ភ្នំពេញៈ គ្រឿង​ញៀន​ជាង​ ៤៦០ គីឡូក្រាម ​ត្រូវបាន​កម្លាំង​ទាហាន​ជើងទឹក​នៃ​ទីបញ្ជាការដ្ឋាន​ជួរមុខ​សន្តិសុខ​លម្ហរ​សមុទ្រ​ប្រទះ​ឃើញ​ និង​រឹបអូស​បាន​ពីក្នុង​ព្រៃ​មួយ​កន្លែង​ស្ថិតនៅ​លើ​កោះ​ពូលូវ៉ៃ ​ក្នុង​សង្កាត់​កោះរ៉ុង​សន្លឹម ​ក្រុង​កោះរ៉ុង ​ខេត្តព្រះ​សីហនុ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​ទីបញ្ជាការដ្ឋាន​ទ័ព​ជើងទឹក​ជួរមុខ ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក​ ទៀ សុខា ​មេបញ្ជាការរង​កង​ទ័ព​ជើង​ទឹក ​និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្របានប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ថា ​គ្រឿង​ញៀនទាំង​នោះ​ត្រូវបាន​ប្រទះឃើញ​និង​រឹប​អូស​បាន​កាលពី​ល្ងាច​ថ្ងៃទី ៦​ ខែ កុម្ភៈ​ ឆ្នាំ ២០២១ ​ក្នុង​អំឡុង​ពេល​នៃ​ការចុះ​ល្បាត ​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​ក្នុង​ដែន​សមុទ្រ។

លោក​ ទៀ សុខា ​បានថ្លែងថា​៖ «គ្រឿង​ញៀន​ទាំងនោះ ​មានទម្ងន់​សរុប ​៤៦៥ គីឡូក្រាម។ វា​ទំនងជា​ត្រូវបាន​គេ​ផ្លុង​ចោល​នៅ​ក្នុង​តំបន់​នោះ»។

បើ​តាម​លោក​ សុខា ​នៅពេល​នេះ ​ក្រុមមន្ត្រី​ជំនាញ​ពីគ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ ​កំពុង​សហការ​គ្នា​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ទាំង​នោះ​ ដើម្បី​កំណត់​ពីប្រភេទ​របស់​វា​ឲ្យបាន​ជាក់​លាក់ ​បន្ទាប់ពី​ត្រូវបាន​កម្លាំង​ល្បាត​នាំយក​វា​មកដល់​ទីបញ្ជាការដ្ឋាន​ជួរមុខ ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ ​នា​ព្រឹក​ម្សិល​មិញ។

ជុំវិញ​ករណី​នេះ ​លោក​ ម៉ក់​ ជីតូ ​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​បានប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា ​យោង​តាម​លទ្ធផល​ពិសោធន៍ គ្រឿង​ញៀន​ទាំងនោះ​ជាប្រភេទ​ Ketamine។

លោក​អគ្គលេខាធិការរង​បញ្ជាក់​ថា​៖ «គ្រឿង​ញៀន​ប្រភេទ​នេះ​ ភាគ​ច្រើន​ត្រូវបាន​ក្រុម​ឧក្រិដ្ឋ​ជន​នាំចូល​ពី​កោះ​តៃវ៉ាន់ ​តាម​ផ្លូវ​ទឹកហើយ​ពួក​វា​ប្រើ​ល្បិច​កល​បែបនេះ ​ដើម្បី​ពង្វាង​ដាន​សមត្ថកិច្ច»។

បើ​តាម​លោក​ ម៉ក់ ជីតូ ​នា​ពេល​កន្លង​មក ​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ​បានបង្ក្រាប​ចាប់​គ្រឿងញៀន​តាម​ផ្លូវទឹក​ចំនួន​ ៥ លើក​មក​ហើយ។ ក្នុង​មួយលើកៗ​ មាន​ការឹបអូស​គ្រឿង​ញៀន​មិន​ក្រោម​ ១០០គីឡូក្រាម​នោះ​ទេ ​ហើយ​ឧក្រិដ្ឋ​ជន​ដែល​ត្រូវបាន​ចាប់​ឃាត់​ខ្លួនបាន ​ភាគ​ច្រើន​ជាចិន​កោះ​តៃវ៉ាន់។

លោក​បានបន្តថា ​នៅពេល​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ ​កំពុង​បន្តស្រាវជ្រាវ​ស្វែង​រកមុខ​សញ្ញា ​ក្រុម​ឧក្រិដ្ឋជន ​ដែល​បាន​នាំចូល​គ្រឿង​ញៀន​ទាំងនេះ​មក​ផ្លុងចោល​នៅកោះ​ពូលូវ៉ៃ ​ដើម្បីចាប់​ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ឲ្យតុលាការ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់៕