ្លួន​ ស្នើសុំ​អាន ​និង​មិន​ព្រម​ផ្តិត​មេដៃ​ក៏ដោយ។

អ្នកស្រី​បញ្ជាក់ថា​៖ «ឯ​ក្រឡា​បញ្ជី​ឈ្មោះ​ នៅ សុបិន​ សរសេរ​កំណត់​ហេតុ​បំផ្លើស​ថា ​១ ជេរ​លើ​ជនរងគ្រោះ ​២ អេង ហួយ​នៅ​ក្នុង​ហេតុការណ៍​ចូល​បំបែក ទាំង​ដែល​ពួក​ខ្ញុំមួយចំនួន ​មិនបាន​នៅ​កន្លែង​ផង។​ វា​អយុត្តិធម៌​ណាស់ ​សង្ឃឹម​ថា​ តុលាការ​នឹង​លើក​ការ​ចោទ​ប្រកាន់​មក​ពួក​ខ្ញុំ»។

អ្នកស្រី​ សាត ផា ​ដើម​បណ្តឹង​នៃ​រឿងក្តី​ហិង្សា​នេះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​ខ្លួន​ពិតជា​មាន​ជម្លោះ​ជាមួយ​ចុងចម្លើយ​នោះ​ពិតមែន​ ហើយ​ភ្លាមៗ​ ក្រោយ​មាន​ជម្លោះ ​ខ្លួន​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​សង្កាត់​ស្រះចក ​ដើម្បី​ស្វែងរក​យុត្តិធម៌ ពី​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន ​តែ​ក្រោយ​ពី​ការដាក់​ពាក្យ​ប្តឹង​នេះ​មក គឺ​ខ្លួនមិន​ដែលដឹង ​និង​ត្រូវបាន​តុលា​ការកោះហៅ​ក្នុងនាម​ជា​ដើម​បណ្តឹង​ម្តងណា​ឡើយ​ ហើយ​​ក្នុង​ករណី​សវនាការ​លើក​នេះ​ ក៏​ខ្លួន​ពុំបាន​ដឹង​ដែរ។

អ្នកស្រី​បញ្ជាក់ថា​៖ «ខ្ញុំ​សុំ​ឲ្យ​តែមាន​យុត្តិធម៌ ​តែ​ការ​ខ្ញុំ​ដាក់ពាក្យ​ប្តឹង​ហ្នឹង​ ខ្ញុំ​ខឹង​ពេក ​ដែល​សុខៗ​មក​វ៉ៃ​ខ្ញុំ ហើយ​បាត់​លុយ​ និង​ទូរស័ព្ទ​របស់​ខ្ញុំ ​អ៊ីចឹ​ងខ្ញុំ​ចង់​ឲ្យ​មាន​សំណង​មក​ខ្ញុំ តែ​តុលាការ​គេ​ចោទ​ពី​អី ក៏​ខ្ញុំ​អត់​ដឹង​ដែរ ​ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ទទួល​លិខិត​អី​ពី​តុលាការ​សោះ ​តាំង​ពី​ខ្ញុំ​ដាក់​ប្តឹង​ហ្នឹង»។

លទ្ធផល​នៃ​សវនាការ ​យ៉ាងណា​នោះ​ តុលាការ​នឹង​ប្រកាស​សាលក្រម​សម្រេច​លើ​សកម្មជន​ទាំង ៤ នាក់​ នាថ្ងៃ​ទី ១​ ខែ​ មេសា​ ឆ្នាំ​ ២០១៩។

ភ្នំពេញ​ប៉ុស្តិ៍​ មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​លី សុ​ផា​ណា​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានទេ​ កាលពី​ថ្ងៃម្សិល​មិញ ​ព្រោះ​លោក​មិន​ឆ្លើយ​តប៕