ភ្នំពេញៈ គ្រឿង​ញៀន និង​សារធាតុ​ញៀន​ជាច្រើន​ប្រភេទ​សរុប​ជាង ២ តោន​ ត្រូវ​បាន​ដុត​បំផ្លាញ​កាល​ពី​ម្សិលមិញ ស្រប​ពេល​ដែល​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​ទាំង​ឡាយ ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ជា​ពិសេស​កាង​ធ្វើជា​ខ្នង​បង្អែក​ សម្រាប់​ឲ្យ​ជន​ល្មើស​ប្រព្រឹត្ត​នូវ​បទល្មើស​គ្រឿង​ញៀន។

តាម​របាយការណ៍​បូកសរុប​គ្រឿងញៀន​រប​ស់​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​បង្ហាញ​ថា រយៈពេល ២ ឆ្នាំ គឺ​ចាប់​ពី​ខែ​ មិថុនា ឆ្នាំ ២០១៧ ដល់​ខែ ​មិថុនា ឆ្នាំ ២០១៩ នេះ តុលាការ​បាន​ដក​ហូត​គ្រឿង​ញៀន​ជាង ២ តោន និង​សម្រេច​ដុត​បំផ្លាញ​ចោល ដោយ​រួម​មាន ហេរ៉ូអ៊ីន មេតំហ្វេតាមីន អំហ្វេតាមីន អិចស្តាស៊ី កេតាមីន នីមេតា​ហ្សីប៉ាម ពីរ៉ូវ៉ា​ឡេរ៉ូន (ថ្នាំ​គ្រាប់) ពី​រ៉ូវ៉ា​ឡេរ៉ូន (ម្សៅម៉ដ្ឋ)។

​របាយ​ការណ៍​ បានបញ្ជាក់ថា៖ «គ្រឿង​ញៀនសរុប ៤១៩ ៩៩៦,៣១ ក្រាម​និង ២២ ដប ចំណែក​ឯ​សារធាតុ​គីមី​ផ្សំ និង​សារធាតុ​ពាក់​ព័ន្ធ​ចំនួន ១ ៣៤១ ៣៤២,១៥ ក្រាម។ សរុប​ជារួម ២ ៣៦១,៣៣ គីឡូ​ក្រាម និង ២២ ដប»។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ដុតបំផ្លាញ​គ្រឿង​ញៀន នៅ​​ក្នុង​ថ្ងៃ​នៃ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​សាល​មហោស្រពកោះ​ពេជ្រ កាលពី​ថ្ងៃ​ពុធ​ថា បើទោះជា​មានការ​បង្ក្រាប​នូវ​គ្រឿងញៀន​ដ៏​ច្រើន​បែបនេះក្តី​ ប៉ុន្តែ​លោក​ពិតជា​ព្រួយបារម្ភ​ចំពោះ​បញ្ហា​គ្រឿង​ញៀន ព្រោះ​តែ​និន្នាការ​សកល និង​ស្ថានភាព​ភូមិសាស្ត្រ ដែល​ធ្វើ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន នៅតែ​បន្ត​ព្យាយាម​ចរាចរណ៍​គ្រឿង​ញៀន​ឆ្លងកាត់​ប្រទេ​ស​​ កម្ពុជា ហើយ​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មួយ​​ចំនួន​នៅ​តែ​បន្ត​រង​ផល​ប៉ះពាល់។

លោ​ក​បញ្ជាក់ថា៖ «ក្រុម​ជន​ទុ​ច្ច​រិត​មួយចំនួន ​ក៏​នៅតែ​បន្ត​ឆ្លៀតឱកាស​កេង​យក​ផលចំណេញ​ ពី​ការជួញដូរ​គ្រឿងញៀន ដោយ​ប្រើប្រាស់​គ្រប់​វិធី​សាស្ត្រ និង​ល្បិចកល​រហូត​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​រងគ្រោះក្លាយខ្លួនជា​អ្នកប្រើប្រាស់ និង​ខ្លះ​កា្ល​យ​ជា​អ្នក​បន្ត​ការ​ចែកចាយ ឬ​ជួញដូរ​ថែម​ទៀត»។

