ពោធិ៍សាត់ៈ ក្រុមគ្រួសារសាច់ញាតិសពទណ្ឌិតដែលបានស្លាប់ក្នុងពន្ធនាគារខេត្តពោធិ៍សាត់កាលពីថ្ងៃចន្ទនឹងដាក់ពាក្សបណ្តឹងទៅតុលាការឱ្យស៊ើបអង្កេតករណីស្លាប់នេះដោយគ្រួសារសពអះអាងថាជាករណីឃាតកម្មមិនមែនជាការធ្វើអត្តឃាតនោះទេ។
ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស ៣ ឆ្នាំជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនប្រព្រឹត្តនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៤។ ទណ្ឌិតរូបនេះត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី ៤ ស្រុកភ្នំក្រវាញកាលពីថ្ងៃទី ៥ ឧសភា ឆ្នាំ ២០១៤ តែបានស្លាប់កាលពីថ្ងៃចន្ទនៅក្នុងបន្ទប់ទឹកដោយសមត្ថកិច្ចអះអាងថាជាការធ្វើអត្តឃាតខ្លួនឯង។
បងប្រុសបង្កើតរបស់ទណ្ឌិតគឺលោក តូច វណ្ណារ៉ា បានឲ្យដឹងកាលពីម្សិលមិញថាលោកនឹងស្វែងរកយុត្តិធម៌ជូនប្អូនប្រុសរបស់លោកដោយដាក់ពាក្យប្តឹងទៅតុលាការឱ្យស៊ើបអង្កតករណីនេះ។
លោកកំពុងពិភាក្សាជាមួយមន្ត្រីសិទ្ធិមនុស្សអាដហុកប្រចាំខេត្តដើម្បីធ្វើតាមនីតិវិធីច្បាប់។ លោកបានរៀបរាប់ថាមុនប្អូនប្រុសរបស់លោកស្លាប់បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារថានៅក្នុងពន្ធនាគារមានគេធ្វើបាប និងធ្វើទុក្ខបុកម្នេញជាខ្លាំងហើយស្នើសុំលុយពីគ្រួសារដើម្បីផ្លាស់ប្តូរបន្ទប់។
លោកថា៖ «វា(ទណ្ឌិត) ខ្ចីទូរស័ព្ទគេតេប្រាប់ខ្ញុំនៅម៉ោង ៦ ល្ងាចថ្ងៃ ៣១ មករាថាគេធ្វើបាបវាខ្លាំងណាស់សុំលុយខ្លះដើម្បីសុំគេប្តូរបន្ទប់ហើយវាថាព្រលឹមឡើងឱ្យម៉ែជិះឡានមកឱ្យលឿនគេទាត់វាចំកញ្ចឹងកវេទនាណាស់ គេវ៉ៃ គេធ្វើបាបរហូត»។
លោកថា៖ «និយាយរួមប្អូនខ្ញុំមិនចង់ងាប់បើវាចង់ងាប់មានរឿងអីតេមកខ្ញុំឱ្យខ្ញុំជួយ»។ លោកបន្តថាមួយវិញទៀតនៅពេលសម្អាតសាកសពឃើញមានស្នាមរបួសនៅកញ្ចឹងក និងស្នាមរបួសហូរឈាមនៅជើងដែលករណីនេះលោកចាត់ទុកថាមានគេវៃ និងសម្លាប់តាមក្រោយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់លោក ភួង សុធា បានថ្លែងថាលោកកំពុងទាក់ទងជាមួយគ្រួសារសពជនរងគ្រោះដើម្បីរៀបចំនីតិវិធីច្បាប់សម្រាប់ដាក់ភ័ស្តុតាងដើម្បីប្តឹងទៅតុលាការឱ្យជួយរកយុត្តិធម៌។
ប្រធានមណ្ឌលអប់រំកែប្រែទី ៤ ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លោក អ៊ុក គឹមជន ថ្លែងថាការដែលគ្រួសារសពទណ្ឌិតប្តឹងទៅតុលាការជាសិទិ្ធរបស់គេតែសម្រាប់លោកនៅតែអះអាងថាការស្លាប់នោះជារឿងអត្តឃាតខ្លួនឯង។
លោកអះអាងថាមណ្ឌលកែប្រែរបស់លោកមិនមានការរំលោភសិទ្ធិមនុស្ស ឬធ្វើបាបអ្នកទោសនោះទេ។ លោកថា៖ «ព្រោះនៅទីនេះគ្មានការប្រើអំពើហិង្សា ឬការគាបសង្កត់ផ្លូវចិតទៅលើទណ្ឌិតណាម្នាក់ទេគឺយើងគ្រប់គ្រងតាមបែបមនុស្សធម៌ប៉ុន្តែបើខាងគ្រួសារគេមិនសុខចិត្តហើយប្តឹងជាសិទ្ធិរបស់គាត់»។
យោងតាមរបាយការណ៍ធ្វើកោសល្យវិច័យរបស់ក្រុមអ្នកជំនាញពិនិត្យឃើញថាសពរបស់ទណ្ឌិត តូច វណ្ណារ៉េត មានស្នាមទ្រុឌត្រង់ចំណុច ក (ទ្រុឌជារង្វង់ដោយកន្សែងពណ៌ត្រួយចេកប្រវែង ១.៦៦ ម៉ែត្រ) ប្រដាប់ភេទពិនិត្យឃើញធ្លាក់ទឹកកាម និងមានស្នាមឈាមហូរចេញប្រលាក់ជើងឆ្វេង (ដោយមូលហេតុសត្វស្រមោចរោមនឹងខាំ) ផ្នែកខាងក្រោយរន្ធគូទធ្លាក់ឈាមបន្តិច។
របាយការណ៍បន្តថា ដោយឡែកអវយវៈ និងដងខ្លួនពុំមានស្លាកស្នាមអ្វីដែលគួរឱ្យកត់សម្គាល់ទេ។ សាកសពស្លាប់បណ្តាលមកពីធ្វើអត្តឃាត (ចងកសម្លាប់ខ្លួនពិតប្រាកដមែន)។
យ៉ាងនេះក្តីទាំងសង្គមស៊ីវិល និងគ្រួសារសពមិនជឿលើការធ្វើកោសល្យវិច័យនោះទេដោយនៅតែចាត់ទុកថាជារឿងមនុស្សឃាតក្នុងពន្ធនាគារ។
លោក វណ្ណារ៉ា ថា៖ «គេចេះតែនិយាយថាចងកម៉ោង ៤ ឬ ម៉ោង ៥ ទៀបភ្លឺតាមពិតគេវ៉ៃប្អូនខ្ញុំស្លាប់មិនដឹងម៉ោងប៉ុន្មានទេខ្ញុំសង្ស័យថាងាប់ក្រោយពេលវាទូរស័ព្ទមកខ្ញុំហើយប្រាប់រឿងរ៉ាវពីគេធ្វើបាបវា»៕