The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រួសារ​ស្វែង​រក​កូន​ដែល​សង្ស័យ​ថា​ត្រូវ​បាន​បាញ់​ស្លាប់

គ្រួសារ​ស្វែង​រក​កូន​ដែល​សង្ស័យ​ថា​ត្រូវ​បាន​បាញ់​ស្លាប់

គ្រួសារ​ស្វែង​រក​កូន​ដែល​សង្ស័យ​ថា​ត្រូវ​បាន​បាញ់​ស្លាប់

140114_07
កងកម្លាំងរដ្ឋាភិបាល នាំខ្លួនកម្មករម្នាក់ក្រោយពីវាយដំឲ្យរងរបួសធ្ងន់ ក្នុងការប៉ះទង្គិចគ្នានៅផ្លូវវ៉េងស្រេងកាលពីថ្ងៃទី ៣ មករា ម៉ៃ វីរៈ

ភ្នំពេញៈ ក្រុម​គ្រួសារ​សង្ឃឹម​ថា សុផាត ស្ថិត​ក្នុង​ចំណោម​បាតុករ ២៣ នាក់ ដែល​គេ​ឃុំ​ឃាំង​ដោយ​សម្ងាត់ នៅ​ពន្ធនាគារ ម ៣ នៅ​ខេត្ត កំពង់ចាម ប៉ុន្តែ ក្រុម​សិទិ្ធ​មនុស្ស​បាន​ថ្លែង​ថា ពួក​គេ​មិន​បាន​រក​ឃើញ​យុវជន​រូប​នេះ​នៅ​ទី​នោះ​ទេ នៅ​ពេល​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​អ្នក​ទាំង​ឡាយ​ដែល​ជាប់​ឃុំ​កាល​ពី​ថ្ងៃ ពុធ សប្តាហ៍​មុន។

លោក​ស្រី Naly Pilorge នាយិកា​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ថ្លែង​ថា៖ «យើង​ទាំង​អស់​គ្នា កំពុង​តែ​ស្វែង​រក​គាត់ ប៉ុន្តែ​មិន​ទាន់​អាច​រក​ឃើញ​នៅ​ឡើយ​ទេ ដូច្នេះ ឥឡូវ​នេះ យើង​បាន​សួរ​គ្រួសារ ថា​តើ​គេ​ចង់​ធ្វើ​សេចក្តី​ប្រកាស​តាម​វិទ្យុ ឬ​យ៉ាង​ណា?»។

លោក ចាន់ សុវ៉េត អ្នក​ស៊ើប​អង្កេត នៅ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ដែល​ក្រុម​គ្រួសារ សុផាត បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន បាន​ថ្លែង​ថា លោក​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។ លោក សុវ៉េត បាន​បញ្ជាក់​ថា៖ «សាក​សព​គាត់​មិន​ត្រូវ​បាន​រក​ឃើញ​ទេ ដូច្នេះ គាត់​អាច​ចាត់​ទុក​ថា បាត់​ខ្លួន។ ប៉ុន្តែ​យើង​អាច​និយាយ​ថា ៩៩ % ច្បាស់​ណាស់​ថា គាត់​មិន​រស់​ទេ។ ដូច្នេះ គាត់​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​អ្នក​ស្លាប់​របស់​យើង [ដែល​មាន​ចំនួន ៥ នាក់​គិត​ចាប់​ពី​បាតុកម្ម]»។

អង្គការ លីកាដូ បាន​បន្ថែម ថា លោក សុផាត មិន​បាន​ដាក់​ចូល​ក្នុង​បញ្ជី​អ្នក​ស្លាប់​ទាំង ៤ នាក់ ពី​ការ​បង្ក្រាប​នោះ​ទេ ហើយ​អង្គការ​នេះ កំពុង​តែ​ចាត់​ទុក​គាត់​ជា​ជន​បាត់​ខ្លួន ខណៈ​ដែល​គាត់​មិន​ឃើញ​នៅ ម ៣ ឬ​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៣ នាក់​ដែល​រង​របួស។

បញ្ជី​អ្នក​ស្លាប់ ៦ នាក់​របស់​គណបក្ស​ប្រឆាំង ក៏​មិន​បាន​ដាក់​ឈ្មោះ​របស់​លោក សុផាត ឬ​ឈ្មោះ ក្លែង ដែល​គាត់​ប្រើ​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​នៅ​រោងចក្រ គឺ អ៊ុង ចាន់ធឿន នោះ​ទេ។