លោក​បន្ត​ថា ក្នុងពេលថ្មីៗនេះ ​ក៏​ឃើញ​​មាន​វិស័យ​ឯកជន​មួយចំនួន ដូចជា​ផ្ទះជួលផ្ទះសំណាក់ ជាពិសេ​ស​ក្លិប​កម្សាន្ត​សប្បាយបាន​ក្លាយជា​គោ​ល​ដៅ​នៃ​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿង​​​​ញៀន​ក្នុងពេលដែល​​សកម្មភាព និង​​ការ​ទទួល​ខុស​ត្រូវ​រប​ស់​អាជ្ញាធរ​រាជ​​ធា​​នី​ ខេត្ត ជាពិសេស​មូលដ្ឋានឃុំ​ សង្កាត់ នៅ​មិនទាន់​ឆ្លើយតបបាន​សមស្រប​ទៅនឹង​សភាព​ការណ៍​​ជាក់ស្តែង​នេះ​នៅ​ឡើយ។

ជាមួយ​ក្តីបារម្ភ​នេះ លោក​ ស ខេង ​ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​អ្នក​អនុ​វត្ត​​ច្បាប់ ត្រូវ​បង្កើន​ការ​ធ្វើ​សកម្មភាព​ឲ្យ​ផុល​ផុស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ចំពោះ​ការបង្ក្រាប​គ្រឿងញៀន រួមទាំង​ព្រមាន​ដល់​មន្ត្រី​ទាំងឡាយ​ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀនជាពិសេស​មន្ត្រី​ដែ​ល​​កាង​ធ្វើជា​ខ្នងបង្អែក ដល់​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ចាប់​​មក​ទទួល​ទោស​តាម​ច្បាប់​ផងដែរ។

លោក​បញ្ជាក់ថា៖ «បានន័យថា បើ​មន្ត្រី​សមត្ថកិច្ច​យើង​ពាក់ព័ន្ធ វារឹតតែ​ធ្វើ​ឲ្យ​ការបង្ក្រាប​គ្រឿងញៀន​នេះ វា​អត់​បាន​ជោគជ័យ​ទេ ឬមួយ​ក៏​មិន​ពាក់​ព័ន្ធ​ផ្ទាល់ ប៉ុន្តែ​ធ្វើ​ជាប​ង្អែក ធ្វើជា​ខ្នង​ឲ្យ​អ្នករកស៊ី​គ្រឿងញៀន នោះ​នឹង​ធ្វើ​ឲ្យ​ការប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន វា​បរាជ័យ​ដែរ»។

លោក ស ខេង នៅ​ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រឿង​ញៀន​ពីម្សិល​មិញ​។ ហុង មិនា

លោក ស ខេង បាន​ផ្តល់​បទសម្ភាសដល់​​អ្នក​កា​សែត​បន្ថែ​​មថា៖ «បើ​មានការ​ពាក់ព័ន្ធ ចាត់​វិធានការ​តាមផ្លូវ​ច្បាប់។ ដូចដែល​ខ្ញុំ​បា​ន​និយាយ​ពី​ខាងដើម (មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្លិប​រ៉ុ​ក​) ចេញពី​រ៉ុ​ក​ទៅ​រត់​ពួន​ជាង​ ១​ ខែ​នៅ​បាត់ដំបងដែល​យើង​ទើប​រក​ឃើ​ញ​ចាប់​បាន»។

តែ​យ៉ាងណា​លោក ស ខេង បាន​បដិសេធ​​ធ្វើ​អធិប្បាយ​នៅ​ពេ​ល​សួរ​ពី​ប្រតិបត្តិ​ការបង្ក្រាប​ក្លិប​ដ៏​ធំ​មួយ​ទៀត គឺ​ក្លិប​លុ​ច្ស​សារី ដែល​រហូតមក​ដល់ពេលនេះមិនទាន់​​មាន​ការ​បង្ហា​ញ​អត្ត​សញ្ញាណ​ ជន​សង្ស័យ​ដែលជា​ម្ចា​ស់​ក្លិប​នេះ​នៅឡើយ​ ដោយ​​លោក​បាន​បង្វែរ​​ឲ្យ​ទៅ​សួរ​តុលាការ ព្រោះ​ផុត​ដែន​សមត្ថកិច្ច​របស់​លោក​ហើយ។

លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​និងលោក សួស វិទ្យា​រ៉ា​ន់​ឌី អនុប្រធាន​លេខាធិការដ្ឋាន ​រដ្ឋបាល​សាលា ដំបូង​រាជ​ធានី​ភ្នំពេញ មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ដោយ​លោកមិន​លើក​ទូរស័ព្ទ ។

