ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ៤១ គីឡូក្រាមត្រូវបានមន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី ២៤ តុលា បន្ទាប់ពីបង្ក្រាបនៅស្រុកបុរីឣូរស្វាយសែនជ័យពីថ្ងៃទី ២៣ តុលា ខណៈម្ចាស់កំពុងរត់គេចខ្លួន។ រីឯជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធគ្រឿងញៀនជាង ១ គីឡូក្រាមត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃនោះដែរ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្លែងពីម្សិលមិញថា មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានកសាងសំណុំរឿងមានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ៤១ គីឡូក្រាម និងម៉ូតូ ១ គ្រឿងទៅសាលាដំបូងខេត្តកាលពីថ្ងៃទី ២៤ ខែតុលា រួចហើយ។
លោកថា៖ «ឥឡូវនេះយើងកំពុងស្រាវជ្រាវរកជនសង្ស័យដែលបានរត់គេចខ្លួនក្នុងអំឡុងពេលសមត្ថកិច្ចចុះបង្ក្រាប។ អ៊ីចឹងយើងអត់ទាន់អាចបង្ហាញព័ត៌មានច្រើនជាងនេះទេ។ រឿងលើសពីនេះអាចសួរទៅតុលាការខេត្តស្ទឹងត្រែង»។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលោក អៀង វ៉ាន់ឌី ពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស (GRK News) ឱ្យដឹងនៅថ្ងៃទី ២៣ តុលាថា មន្ត្រីយោធាផ្នែកសឹករងស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ២៣ តុលា បានប្រគល់វត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ៤២ កញ្ចប់មានទម្ងន់ស្មើនឹង ៤១ ៨៦២,៣ ក្រាម និងម៉ូតូ ១ គ្រឿង ឱ្យកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង [ជនសង្ស័យរត់គេចខ្លួនរួច]។
បើតាមរបាយការណ៍ការប្រគល់វត្ថុតាងនេះ បន្ទាប់ពីបង្ក្រាបបាននៅចំណុចខ្សែបន្ទាត់ព្រំដែនចន្លោះបង្គោល ០៣៤-០៣៥ ខណៈជនសង្ស័យកំពុងដឹកជញ្ជូនគ្រឿងញៀនតាមម៉ូតូ ១ គ្រឿងចេញពីប្រទេសឡាវ។ ប៉ុន្ដែជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួនបាត់ ពេលសមត្ថកិច្ចហៅឱ្យឈប់ដើម្បីត្រួតពិនិត្យ។
លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងប្រាប់ពីម្សិលមិញថា ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបានទទួលសំណុំរឿងនេះនៅថ្ងៃទី ២៥ ខែតុលា។ លោកព្រះរាជអាជ្ញាកំពុងធ្វើការត្រួតពិនិត្យសំណុំរឿងនេះ ដើម្បីចាត់ចែងបន្តតាមនីតិវិធី។
លោកថា៖ «ខ្ញុំបានឃើញសំណុំរឿងហ្នឹង ហើយខ្ញុំបានបញ្ជូនបន្តទៅព្រះរាជអាជ្ញាពិនិត្យប៉ុន្ដែខ្ញុំមិនទាន់ដឹងនីតិវិធីបន្តបែបណាទេគឺសំណុំរឿងនេះនៅបន្តស្រាវជ្រាវទៀត ព្រោះជនល្មើសបានរត់គេចខ្លួន»។
ដោយឡែកជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយនៅសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែតុលា ដោយរឹបអូសគ្រឿងញៀនចំនួនជាង ១ គីឡូក្រាម។
លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងពីម្សិលមិញថា មន្ត្រីជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ គិត សុខា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែររួមទាំងវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១ ០៣៥.៤១ ក្រាមទៅសាលារាជធានី-ភ្នំពេញកាលពីថ្ងៃទី ២៤ តុលា។
លោកបន្តថា ប្រតិបត្ដិការនេះ ដឹកនាំការបង្ក្រាបដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន (ក ៤) ក្រោមការដឹកនាំបញ្ជារបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលពីលោក សៀង មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក ឡឹក វណ្ណៈ ថ្លែងថា៖ «យើងកំពុងតាមដានរកជនសង្ស័យម្នាក់ទៀតដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ ប៉ុន្ដែខ្ញុំមិនអាចបង្ហាញអត្តសញ្ញាណបានទេ គឺយើងតាមចាប់ខ្លួនគាត់សិន។ ជនសង្ស័យដែលចាប់បាននេះបញ្ជូនទៅតុលាការហើយ តែខ្ញុំមិនទាន់ដឹងតុលាការគេសម្រេចបែបណាទេ»។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញ មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី ២២ ខែតុលា គឺរយៈពេល ៩ ខែចាប់ពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១ ៣៣៣ ករណី បើធៀបឆ្នាំមុនមានតែ ១ ៣១១ ករណីប៉ុណ្ណោះ ដែលកើនឡើង ២២ ករណី ស្មើនឹង ១,៦៥ ភាគរយ។
របាយការណ៍បង្ហាញថា ក្នុងករណីនេះឃាត់ខ្លួនជនល្មើសបានចំនួន ២ ២០០ នាក់ ក្នុងឆ្នាំ ២០២០។ ឆ្នាំ ២០១៩ ឃាត់ខ្លួនបាន ២ ១១២ នាក់ ដោយចាប់យកសារធាតុញៀនគ្រប់ប្រភេទ ៤០០,៤៩ គីឡូក្រាម។ បើធៀបឆ្នាំ ២០១៩ បានតែ ៤៣,១៣ គីឡូក្រាមប៉ុណ្ណោះរួមនឹងមធ្យោបាយ និងសម្ភារវត្ថុតាងមួយចំនួនទៀត៕