
ពោធិ៍សាត់ៈ ក្រុមគ្រួសារពលករ ២៥ នាក់ ដែលមេខ្យល់បោកប្រាស់នាំទៅធ្វើការខុសច្បាប់នៅប្រទេស ប៊្រុយណេ រាប់ខែហើយបាត់ដំណឹងសូន្យបានស្នើសុំឲ្យសមត្ថកិច្ចរបស់រដ្ឋាភិបាលនិងក្រុមអង្គការសិទ្ធិមនុស្សនៅក្នុងខេត្ត ពោធិ៍សាត់ ជួយអន្តរាគមន៍ដើម្បីបានពួកគេត្រឡប់មកស្រុកកំណើតវិញ។
អ្នកស្រី សែម សួន អាយុ ៤៨ ឆ្នាំជាអ្នកភូមិនៅស្រុក ភ្នំក្រវាញ បានឲ្យដឹងពីថ្ងៃម្សិលមិញថា អ្នកស្រីបានដាក់ពាក្យប្តឹងទៅអង្គការ លីកាដូ នៅខេត្តនេះឲ្យជួយអន្តរាគមន៍នាំប្ដីគាត់ដែលទៅធ្វើការនៅប្រទេស ប្រ៊ុយណេ តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១២ ឲ្យបានវិលត្រឡប់មកផ្ទះវិញ។
អ្នកស្រីថា៖ «ប្ដីខ្ញុំនិងពលករ ២៤ នាក់បានទៅធ្វើការជាកម្មករចម្ការដូងប្រេងនៅប្រទេស ប្រ៊ុយណេ តាមមេខ្យល់ម្នាក់នៅក្នុងភូមិជាមួយដោយគេធានាផ្ដល់ការងារបានប្រាក់ឈ្នួលខ្ពស់»។
អ្នកស្រី សួន បញ្ជាក់ថា គាត់មិនអាចទាក់ទងសួរដំណឹងពីប្តីបានទេចាប់ពីខែ កក្កដា បន្ទាប់ពីប្ដីគាត់ប្រាប់ថា ត្រូវអាជ្ញាធរនៅ ប្រ៊ុយណេ ចាប់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ប៉ូលិស ហើយលើកចុងក្រោយគឺពលករ ២៥ នាក់នោះថា ត្រូវសមត្ថកិច្ចបញ្ជូនទៅដាក់ក្នុងជំរំដែលពួកគេមិនដឹងថា ជាជំរំអ្វីនិងនៅទីណានោះទេ។
ភរិយាពលករម្នាក់នេះបន្តថា ៖ «បើសិនដឹងថាវាមានបញ្ហាដូច្នេះ ខ្ញុំនឹងមិនឲ្យគាត់ទៅទីនោះទេ។ នេះមកតែពីភាពក្រីក្រទើបខ្ញុំឲ្យប្តីចេញទៅរកប្រាក់មកចិញ្ចឹមគ្រួសារ។ ឥឡូវ ខ្ញុំមិនដឹងថា រស់យ៉ាងម៉េចទេ បើសិនគាត់មានគ្រោះថ្នាក់ឬក៏ស្លាប់នោះ»។
អ្នកស្រី សួន បន្តថា ពលករខ្លះចេញពីផ្ទះតាំងពីឆ្នាំ ២០១០ ហើយក្រុមគ្រួសារមិនទទួលដំណឹងអ្វីសោះរហូតមកដល់ពេលនេះ។ គាត់ថា៖ «ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលនិងអង្គការពាក់ព័ន្ធ អន្តរាគមន៍ជួយដល់ប្តីខ្ញុំនិងពលករឯទៀតឲ្យបានវិលមកស្រុកកំណើតវិញផង។ យើងកំពុងរង់ចាំពួកគេដោយក្តីបារម្ភ»។
កញ្ញា មិត្ត សាមួន មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្ត ពោធិ៍សាត់ បានថ្លែងថា កញ្ញាបានទទួលពាក្យបណ្ដឹងពីគ្រួសារពលករទាំង ២៥ នាក់នោះហើយក្នុងនោះមានពីរនាក់មកពីខេត្ត បាត់ដំបង ហើយកំពុងធ្វើអន្តរាគមន៍លើករណីនេះ។
កញ្ញថ្លែងថា៖ «ខ្ញុំ ចុះទៅស៊ើបអង្កេតដល់ផ្ទះពួកគេពីម្សិលមិញ ហើយខ្ញុំបានជូនដំណឹងពីករណីនេះ ទៅស្នងការនគរបាលខេត្តរួចហើយដែរ»។
ក្នុងឆ្នាំនេះ អង្គការ លីកាដូ បានទទួលបណ្ដឹង ១៧ ករណី មានជនរងគ្រោះ ៧៦ នាក់ ក្នុងនោះជួយអន្តរាគមន៍នាំ ៥ នាក់ឲ្យមកផ្ទះវិញដោយសុវត្ថិភាព។
កញ្ញា មិត្ត សាមួន អះអាងថា ៖ «ខ្ញុំគិតថាដោយសារតែការមិនទទួលបានព័ត៌មាន ខ្វះចំណេះដឹង និងភាពក្រីក្រនោះ ទើបបានជាធ្វើឲ្យពួកគាត់សម្រេចចិត្តធ្វើចំណាកស្រុកទៅធ្វើការខុសច្បាប់នៅប្រទេសផ្សេងដោយគ្មានពិចារណា ខណៈឮមេខ្យល់បោកថា ពួកគេនឹងទទួលបានការងារមានប្រាក់ឈ្នួលខ្ពស់»។
លោកស្រី ក្ដាន់ សុផល ស្នងការរងនគរបាលខេត្ត ពោធិ៍សាត់ ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែ តាមកញ្ញា មិត្ត សាមួន អះអាងថា នាងបានទៅជួបផ្ទាល់ ហើយលោកស្រីស្នងការរងបានឲ្យនាងនាំសមាជិកក្រុមគ្រួសារជនរងគ្រោះទាំងអស់នោះទៅជួបគាត់ដើម្បីសួរនាំនៅថ្ងៃសុក្រនេះ។
កញ្ញា សាមួន បញ្ជាក់ថា៖ «ខាងសមត្ថកិច្ចចង់សួរនាំព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងពលករទាំង ២៥ នាក់នោះ»៕ PN