ភ្លាមៗក្រោយ​ឃាត់ខ្លួន​មនុស្ស​ប្រមា​ណ​ជាង ៤០០ នាក់ ពី​ក្នុង​ក្លិប​​លុច្ស​សារី​ កាលពី​យប់​រំលង​អាធ្រាត្រ​ឈាន ចូល​ថ្ងៃទី​ ៨ ខែ មិថុនា មាន​ជន​សង្ស័យ​យ៉ាង​ហោច​ណាស់ ជិត ២០ នាក់ ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ខណៈ​ម្ចាស់​ក្លិប​លុ​ច្ស​សារី​ នៅ​មិន​ទាន់​​ឃើញ​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ។

វីដេអូ៖

លោក មាស សុវណ្ណ ប្រធាន​សមា​គម​សង្គ្រោះ​ជនរង​គ្រោះ ដោយ​គ្រឿង​ញៀន​កម្ពុជាហៅ​កាត់ DARA​C ថ្លែង​​ថា វា​ជា​​ការ​ប្រសើរ បើគ្រឿង​ញៀន និង​សារធាតុ​ញៀន​ទាំង​នេះ ពិត​ជា​ត្រូវ​បាន​ដុត​កម្ទេច​ចោល​មែន។

តែ​យ៉ាង​​ណា​លោកយល់​ថា ករណី​ជា​​​ច្រើន​ទៀត នឹងត្រូវ​មានវិធាន​ការ ដូច​ជា​ករណី​ក្លិច​លុច្ស​សារីជា​ដើម​ ដែល​រហូត​មក​ដល់​ពេល​នេះ ជន​សង្ស័យ​ពាក់​ព័ន្ធ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបអង្កេ​​ត ដែល​វា​នឹង​អាច​ឈាន​ទៅ​រក​មេក្ខោង​ធំ។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​ក៏បង្ហាញ​ពី​ការ​ខិត​ខំប្រឹង​របស់​រដ្ឋា​ភិបា​ល​យើង​ដែរ បើទោះ​តិច​ក្តីច្រើន​ក្តី ក៏ឈាន​ទៅរកការ​បង្រ្កាប​ជា​បណ្តើរៗ ហើយ​បើ​មានកា​របញ្ជា​ផ្ទាល់​អ៊ីចឹង នឹង​អាច​មាន​ការថយ​ចុះខ្លះ ចំពោះ​អ្នក​​ជួញ​ដូរ និង​ចែកចាយ»។

ជាមួយនឹង​បទល្មើស​គ្រឿងញៀន​នេះដែរ កម្លាំង​នគរបាល​ខេត្ត​ព្រៃវែង បាន​បង្ហាញ​របាយ​ការណ៍ ដោយ​ក្នុង​រយៈពេល​តែ ២៥ ថ្ងៃ ក្នុង​ខែមិថុនា​នេះ ខេត្ត​មួយ​នេះ​បាន​ឃាត់​ខ្លួន​ជន​សង្ស័​យ​​ពាក់​ព័ន្ធ​នឹង​​គ្រឿងញៀន​ដល់​ទៅ ៥០ ​នា​ក់ ដោយ​ដកហូត​ថ្នាំ​ញៀន​ជិត ៥០​ កញ្ចប់​ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត។

លោក ថោង វណ្ណឌី ស្នងការរង​ខេត្ត​ព្រៃវែងបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​​មិញ​ថា គិត​ចាប់ពី​ថ្ងៃទី ១ ខែ ​មិថុនា ដល់​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ កម្លាំង​នគរបាល​ខេត្តព្រៃ​វែង បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​ជា​បន្តបន្ទាប់ ដោយ​បាន​ប​ង្ក្រាប​ករណី​គ្រឿង​ញៀន​បាន​ចំនួន ៨ ករណី ដោ​យ​ឃាត់​មនុស្ស ៥១ នាក់។ លោក​បន្តថា សម្រាប់​ករណី​នេះ សមត្ថ​កិច្ចបាន​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់។

លោក​បញ្ជាក់ថា៖ «ករណី​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ៥ ករណី មាន​ជនសង្ស័យ​ជាប់​​ពាក់​ព័ន្ធ​ចំនួន ១០ នាក់ (ស្រី ២​ នាក់)​។ ចំណែក​ករណីប្រើប្រាស់​ដោយ​​​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ចំនួន ៣ ​ករណី ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៤១ ​នាក់ស្រី ៣ ​នាក់ ហើយ​ថ្នាំញៀន​ហ្នឹង​មាន​ច្រើន​កញ្ចប់​ដែល​មិន​ទាន់​បូក​សរុប​ទេ​ ដោយ​វា​មាន​ជា​កញ្ចប់ៗ​ប្រមាណ​ជាង ៤០ កញ្ចប់»៕