ភ្នំពេញៈ ទីតាំងស្តុក និងចែកចាយគ្រឿងសម្អាងជាង ១០ តោន ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាប និងហៅម្ចាស់ទីតាំងទៅសាកសួរពីម្សិលមិញ ដោយអះអាងថាបានរំលោភកម្មសិទ្ធិបញ្ញា និងខុសច្បាប់ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង។ ប៉ុន្តែការហៅម្ចាស់ទីតាំងទៅសាកសួរនោះមិនទាន់បង្ហាញលទ្ធផលនៅឡើយទេ។
លោក ស៊ីម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកងថ្លែងពីម្សិលមិញថា លោកបានទទួលដំណឹងនេះ ប៉ុន្ដែរបាយការណ៍នានា ឬចំណាត់ការយ៉ាងណា លោកមិនបានដឹងទេ។ លោកប្រាប់ថា មន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានចុះមកចាត់វិធានការផ្ទាល់។
លោកបញ្ជាក់ថា៖ «ប៉ុន្ដែរឿងរបាយការណ៍ ឬបន្តនីតិវិធីច្បាប់បែបណាទៀត ខ្ញុំអត់ដឹងទេ ហើយមន្ត្រីខ្ញុំក៏គាត់ចូលរួមដែរ តែគាត់មិនដឹងរឿងអ្វីទេ។ សូមសួរទៅមន្ត្រីជំនាញនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រោះគាត់អ្នកចាត់ចែងផ្ទាល់»។
លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃនៅពេលទាក់ទងសុំការបញ្ជាក់បន្ថែមពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះ។ ចំណែកឯ លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានប្រាប់ពីម្សិលមិញថា លោកមិនបានដឹងអំពីប្រតិបត្តិការនេះទេ។
លោក ពៅ ពិដោរ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី ១ បានថ្លែងពីម្សិលមិញថា លោកបានចូលរួមក្នុងប្រតិបត្តិការនេះជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃដែរ។
លោកបញ្ជាក់ថា៖ «ប៉ុន្ដែខ្ញុំអត់ដឹងគេចាត់ចែងអ្វីយ៉ាងណាទេ ព្រោះខ្ញុំគ្រាន់តែឈរយាមនៅខាងក្រៅផ្ទះ។ ខ្ញុំឃើញគេហៅ ម្ចាស់ទីតាំងហ្នឹងទៅសាកសួរដែរ តែខ្ញុំមិនដឹងពីលទ្ធផលបែបណាទេ»។
តាម Fresh News បានស្រង់សម្តីមន្ត្រីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះឲ្យដឹងពីម្សិលមិញថា ដោយមានការអនុញ្ញាតពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យឆែកឆេរនៅទីតាំងខាងលើ។ ផលិតផលទាំងនេះពាក់ព័ន្ធករណីសង្ស័យនាំចូលស្តុកចែកចាយផលិតផលគ្រឿងសម្អាងរំលោភកម្មសិទ្ធិបញ្ញា និងផលិតផលខុសច្បាប់ជាច្រើនប្រភេទ។
លោកបន្តថា សមត្ថកិច្ចបានរកឃើញសម្ភារដែលជាវត្ថុតាងមួយចំនួនដូចជា សាប៊ូចំនួន ១ ០៤០ កេស ស្មើនឹង ១១ ១១២ គីឡូក្រាម ច្រាស់ដុសធ្មេញចំនួន ៣ ៥០០ គីឡូក្រាម និងគ្រឿងសម្អាងចម្រុះចំនួន ៤៨០ គីឡូក្រាម។ ក្រោយត្រួតពិនិត្យ សមត្ថកិច្ចរកឃើញថា ផលិតផលមួយចំនួនក្លែងម៉ាកសញ្ញា ក្លែងបន្លំប្រភពផលិត និងពុំមានលេខប្រវេទន៍ត្រឹមត្រូវ ដូចនេះសមត្ថកិច្ចចម្រុះសម្រេចដកហូតជាបណ្តោះអាសន្ន។
លោកថា ចំពោះវត្ថុតាងផ្សេងទៀតជាទំនិញគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដូចនេះសមត្ថកិច្ចចម្រុះសម្រេចធ្វើការឃាត់ទុក និងដកហូតជាបណ្តោះអាសន្នដែរដោយប្រគល់ឲ្យម្ចាស់ទីតាំងធ្វើការគ្រប់គ្រងមិនឲ្យបាត់បង់ ឬខូចទ្រង់ទ្រាយដើមទេ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យបន្តរង់ចាំការសម្រេចពីតុលាការ។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា៖ «សមត្ថកិច្ចចម្រុះបានដកហូតគ្រឿងសម្អាងក្នុង ១ មុខ ២ ដប ឬ ២ ដុំ ដើម្បីយកទៅធ្វើការពិសោធនៅកន្លែងជំនាញ។ ដោយឡែកចំពោះម្ចាស់ទីតាំងឈ្មោះ មឿន សុខស៊ីថា ត្រូវបានអញ្ជើញទៅបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីតាមច្បាប់»៕