The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រឿង​សមុទ្រ​ជាង ៧ តោន​មាន​ជាតិ​គីមី​ត្រូវ​បាន​បង្ក្រាប​ និង​ដុត​កម្ទេច​ចោល

គ្រឿង​សមុទ្រ​ជាង ៧ តោន​មាន​ជាតិ​គីមី​ត្រូវ​បាន​បង្ក្រាប​ និង​ដុត​កម្ទេច​ចោល

Content image - Phnom Penh Post
បង្គានិងព្រុយត្រីមានជាតិគីមីនាំពីវៀតណាម ត្រូវបានបង្ក្រាប​​។ នគរបាលជាតិ

គ្រឿង​សមុទ្រ​ជាង ៧ តោន​មាន​ជាតិ​គីមី​ត្រូវ​បាន​បង្ក្រាប​ និង​ដុត​កម្ទេច​ចោល

ភ្នំពេញៈ បង្គា ព្រុយ​ត្រី និង​គ្រឿង​សមុទ្រ​មួយ​ចំនួន​ទៀត សរុប​ជាង ៧,៥ តោន ត្រូវ​បាន​កម្លាំង​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​កម្លាំង​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល បង្ក្រាប​និង​ចាប់​រឹប​អូស​យក​ទៅ​ដុត​បំផ្លាញ​ចោល កាល​ពី​ថ្ងៃ​ពុធ ក្រោយ​ពី​រកឃើញ​មានផ្ទុក​សារ​ធាតុ​គីមី ​ដែលត្រូវបាន​ហាម​ឃាត់។

លោក​ អ៊ុំ មុនី ​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ​បង្គា​ ព្រុយ​ត្រី ​និង​គ្រឿង​សមុទ្រ​ទាំងនោះ ​ត្រូវបាន​គេ​នាំចូល​ពី​ប្រទេស​ វៀតណាម ​ដោយគ្មាន​ច្បាប់​អនុញ្ញាត​ និង​ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត​ចំនួន ​៣ ​គ្រឿង ​ក្នុង​គោល​បំណង​យក​មក​លក់​ចែកចាយ​នៅក្នុង​ទីផ្សារ​ប្រទេស​ កម្ពុជា ​ពិសេស​ក្នុង​ទីផ្សារ​រាជធានី​ភ្នំពេញ។

លោក​ មុនី​ បានបញ្ជាក់​ថា៖ «រថយន្ត​ទាំង​ ៣ គ្រឿងនោះ​ត្រូវ បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​យើង​បង្ក្រាប​ចាប់បាន​ នៅ​ចំណុច​គីឡូ​ម៉ែត្រ​លេខ ១៥ ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៣។ ដោយមាន​ការចូលរួម​សហការ​ត្រួត​ពិនិត្យ​ពី​កម្លាំង​មន្ត្រី​ជំនាញ​កាំកុង​ត្រូល ​យើង​បាន​រកឃើញ​មាន​សារធាតុ​គីមី​ម្យ៉ាង ​ខាប់​ដូចជា​ចាហួយ​នៅក្នុង​ក្បាល​បង្គា ​និង ​គ្រឿង​សមុទ្រ​ទាំង​នោះ»។

លោក​បានបន្តថា​ ដោយមាន​កិច្ចសម្រប​សម្រួល​ផ្នែក​ច្បាប់ ​ពី​លោក​ ខាំ សុផារី ​ព្រះរាជ​អាជ្ញារង ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ក្រុមមន្ត្រី​ជំនាញ​បាន​សម្រេច​ដកហូត​យក​បង្គា​និង​គ្រឿង​សមុទ្រ​ទាំង​នោះ ​យក​ទៅ​ដុត​បំផ្លាញ​ចោល​ នៅ​ទីលាន​ចាក់​សំរាម​បឹង​ជើងឯក ​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ។

លោក​មុនី ​បានប្រាប់​ទៀតថា​ នៅក្នុង​ប្រតិបត្តិការ​បង្ក្រាបចាប់​រថយន្ត​ដឹក​បង្គា​ និងគ្រឿង​សមុទ្រ​ទាំង​នោះ ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ខ្លួន​អ្នក​បើក​បរ​ចំនួន​ ៣ នាក់ យក​មក​សាក​សួរ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​ម្ចាស់​ទំនិញ​ទាំង​នេះ។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖​ «ប៉ុន្តែ​ពួកគេ​ត្រូវបាន​ដោះ​លែង​ឲ្យត្រឡប់​ទៅ​វិញ​កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​ពី​ពួកគេ​បាន​ប្រាប់​ឲ្យដឹង​អំពី​អត្តសញ្ញាណ​និង​កន្លែង​ស្នាក់​នៅ​របស់​ម្ចាស់​ទំនិញ ​និង​បន្ទាប់​ពី​ពួកគេ​បាន​យល់​ព្រម​ផ្ដិត​មេដៃ​លើ​កិច្ច​សន្យា​ ថា​នឹង​ចូលខ្លួន​មកឆ្លើយ​បំភ្លឺ ​ចំពោះ​មុខ​សមត្ថកិច្ច ​និង​ តុលាការ​តាម​គ្រប់​ដំណាក់​កាល​នៃ​នីតិវិធី»។

ទោះជា​បែបណា​ លោក​មិន​បាន​​បញ្ជាក់​ប្រាប់​អំពី​អត្ត​សញ្ញាណ​​របស់​អ្នកបើកបរ​និង​ម្ចាស់​ទំនិញ​នោះទេ ​ដោយ​អះអាងថា​ សំណុំ​រឿង​​នេះ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត។

គួរ​បញ្ជាក់​ផងដែរថា ​ទំនិញ​ខូច​គុណភាព​និង​ទំនិញ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ ដែលត្រូវ​បាន​ហាមឃាត់​ជាច្រើន​ប្រភេទ ​ដែល​រួម​បញ្ចូល​ទាំង​ឱសថ​ គ្រឿង​​សម្អាង ​និង​គ្រឿង​ឧបភោគ​​បរិភោគ​មួយចំនួន​ទៀត ​សរុប​ជាង ៧០ តោន កាលពីពេល​កន្លង​ទៅ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ ហើយ​ត្រូវបាន​ក្រសួង​មហាផ្ទៃ​ ដុត​បំផ្លាញ​ចោល ​កាល​ពី​ថ្ងៃ​ទី ១២​ ខែ​មីនា ​ឆ្នាំ ២០១៩។

ជាមួយ​គ្នានេះ ​ដើម្បី​ចៀសវាង​មាន​ផលប៉ះពាល់​ដល់​សុខភាព​ ឬគ្រោះថ្នាក់​ដល់​អាយុ​ជីវិត ​ លោក​មុនី ​ក៏បាន​អំពាវនាវ​ ផងដែរ ​ដល់​អ្នក​ប្រើប្រាស់​និង​អ្នកបរិភោគ​ទាំងអស់ ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​ដោយធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​នូវ​រាល់​មុខ​ទំនិញ​ទាំង​អស់ ​ពិសេស​គ្រឿង​ឧបភោគ ​បរិភោគ ​និង ​គ្រឿង​សមុទ្រ៕

អត្ថបទគួរចាប់អារម្មណ៍