ភ្នំពេញ៖ មនុស្ស​ចំនួន ៥៣៦ នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​រងរបួស​ចំនួន ១ ៣១៥ នាក់ ក្នុង​នោះ​របួស​ធ្ងន់ ៧៧៣ នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ៩៣៩ លើក​នៅ​ទូទាំង​ប្រទេស​រយៈពេល​ជិត​កន្លះ​ឆ្នាំ ពោល គឺ​ក្នុង​រយៈពេល ១២៨ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ១ ខែ​មករា ដល់​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី ៨ ឧសភា​ បញ្ជាក់​ថា៖ «សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២១ បាន​កើត​ឡើង​ចំនួន ៦ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥ នាក់ និង​របួស ៣ នាក់ ក្នុង​នោះ​ធ្ងន់​ចំនួន ២ នាក់ និង​ស្រាល ១ នាក់»។

ចំពោះ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅ​ក្នុង​រយៈពេល ១២៨ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ១ ខែ​មករា ដល់​ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២១ យានយន្ត​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៧៧ ២៨៨ គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន ៥៦ ៦៧៩ គ្រឿង និង​រថយន្ត​ចំនួន ២០ ៦០៩ គ្រឿង។ រថយន្ត​ធុន​តូច ១៦ ០៥២ គ្រឿង និង​ធំ​ចំនួន ៤ ៥៥៧ គ្រឿង។ នេះ​បើ​តាម​របាយការណ៍​ដដែល។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មិន​អាច​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​នេះ​ ដោយ​លោក​បញ្ជាក់​ថា លោក​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក។

ចំណែក​លោក ហេង ចាន់ធារី ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ យ៉ាង​ខ្លី​ថា តួលេខ​នេះ គឺ​ជា​តួលេខ​សរុប ដែល​បាន​ស្រង់​ដោយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​មន្ត្រី​ទូទាំង​ប្រទេស។

លោក​បញ្ជាក់​ថា៖ «តួលេខ​នេះ គឺ​ត្រឹមត្រូវ​ហើយ។ ចំនួន​នេះ គឺ​ស្រង់​ពី​មន្ត្រី​យើង»។

បើ​យោង​តាម​របាយការណ៍​ខាង​លើ ក្នុង​រយៈពេល ១២៨ ថ្ងៃ​នេះ យ៉ាងហោច​ណាស់​គ្រោះថ្នាក់​ចរចារណ៍​បាន​កើត​ឡើង​ជា​មធ្យម​ប្រមាណ ៧ ករណី ក្នុង ១ ថ្ងៃ ហើយ​ក្នុង ១ ថ្ងៃ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ៥ នាក់ បើ​ទោះ​ជា​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​កូវីដ ១៩ ដែល​នាំ​ឲ្យ​ការ​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ ត្រូវ​បាន​រឹត​ត្បឹត​ក៏​ដោយ។

លោក គង់ សុវណ្ណ អ្នក​ជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​តែ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដូច​នឹង​បញ្ហា​ជំងឺ​កូវីដ ១៩ ដូច​គ្នា ព្រោះ​គ្រប់​គ្នា អាច​ភ្លេច​គ្រោះថ្នាក់​ចរាចរណ៍ តែ​គ្រោះ​ថ្នាក់​ចរាចណ៍​មិន​ភ្លេច​អ្នក​នោះ​ទេ។ បើ​មិន​រួម​គ្នា​ទប់ស្កាត់​ចាប់​ពី​ពេល​នេះ គឺ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​អាច​នឹង​ធ្លាក់​លើ​អ្នក ឬ​សាច់​ញាតិ​អ្នក។

លោក​បញ្ជាក់​ថា៖ «ត្រូវ​រឹត​បន្តឹង​ច្បាប់​ផ្តោត​លើ​កត្តា​ហានិភ័យ​សំខាន់ ៣ គឺ បើកបរ​ហួស​ល្បឿន​កំណត់។ បើកបរ​ក្រោយ​ហូប​គ្រឿង​ស្រវឹង និង​វ៉ាជែង​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។ ពិសេស​តាម​តំបន់​ងាយ​មាន​គ្រោះថ្នាក់​លើ​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​វាង​យាន​ឆ្លង​កាត់​ច្រើន»។

បន្ថែម​ពី​នេះ លោក​រំពឹង​ថា បញ្ហា​សុវត្ថិភាព​ចរាចរណ៍​នឹង​ត្រូវ​លើក​យក​មក​អប់រំ​គ្រប់​ទីកន្លែង ហើយ​ដើរ​ទន្ទឹម​គ្នា​ឱ្យ​បាន​ទូលំទូលាយ​លើ​កត្តា​ហានិភ័យ​ទាំង ៣ ខាង​លើ បូក​ជាមួយ​នឹង​ការ​លើក​កម្ពស់​ការ​ពាក់​មួក​សុវត្ថិភាព សុវត្ថិភាព​អ្នក​ជិះ​កង់ និង​ថ្មើរ​ជើង ការ​គោរព​ភ្លើង និង​ផ្លាក​សញ្ញា​ចរាចរណ៍​ជាដើម៕