យ៉ាង​ណា​ក្តី លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​យុតិ្តធម៌​កណ្តាល ក្រសួង មហាផ្ទៃ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ករណី​មនុស្ស​បាត់​ខ្លួន ដែល​ចាប់​យក​ទៅ​បាត់ ដោយ​កងទ័ព និង​កង​រាជ​អាវុធហត្ថ គឺ​គ្រាន់​តែ​ពាក្យ​ចចាម​អារ៉ាម ដែល​ផ្សាយ​ចេញ​ពី​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ។ លោក​បាន​ថ្លែង​ថា៖ «យើង​មិន​បាន​ដឹង​ទេ​ថា តើ​វា​ពិត ឬ​មិន​ពិត។ គេ​គ្រាន់​តែ​និយាយ​បែប​នោះ ជា​ពិសេស គឺ​គណបក្ស​ប្រឆាំង»។ លោក​បាន​ស្នើ​ឲ្យ​ឪពុក​ម្តាយ​អ្នក​បាត់​ខ្លួន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល។

«យើង​នឹង​រក​មនុស្ស​បាត់​ខ្លួន​ឲ្យ​ពួក​គេ ប្រសិន​បើ​គេ​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល។ កុំ​គ្រាន់​តែ​និយាយ»។

ប៉ុន្តែ គ្រួសារ សុផាត បាន​ថ្លែង​ថា គេ​ខ្លាច​ណាស់ មិន​ចង់​ស្នើ​សុំ​ព័ត៌មាន ពី​អាជ្ញាធរ​ទេ ហើយ​គេ​នឹង​បន្ត​ស្វែង​រក​កូន​ប្រុស​របស់​ខ្លួន​បើ​ទោះ​បី​ជា​ពួក​គេ​ទទួល​ស្គាល់​ថា សុផាត អាច​ស្លាប់​ហើយ​ក៏​ដោយ។

ឪពុក សុផាត លោក ខឹម សឿន បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​មាន​ក្តី​សង្ឃឹម​រក​ឃើញ​កូន​ខ្ញុំ​នៅ​រស់​ទេ។ កូន​ប្រុស​ខ្ញុំ​បាន​បាត់​ខ្លួន​ដោយ​គ្មាន​ដាន។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​ស្វែង​រក​គេ»។

វា​មាន​រយៈ​ពេល​មួយ​សប្តាហ៍​ហើយ ចាប់​តាំង​ពី​គ្រួសារ​របស់ លោក ខឹម សុផាត ប្រារព្ធ​ពិធី​បុណ្យ​សព​របស់​កូន​ខ្លួន​ដែល​សង្ស័យ​ថា ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​លើក​បោះ​ចូល​ទៅ​ក្នុង​រថយន្ត​យោធា ខណៈ​គាត់​មាន​របួស​ធ្ងន់ និង​ហូរ​ឈាម​ខ្លាំង​ចេញ​ពី​ទ្រូង​នៅ​ក្នុង​អំឡុង​នៃ​ការ​ប៉ះ​ទង្គិច គ្នា​ដ៏​ហិង្សា​រវាង​បាតុករ និង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល កាល​ពី​ថ្ងៃ ទី៣ មករា។

ដោយ​មិន​មាន​សាក​សព​នៅ​ក្នុង​មឈូស​រូប​ថត​ត្រូវ​បាន​ដាក់​នៅ​មុខ​មឈូស ដើម្បី​ជា​និមិត្តរូប ចំពោះ សុផាត ដែល​មាន​អាយុ ១៦ ឆ្នាំ។ បើ​ទោះ​បី​ជា​ឪពុក​ម្តាយ​របស់ សុផាត គិត​ថា កូន​របស់​ពួក​គាត់​បាន​ស្លាប់​ក៏​ដោយ ក៏​គាត់​នៅ​តែ​ខិតខំ​ព្យាយាម​ស្វែង​រក​សព​កូន​ដែរ។

