
សត្វខ្លា នៅសួនសត្វភ្នំតាម៉ៅ នាពេលកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
មណ្ឌលគិរីៈ នៅក្នុងឆ្នាំ ២០២២ ខាងមុខ កម្ពុជានឹងលែងសត្វខ្លាធំចំនួន ៦ ក្បាល ដែលនាំពីប្រទេសឥណ្ឌាចូលទៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងខេត្តមណ្ឌលគិរី ខណៈបច្ចុប្បន្នមន្ត្រី និងអង្គការពាក់ព័ន្ធខាងការពារសត្វព្រៃកំពុងជំរុញការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសត្វខ្លាធំ។
លោក កែវ សុភក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា ប្រទេស ឥណ្ឌា បានឯកភាពដើម្បីនាំចេញសត្វខ្លាធំចំនួន ៦ ក្បាល មកលែងនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងខេត្តមណ្ឌលគិរី ដើម្បីជួយស្ដារពូជសត្វខ្លាធំនៅកម្ពុជាឡើងវិញ ក្រោយពីប្រភេទសត្វខ្លានេះ បានបាត់វត្តមានពីប្រទេស កម្ពុជា តាំងពីឆ្នាំ ២០០៧។
លោកថា៖ «តាមផែនការ គឺនៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ហ្នឹងហើយ ដែលយើងនឹងអនុវត្តផែនការលែង ប្រសិនបើយើងគិតថា ចំនួនសត្វរំពារបស់សត្វខ្លាមានការកើនឡើង។ តាមផែនការយើងលែងចំនួន ៦ ក្បាល ដែលនាំពីឥណ្ឌាមក ហើយរដ្ឋាភិបាលឥណ្ឌានេះ គេឯកភាព»។
លោកបន្តថា មូលហេតុជ្រើសរើសយកដែនជម្រកសត្វព្រៃស្រែពកដែលមានផ្ទៃដីសរុបជាង ៣ សែនហិកតា សម្រាប់លែងសត្វខ្លាធំមកពីប្រទេស ឥណ្ឌា ដោយសារទីតាំងនេះ ត្រូវបានគេចាត់ទុកថា គឺជាតំបន់សម្បូរសត្វរំពាច្រើនជាងគេនៅកម្ពុជា ដូចជា សត្វខ្ទីង ទន្សង ប្រើសជាដើម។
លោកបន្ថែមថា មុនអាចចាប់ផ្ដើមលែងសត្វខ្លាធំចូលទៅក្នុងដែនជម្រកសត្វព្រៃស្រែពក គឺទាល់តែតំបន់នេះ អាចមានសត្វរំពាសម្រាប់ជាចំណីរបស់សត្វខ្លា ចាប់ពីចំនួន ១២ ទៅ ១៤ ក្បាលក្នុង ១ គីឡូម៉ែត្រការ៉េ។
កាលពីថ្ងៃទី ២៨-២៩ ខែកក្កដានេះ អង្គការមូលនិធិសកលសម្រាប់អភិវឌ្ឍធនធានធម្មជាតិនៅកម្ពុជា (WWFCambodia) និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រារព្ធទិវាសត្វខ្លាធំប្រចាំឆ្នាំស្ថិតនៅទីរួមខេត្តមណ្ឌលគិរី ដោយបានរៀបចំឱ្យមានកម្មវិធីរត់ប្រណាំង ការសម្ដែងសិល្បៈ ការលេងល្បែងអប់រំ កម្មវិធីសំណួរចម្លើយ និងការតាំងពិព័រណ៍ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ស្ដីពីអត្ថប្រយោជន៍របស់សត្វខ្លាធំ ចំពោះមនុស្សនិងធម្មជាតិ ព្រមទាំងការបង្ហាញអំពីផលប៉ះពាល់នៃការបរបាញ់ និងបរិភោគសាច់សត្វព្រៃ។
អង្គការ WWF បញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺជាជម្រកសត្វព្រៃដ៏អស្ចារ្យនានារបស់សកលលោកចំនួន ៣៤ ប្រភេទ ដែលក្នុងនោះសត្វដំរីអាស៊ី និងសត្វទន្សោង គឺមានចំនួនច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា រួមទាំងសត្វទោចថ្ពាល់លឿង និងសត្វខ្លារខិន ដែលជាសត្វកម្រ និងទទួលរងគ្រោះ និងប្រភេទបក្សីចំនួន ៣៣៤ ប្រភេទទៀត ក្នុងនោះមាន ១៤ ប្រភេទត្រូវបានគេចុះបញ្ជីក្រហម ជាប្រភេទសត្វទទួលរងគ្រោះជាសកល ហើយកម្ពុជា គឺជាប្រទេសទាំង ១៣ ដែលអាចឱ្យសត្វខ្លាធំរស់នៅបាន។
អង្គការនេះបន្តថា ដើម្បីសម្រេចគោលដៅនាំយកសត្វខ្លាធំត្រឡប់មកកម្ពុជាវិញ គឺទាល់តែមានការចូលរួមទប់ស្កាត់បញ្ហាគំរាមកំហែងជាច្រើន ទៅដល់សត្វព្រៃ ជាពិសេសការគំរាមកំហែងខ្លាំងបំផុត គឺការដាក់អន្ទាក់ ដែលជាឧបករណ៍សាមញ្ញ និងមានតម្លៃ ថោក ប៉ុន្តែវាជាគ្រោះមហន្តរាយដ៏ពិតប្រាកដ ដោយសារតែកំពុងសម្លាប់សត្វព្រៃមិនរើសអើងចាប់ពីសត្វទន្សាយតូចៗរហូតដល់សត្វដំរីធំ។
លោក សេង ទៀក នាយកអង្គការ WWF បានអំពាវនាវក្នុងឱកាសទិវាសត្វខ្លាធំក្នុងឆ្នាំនេះដើម្បីឱ្យបញ្ឈប់ការបរិភោគសត្វព្រៃ រួមទាំងការបរបាញ់ និងដាក់អន្ទាក់ក្នុងតំបន់ព្រៃការពារ។ លោកថា៖ «អន្ទាក់ជាឃាតករគ្មានសំឡេង ដែលសម្លាប់សត្វព្រៃក្នុងព្រៃនានារបស់យើង ហើយអន្ទាក់ទាំងនេះ កំពុងតែបំផ្លាញចំនួនសត្វព្រៃជាច្រើនរបស់កម្ពុជា ដែលមានសារ:សំខាន់ជាលក្ខណៈសកលលោក»។
បើយោងតាមអង្គការ WWF ក្នុង ១ ឆ្នាំ មានអន្ទាក់ដាក់សត្វព្រៃចំនួន ៣ ពាន់ឈុត ត្រូវបានដកហូតចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក។
លោក កែវ សុភក្ត្រ បានលើកឡើងដែរថា ទិវាសត្វខ្លាធំក្នុងឆ្នាំ ២០១៩ នេះ គឺប្រារព្ធធ្វើឡើងក្រោមពាក្យស្លោក «ដកអន្ទាក់ដាក់ខ្លាដាក់ខ្លារក្សាព្រៃ»៕