ភ្នំពេញៈ ជាមួយនឹងការប្ដេជ្ញាបង្ក្រាបបទល្មើសនាំចូលទំនិញក្លែងក្លាយបន្ថែមទៀត គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃពីម្សិលមិញបានកម្ទេចគ្រឿងឧបភោគបរិភោគគ្មានគុណភាព និងឱសថ ព្រមទាំងផលិតផលក្លែងក្លាយសរុបជាង ១៣០ តោនដែលសមត្ថកិច្ចបង្ក្រាបរយៈពេល ៥ ខែនៃឆ្នាំនេះក្នុងចំនួនជាង ២០ ករណី។
លោក មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃថ្លែងថា ទំនិញដែលត្រូវបានកម្ទេចចោលនេះ ភាគច្រើនជាឱសថដែលនាំចូលខុសច្បាប់ ឱសថក្លែងក្លាយ និងឱសថបុរាណចិនខូចគុណភាព។ ក្រៅពីនេះមានគ្រឿងសម្អាង គ្រប់ប្រភេទ ទឹកបរិសុទ្ធ ទឹកក្រូច នំកញ្ចប់ និងសម្ភារមួយចំនួនទៀត។
លោកថាក្នុងនាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោកប្ដេជ្ញាចាត់វិធានការ និងបង្ក្រាបគ្រប់មុខទំនិញដែលខុសច្បាប់ និងខូចគុណភាពទាំងអស់ដែលកំពុងចរាចរនៅលើទីផ្សារកម្ពុជា។ លើសពីនេះមិនត្រឹមតែការងារបង្ក្រាបប៉ុណ្ណោះទេ គណៈកម្មាធិការនឹងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃទំនិញគ្មានគុណភាព និងការនាំចូលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
លោកបញ្ជាក់ថា៖ «បងប្អូនសួរមកខ្ញុំថា ហេតុអ្វីបានជាយើងចាប់បានទំនិញទាំងនេះច្រើនម្ល៉េះនៅពេលនេះ? ខ្ញុំសូមជម្រាបថា យើងបានធ្វើជាហូរហែមកហើយ។ ប៉ុន្ដែមួយរយៈចុងក្រោយនេះគឺមានការបង្ហាញមុខទំនិញច្រើនតាមអនឡាញ អ៊ីចឹងយើងមានការងាយស្រួលក្នុងការរកអត្តសញ្ញាណ និងបង្ក្រាប។ ពីមុនមានច្រើនដែរ ប៉ុន្ដែមិនមានលក់តាមអនឡាញ អ៊ីចឹងយើងពិបាកក្នុងការស្វែងរកប្រភពបង្ក្រាប»។
មន្ត្រីរូបនេះបន្តថា បទល្មើសជួញដូរទំនិញក្លែងក្លាយទាំង ១៣០ តោននេះត្រូវបានសមត្ថកិច្ចបង្ក្រាបចំនួនជាង ២០ ករណី ប៉ុន្ដែលោកមិនបានបញ្ជាក់ពីចំនួនជនល្មើសទេ។ ក្នុងនោះមានអ្នកជាប់ទោសនៅពន្ធនាគារចាប់ពី ៥-១០ ឆ្នាំមួយចំនួនត្រូវបានកាត់ទោសឲ្យព្យួរទោសនៅក្រៅឃុំ និងខ្លះត្រូវធ្វើការផាកពិន័យជាអន្តរកាល។
លោក សុផាន់ណា បន្ថែមថាទោសទណ្ឌចំពោះអ្នកដែលចរាចរទំនិញខុសច្បាប់ និងគ្មានគុណភាពនេះ គឺទោសខ្លះមន្ត្រីជំនាញវាយតម្លៃស្ថានភាពជាក់ស្ដែងត្រឹមពិន័យ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាប៉ុណ្ណោះ។ ប៉ុន្ដែទោសខ្លះទៀតត្រូវបញ្ជូនទៅតុលាការ ដោយសារពួកគាត់ចរាចរជាលក្ខណៈទ្រង់ទ្រាយធំ ហើយបើមានអ្នកគ្រោះថ្នាក់ដោយសារទំនិញនោះគឺត្រូវសងសំណងទៅជនរងគ្រោះ និងត្រូវបន្ថែមទោសលើនេះទៀត។
កម្មវិធីកម្ទេចចោលឱសថក្លែងក្លាយអន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់នេះធ្វើឡើងនៅទីលានសំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងមន្ត្រីរាជការជិត ៣០០ នាក់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលចូលរួមក្នុងពិធីនោះ តំណាងឲ្យលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថាប្រជាពលរដ្ឋទាំងអស់ត្រូវតែគោរពច្បាប់។ ប្រសិនបើមិនគោរពច្បាប់ ពួកគេនឹងត្រូវផាកពិន័យដែលធ្វើឲ្យខាតបង់លុយកាក់ ខាតផលប្រយោជន៍នានា និងពេលវេលាថែមទៀត។ ម្យ៉ាងទៀតពួកគេបានធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ផ្សេងៗទៀត ដែលធ្វើឲ្យខូចសុខភាពធ្ងន់ធ្ងរ ហើយឈានដល់គ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
លោកបញ្ជាក់ថា៖ «ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនយើងរួមគ្នាគោរពច្បាប់ទាំងអស់គ្នា ហើយចំពោះអ្នកទិញទំនិញត្រូវពិនិត្យមើលផលិតផលដែលខ្លួនចង់ទិញឲ្យបានច្បាស់លាស់តាមរយៈការពិនិត្យកាលបរិច្ឆេទហួសកំណត់ និងតែមអង្គភាពជំនាញបិទលើមុខទំនិញនោះ។ ជាពិសេសពេលទិញឱសថ ត្រូវតែពិនិត្យឲ្យបានមែនទែន កាលបរិច្ឆេទ និងវេជ្ជបញ្ជាជាដើម»។
លោក ម៉ម ប៊ុនហេង បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលើជនខិលខូចដែលនៅតែបន្តនាំចូល ឬធ្វើចរាចរណ៍ទំនិញនៅលើទីផ្សារកម្ពុជាដោយគ្មានច្បាប់ និងគ្មានគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ សមត្ថកិច្ចត្រូវតែបញ្ជូនពួកគេទៅតុលាការ ដើម្បីជាការព្រមាន និងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត៕
វីដេអូ៖