ឪពុក​របស់ សុផាត លោក ខឹម សឿន អាយុ ៤១ឆ្នាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្រៅ​បន្ទប់​ជួល​របស់​កូន​ប្រុស​លោក​ដែល​មាន​ចម្ងាយ​ប្រមាណ​ពីរ​បី​រយ​ម៉ែត្រ ពី​រោងចក្រ​ដែល​កូន​លោក​ធ្វើ​ការ​ថា៖ «ខ្ញុំ​ស្វែង​រក​សព​កូន​របស់​ខ្ញុំ​នៅ​តាម​វត្ត​មន្ទីរពេទ្យ និង​គ្លីនិក។ កន្លែង​ណា​ក៏​ដោយ ដែល​យើង​បាន​ទៅ​យើង​បាន​សួរ​អំពី​កូន​របស់​យើង ប៉ុន្តែ​យើង​មិន​បាន​ដំណឹង​អ្វី​ទាំង​អស់»។ លោក​បន្ត​ថា៖ «យើង​គ្រាន់​តែ​ចង់​ដឹង​ថា តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​កូន​ខ្ញុំ ថា​តើ​កូន​ខ្ញុំ នៅ​រស់​ឬ​ស្លាប់។ ប្រសិន​បើ​ស្លាប់​យើង​ត្រូវ​ការ​ឃើញ​សាក​សព»។

ដោយ​ទៅ​ធ្វើការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ សុផាត បាន​ឃើញ​រោងចក្រ​របស់​ខ្លួន​បិទ​ទ្វារ ហើយ​បាន​ទៅ​តាម​កម្មករ​ដទៃ​ទៀត ទៅ​ផ្លូវ វ៉េងស្រេង ដែល​ជា​កន្លែង​កម្មករ​ជាច្រើន បាន​ប៉ះទង្គិច​គ្នា ជាមួយ​កង​រាជ​អាវុធហត្ថ និង​កម្លាំង​ប្រដាប់​អាវុធ​ដទៃ​ទៀត​ហើយ​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន។

មិត្តភក្តិ​របស់ សុផាត ដែល​ធ្វើ​ការ​ជាមួយ​គ្នា អាយុ ១៨ឆ្នាំ ឈ្មោះ ស្រី រី បាន​ថ្លែង​ថា បាតុករ​ផ្សេង​ទៀត​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ទាហាន នៅ​ពេល​ទាហាន​បើក​ការ​បាញ់​គ្រាប់​ពិត​មក​លើ​កម្មករ។ នាង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ខ្ញុំ​បាន​រត់ ដើម្បី​ការពារ​ជីវិត​របស់​ខ្ញុំ និង​បាន​ក្រាប​ហើយ​នៅ​ពេល​ខ្ញុំ​ក្រោក​ឡើង​ដៃ​របស់​ខ្ញុំ ត្រូវ​បាន​បាញ់​ចំ។ អ្នក​ជិត​ខាង​របស់​ខ្ញុំ បាន​ជួយ​ខ្ញុំ​គេច​ចេញ​ពី​កន្លែង​នោះ យក​ខ្ញុំ​ទៅ​បន្ទប់​ជួល បើ​មិន​ដូច្នោះ​ទេ​ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ដាក់​ឡាន​ដូច សុផាត»។

នាង រី និយាយ​បន្ត​ថា៖ «សុផាត នៅ​ចម្ងាយ​ប្រហែល ៣០ ម៉ែត្រ​ពី​ខ្ញុំ។ ខ្ញុំ​មិន​បាន​ឃើញ សុផាត ត្រូវ​បាន​បាញ់​ចំ​ដោយ​ផ្ទាល់​ភ្នែក​ទេ។ ខ្ញុំ​គ្រាន់​តែ​ឃើញ​គាត់​ដេក​នៅ​នឹង​ដី ដោយ​មាន​របួស​ធ្ងន់​ធ្ងរ​ត្រង់​ទ្រូង។ ខ្ញុំ​ឃើញ​ឈាម​ហូរ។ អ្នក​ជិត​ខាង​ម្នាក់​បាន​ព្យាយាម​ទៅ​យក​គាត់​ចេញ ប៉ុន្តែ​ឈាម​ហូរ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​គាត់​បាន​សុំ​ឲ្យ​ទុក​គាត់​ចោល​នៅ​ទី​នោះ»។ «ហើយ​គាត់​ត្រូវ​បាន​ចាប់​ដាក់​ឡាន​ទាហាន ហើយ​ដឹក​ចេញ​ទៅ​បាត់»៕ PS/TK

អត្ថបទគួរចាប់អារម្មណ៍