បន្ទាយមានជ័យៈ គ្រឿងក្នុងជ្រូកចំនួន ១៦ កេស ស្មើនឹង ១ ០៩៤ គីឡូក្រាម ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់បាន និងដុតកម្ទេចចោល ដោយសារមានក្លិនមិនល្អ និងមានដាក់ថ្នាំរក្សាឲ្យបានយូរ រីឯអ្នកបើករថយន្តក្រុង សមត្ថកិច្ចកំពុងសាកសួរ បន្ទាប់ពីបង្ក្រាបបានកាលពីថ្ងៃទី ៣០ វិច្ឆិកា នៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ចាប សុផារិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ប្រាប់កាលពីថ្ងៃទី ២ ខែធ្នូ ថាករណីគ្រឿងក្នុងជ្រូកចំនួន ១ ០៩៤ គីឡូក្រាម ដែលនាំចូលពីប្រទេស ថៃ ហើយដែលសមត្ថកិច្ចរបស់លោកចាប់បាននោះ លោកបានដុតកម្ទេចចោលហើយកាលពីថ្ងៃទី ១ ខែធ្នូ។ ចំពោះផលិតផលនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ថា គ្រឿងក្នុងជ្រូកដែលចាប់បាននេះមុននឹងដុតកម្ទេចចោលក៏មានការចូលរួមត្រួតពិនិត្យពីមន្ត្រីជំនាញបសុពេទ្យខេត្តបន្ទាយមានជ័យផងដែរ។ មន្ត្រីជំនាញបញ្ជាក់ថា សាច់ គ្រឿងក្នុងជ្រូកទាំង ៨ ប្រភេទនោះមានក្លិនមិនល្អ និងមានដាក់ថ្នាំកុំឲ្យឆាប់ស្អុយដែលនេះអាចប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
លោកស្នងការរងប្រាប់ថាក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះ សៅ នរ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ នៅភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប៉ុន្តែលោកមិនទាន់ប្រាកដថា នឹងត្រូវឃុំខ្លួនជននោះឬយ៉ាងណាទេ អាស្រ័យលើព្រះរាជអាជ្ញាជាអ្នកសម្រេច។
លោក ចាប សុផារិទ្ធ ថ្លែងថា៖ «ពាក់ព័ន្ធការឃុំខ្លួនយ៉ាងណានោះខ្ញុំមិនទាន់ច្បាស់ទេ ព្រោះខ្ញុំកំពុងសាកសួរគាត់រកមូលហេតុពិតជុំវិញការដឹកទំនិញនេះ»។
លោករំឭកថាកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានរថយន្ត ១ គ្រឿងបានដឹកកេសទំនិញគួរឲ្យសង្ស័យនៅចំណុចភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ពេលនោះ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន ៤ នាក់ ចុះធ្វើការត្រួតពិនិត្យឆែកឆេររថយន្តក្រុងដឹកអ្នកដំណើរ ១ គ្រឿង របស់ក្រុមហ៊ុនឫទិ្ធ មុនី ម៉ាកមីតស៊ុយប៊ីហ្ស៊ី ពណ៌ខៀវ ផលិតឆ្នាំ ១៩៩៨ ពាក់ស្លាកលេខបាត់ដំបង 3A-0224 នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឆែកឆេរឃើញកេសចំនួន ១៦ ដែលក្នុងកេសនោះមានផលិតផលគ្រឿងក្នុងជ្រូក។
លោកបន្តថា ក្រោយប្រមូលកេសទំនិញពីរថយន្តក្រុងដឹកអ្នកដំណើរនោះដែលមានការចូលរួមពីព្រះរាជអាជ្ញាផងនោះ សមត្ថកិច្ចឆែកឃើញមានប្រភេទគ្រឿងក្នុងជ្រូក សាច់ជ្រូក ដូចជា ឆ្អឹងជំនីរជ្រូក ទម្ងន់ ២០២ គ.ក្រ អណ្តាតជ្រូកទម្ងន់ ៧០ គ.ក្រ ត្រចៀកជ្រូកទម្ងន់ ២២២ គ.ក្រ បេះដូងជ្រូកទម្ងន់ ៨៧ គ.ក្រ ខួរជ្រូកទម្ងន់ ៦៧ គ.ក្រ ពោះវៀនជ្រូកទម្ងន់ ២៧៧ គ.ក្រ ក្រលៀនជ្រូកទម្ងន់ ៨៧ គ.ក្រ ក្រពះជ្រូកទម្ងន់ ៨៥ គ.ក្រ ដែលសរុបទាំងអស់មានទម្ងន់ ១ ០៩៤ គ.ក្រ។
លោកឲ្យដឹងថា បើតាមចម្លើយរបស់អ្នកបើករថយន្តឈ្មោះ សៅ នរ៉ា បានសារភាពថា គាត់ទើបតែស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូកនេះបានចំនួន ២ លើក យកនៅចំណុចទល់មុខវត្តម៉ុងចិនក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលដឹកមកដល់រាជធានីភ្នំពេញមានអ្នកចាំទទួលយកនៅផ្សារធំថ្មី។ ចំពោះសេវាដឹកគឺគាត់យក ១ កេស តម្លៃ ២ ម៉ឺនរៀល ប៉ុន្តែមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរថយន្តក្រុង ឫទ្ធិ មុនី ទេ។
លោក សុផារិទ្ធ ប្រាប់ថាដោយឡែកឈ្មោះ សូត្រ សុគន្ធរស់ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានលំនៅ ភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ដែលជាម្ចាស់ទំនិញគ្រឿងក្នុងជ្រូកបានប្រាប់សមត្ថកិច្ចថា គាត់បានជួញដូរទំនិញប្រភេទនេះរយៈពេល ២ ខែមកហើយ ឯសមត្ថកិច្ចក៏មិនដែលចាប់បានទំនិញនេះដែរ៕