ភ្នំពេញៈ បន្ទាប់ពីបើកកិច្ចប្រជុំពីរថ្ងៃជាប់គ្នាសាលារាជធានី និងក្រុមគ្រួសារសពបានឯកភាពគ្នាត្រង់ចំណុចសេសសល់ដោយអាជ្ញាធរអនុញ្ញាតឱ្យហែសពលោក កែម ឡី តាមផ្លូវធំខណៈភាគីសពព្រមធ្វើពិធីដង្ហែនេះដោយយានជំនិះចៀសវាងការដង្ហែដោយថ្មើរជើង។
ក្រោយបញ្ចប់កិច្ចប្រជុំលើកទីពីរម្សិលមិញសាលារាជធានីបានធ្វើកំណត់ហេតុដោយសម្រេចថាគ្រួសារសព និងអ្នករៀបចំកម្មវិធីដង្ហែបានឯកភាពគ្នាជាមួយរដ្ឋបាលរាជធានីធ្វើការហែសពចេញដំណើរពីវត្តពោធិ៍យារាមហៅវត្តចាស់នៅវេលាម៉ោង ៧ ព្រឹកដោយប្រើរថយន្ត និងម៉ូតូរួចចេញដំណើរតាមផ្លូវជាតិលេខ ៦ រួចបន្តដំណើរតាមមហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅរង្វង់មូលចោមចៅរួចបន្តដំណើរតាមផ្លូវជាតិលេខ ៣ ដោយមិនមានការដង្ហែសពតាមថ្មើរជើងឡើយ។
លោក នឿន ចាន់នី បងថ្លៃសពលោក កែម ឡី លើកឡើងថាបន្ទាប់ពីបានឯកភាពគ្នាខាងក្រុមគ្រួសារសព និងគណៈកម្មការរៀបចំបាននិងកំពុងរៀបចំជាបណ្តើរៗនូវសម្ភារបម្រើឱ្យការងារដង្ហែសពដូចជាទទួលបានរថយន្តចំនួន ៣០ គ្រឿង និងមានការឧបត្ថម្ភសម្ភារផ្សេងៗទៀត។
លោកស្នើសុំកិច្ចសហការពីអាជ្ញាធរមូលដ្ឋានការពារសន្តិសុខដើម្បីឱ្យសពបានទៅដល់ទីតាំងបញ្ចុះដោយសុវត្ថិភាព។
អភិបាលរងរាជធានីលោក ឃួង ស្រេង ថ្លែងថាក្នុងនាមអាជ្ញាធរដែនដីលោកនឹងខិតខំយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ពិសេសបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
តែលោកព្រមានថា «ប្រសិនបើជនឆ្លៀតឱកាសប្រើប្រាស់ការដង្ហែសពបម្រើឱ្យឆន្ទៈនយោបាយអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការក្នុងគោលដៅថែរក្សាសន្តិសុខខណៈអាជ្ញាធរខណ្ឌពាក់ព័ន្ធនឹងត្រូវដាក់កម្លាំងតាមដងផ្លូវដែលក្បួនឆ្លងកាត់»។
យ៉ាងនេះក្តីលោកសង្កត់ធ្ងន់ថាបើប្រជាពលរដ្ឋចូលរួមដើរថ្មើរជើងនឹងទទួលខុសត្រូវដោយខ្លួនឯងនៅពេលមានបញ្ហាកើតឡើង។ «វិធានការយើងមានតែយើងនឹងអំពាវនាវដល់បងប្អូនយោគយល់បញ្ហានេះព្រោះកាលណាធ្វើផ្តេសផ្តាសវាខូចសណ្តាប់ធ្នាប់សាធារណៈ ...បើគាត់ធ្វើបែបអនាធិបតេយ្យគាត់ទទួលខុសត្រូវខ្លួនឯង»។
លោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី ថ្លែងថាមូលហេតុដែលចង់ហែសពនៅលើផ្លូវធំដោយសារលោកតែងតែទទួលបានទូរស័ព្ទសំណូមពរពីមហាជនថាសពនេះជាសពរបស់មហាជន។
តែស្នងការរងនគរបាលជាតិលោក ស៊ឹម វុទ្ធី សម្តែងការព្រួយបារម្ភដោយសារថ្មីៗនេះមានជនឆ្លៀតឱកាសបានធ្វើការអំពាវនាវឲ្យមានការដង្ហែសពពេញទីក្រុងភ្នំពេញ។
លោកថា៖«អ្នករៀបចំកម្មវិធីត្រូវអនុលោមតាមការឯកភាពគ្នាចៀសវាងមានជនឆ្លៀតឱកាសបង្វែរការហែសពខុសគោលដៅហើយនៅពេលហែខុសផ្លូវសមត្ថកិច្ចនឹងធ្វើការហាមឃាត់ព្រមទាំងណែនាំឱ្យហែសពឱ្យបានត្រឹមត្រូវជាហេតុធ្វើឱ្យព្រលឹងមិនស្ងប់»។
ក្នុងកំណត់ហេតុបន្តថាមន្ទីរសុខាភិបាលរាជធានីត្រូវចាត់រថយន្តសង្គ្រោះចំនួន ២ គ្រឿងសម្រាប់តាមក្បួននេះខណៈស្នងការរាជធានីភ្នំពេញនឹងត្រូវចាត់ម៉ូតូស៊ីរ៉ែន ១ គ្រឿងដើម្បីនាំក្បួន។
ប្រធានបណ្តាញយុវជនកម្ពុជា និងជាសមាជិកគណៈកម្មការបុណ្យសពលោក ទឹម ម៉ាឡៃ ថ្លែងថាគណៈកម្មការនៅតែអំពាវនាវដល់បងប្អូនដែលចូលរួមដង្ហែសពត្រូវប្រើយានជំនិះ និងរក្សាភាពស្ងប់ស្ងាត់។ តែលោកមិនអាចហាមឃាត់ពលរដ្ឋដែលចង់ចូលរួមដោយថ្មើរជើងបានទេ។
លោកថា៖ «ប្រសិនបើប្រជាពលរដ្ឋចង់ដើរតាម ២០ ឬ ៣០ ម៉ែត្រចង់ឈរមើល ឬចង់ដើរតាមពីបីគីឡូម៉ែត្រសួរថាតើយើងត្រូវហាមឃាត់ម៉េចបើគាត់ចង់ចូលរួមនេះជាសិទ្ធិរបស់គាត់ក្នុងការបង្ហាញការគាំទ្រសពលោក កែម ឡី»។
សពលោកបណ្ឌិត កែម ឡី នឹងត្រូវហែនៅថ្ងៃអាទិត្យ ទី ២៤ ខែកក្កដានេះវេលាម៉ោង ៧ ព្រឹកឆ្ពោះទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