ព្រះសីហនុ: គ្រឿងញៀន​ជាច្រើន​ប្រភេទ​សរុប ៥១ ​គីឡូក្រាម និង​សារធាតុ​ញៀន​ដែល​បម្រើ​ឲ្យ​ការកែច្នៃ​គ្រឿងញៀន​មាន​ចំនួន​ ១៦៩៨,០១ ក្រាម​ ត្រូវ​បាន​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​ក្រសួង​យុត្តិធម៌​ដុត​កម្ទេចចោល​កាលពី​ម្សិលមិញ​ បន្ទាប់ពី​សមត្ថកិច្ច​ ៤ ​ខេត្ត​បាន​ធ្វើការ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​។

ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​នេះ​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក​ ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​លោក គួច ចំរើន អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។ កម្មវិធី​នេះ​ធ្វើឡើង​នៅ​ភូមិ​ ១ សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ​។

លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃទី​ ២១ ខែ​កក្កដា ថា​គ្រឿងញៀន និង​សារធាតុ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់ធ្ងរ និង​សុខភាព​របស់​អ្នកប្រើប្រាស់​។ ដូច្នេះ​សមត្ថកិច្ច និង​អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ ដោយ​ចាប់​បាន​ទាំង​ជនសង្ស័យ និង​វត្ថុតាង​ជា​គ្រឿងញៀន និង​សម្ភារ​មួយចំនួន​ដែល​បម្រើ​ឲ្យ​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​។

លោក​បញ្ជាក់ថា​៖ «​វត្ថុតាង​ដែល​ក្រុមការងារ​មន្ត្រី​ជំនាញ​ដុតចោល​នាពេល​នេះ​គឺ​ចង់បង្ហាញ​សាធារណជន​ឲ្យ​បានដឹង​អំពី​សកម្មភាព​របស់​មន្ត្រី​ជំនាញ​ដែល​បង្ក្រាប ព្រោះ​ធ្លាប់​មាន​អ្នក​ឆ្ងល់​ថា បង្ក្រាប​គ្រឿងញៀន​បាន​ហើយ តើ​គេ​យក​ទៅ​ណា​? អ៊ីចឹង​យើង​ចង់​បង្ហាញ​ឲ្យ​ដឹង​តែម្ដង​»​។

បើតាម​លោក សៀង សុខ គ្រឿងញៀន​ចំនួន ៥១ គីឡូក្រាម និង​មាន​សារធាតុ​ញៀន​ផ្សេងៗ​ទៀត​ដែល​បម្រើ​ឲ្យ​ការកែច្នៃ​គ្រឿងញៀន​មាន​ចំនួន​ ១ ៦៩៨,០១ ក្រាម​ គឺ​បាន​មកពី ៨១ សំណុំ​រឿង​ ដែល​ប្រមូល​ពី​ខេត្ត​ព្រះសីហនុ កំពត កោះកុង និង​ខេត្ត​កែប​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​សកល និង​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​អាច​បង្ក​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។ ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេល​កន្លងមក មាន​ការវិវឌ្ឍ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ហើយ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​ចាត់វិធានការ​ពហុវិស័យ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​គ្រឿងញៀន ដែល​អាច​គ្រប់គ្រង​ទាន់​ពេលវេលា​។

លោក​បន្តថា យន្តការ​នៃ​ការទប់ស្កាត់​គ្រឿងញៀន ត្រូវ​បាន​ពិនិត្យ​ពី​ថ្នាក់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង​ស្រុក រហូត​ដល់​ខេត្ត​តាមរយៈ​របាយការណ៍​បញ្ជូន​សារ​ទាន់​ហេតុការណ៍​ប្រចាំ​ថ្ងៃ​សប្តាហ៍ ខែ ត្រីមាស​ឆមាស​ និង​របាយការណ៍​ប្រចាំ​ឆ្នាំ​។

ទោះ​ជា​យ៉ាងណា​លោក​ ចំរើន ​បញ្ជាក់​ថា​សភាពការណ៍​គ្រឿងញៀន​ដែល​មកពី​ខេត្ត​ផ្សេងៗ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​បាន​ជះឥទ្ធិពល​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់ សុខភាព​សាធារណៈ​ដែល​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ការពារ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​រៀបចំ​យុទ្ធសាស្ត្រ​ត្រួតពិនិត្យ​គ្រឿងញៀន ខេត្ត​បានចាត់ទុក​បញ្ហា​នេះ​ជា​បញ្ហា​អាទិភាព​ហើយ​បាន​រៀបចំ​ផែនការ​ត្រៀមលក្ខណ​សម្បត្តិ​ទាំង​ធនធាន​មនុស្ស ធនធាន​ហិរញ្ញវត្ថុ លិខិត​បទដ្ឋាន​គតិយុត្ត​រចនាសម្ព័ន្ធ​ដែល​មាន​ការចាត់តាំង​ដឹកនាំ​អនុវត្ត និង​ការទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ឲ្យ​បាន​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​»​។

លោក កើត រិទ្ធ ក៏បាន​ថ្លែង​ក្នុង​កម្មវិធី​នេះដែរ​ថា កន្លែង​ណា​ដែលមាន​ប្រើប្រាស់​គ្រឿងញៀន​ច្រើន ទីនោះ​នឹង​មាន​បទល្មើស​កើត​ច្រើន និង​មាន​បញ្ហា​អសន្តិសុខ​សង្គម ខណៈ​ពី​មុន​កម្ពុជា​ជា​កន្លែង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់ ប៉ុន្ដែ​បច្ចុប្បន្ន​កម្ពុជា​បាន​ក្លាយជា​កន្លែង​ផលិត​កែច្នៃ​គ្រឿងញៀន​នៅនឹងកន្លែង​ដែរ​។

លោក​លើកឡើង​ថា គ្រឿងញៀន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធំ ៣ ​យ៉ាង​គឺ​បំផ្លាញ​ខ្លួនឯង បំផ្លាញ​គ្រួសារ និង​សហគមន៍ និង​បំផ្លាញ​ប្រទេសជាតិ​។ លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវមាន​វិធានការណ៍​ប្រឆាំង​គ្រឿងញៀន​គឺ​ផ្តើមចេញ​ពី​បុគ្គល​ម្នាក់ៗ​ត្រូវ​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន​។ គ្រួសារ និង​សហគមន៍ ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បង្ក្រាប​ទប់ស្កាត់​សង្គ្រោះ​អ្នកញៀន​ថ្នាំ​ឲ្យ​បាន​ទាន់​ពេលវេលា និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​បំពេញ​ភារកិច្ច​​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ ដើម្បី​សុខ​សុវត្ថិភាព​​ប្រជាជន​យើង​»៕