
គ្រោះថ្នាក់ចរាចរណ៍រថយន្តប៉ះគ្នាលើកែងផ្លូវភ្លោះសហព័ន្ធរុស្ស៊ីខាងកើតវិមានសន្តិភាពពីថ្ងៃទី ២ មករា។ ហ៊ាន រង្សី
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសក្នុងរយៈពេលពេញ ១ ឆ្នាំ ២០២០ បានថយចុះគួរឱ្យកត់សម្គាល់ដោយបានកើតឡើងជាង ៣ ០០០ លើក បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ក្នុងចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងចំនួនជាង ៤ ០០០ លើក គឺមានការថយចុះចំនួន ៩៤២ លើក។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយនាចុងខែធ្នូ ឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) លោក ស ខេង បានលើកឡើងផ្អែកតាមរបាយការណ៍ដែលលោកបង្ហោះកាលពីថ្ងៃទី ៣១ ធ្នូ ថា នៅឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួនសរុប ៣ ១៧៩ លើក បើប្រៀបធៀបនឹងឆ្នាំ ២០១៩ មានការថយចុះចំនួន ៩៤២ លើក ឬស្មើនឹង ២៣ ភាគរយ ខណៈកាលពីឆ្នាំ ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤ ១២១ លើក។
លោកថ្លែងថា៖ «ការថយនៃករណីគ្រោះថ្នាក់ចរាចរណ៍ជាង ២០ ភាគរយនៅឆ្នាំ ២០២០ នេះបានធ្វើឱ្យចំនួនអ្នកស្លាប់មានការថយចុះចំនួន ៣៣៥ នាក់ស្មើនឹង ១៧ ភាគរយដែលកាលពីឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់យកអាយុជីវិតអ្នកដំណើរចំនួន ១ ៩៨១ នាក់ ប៉ុន្តែឆ្នាំ ២០២០ ចំនួនអ្នកស្លាប់បានថយមកនៅត្រឹមតែ ១ ៦៤៦ នាក់ប៉ុណ្ណោះ»។
រីឯ អត្រាអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក៏មានការថមថយដូចគ្នាដែរ គឺថយចុះចំនួន ១ ៤៥៥ នាក់ស្មើ ២៤ ភាគរយ ត្បិតនៅឆ្នាំ ២០២០ មានអ្នករងរបួសចំនួន ៤ ៦៨៦ នាក់ដែលរយៈពេលដូចគ្នាពីឆ្នាំ ២០១៩ មានអ្នករងរបួសចំនួន ៦ ១៤១ នាក់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រីមហាផ្ទៃ។
លោក ស ខេង មានប្រសាសន៍ថា៖ «ផ្អែកលើលទ្ធផលនេះក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក»។
លោកបន្តការអំពាវនាវដល់នគរបាលចរាចរណ៍ទូទាំងប្រទេសបន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ លោកក៏បានអំពាវនាវផងដែរដល់ជនរួមជាតិទាំងអស់បន្តចូលរួមគោរពច្បាប់ និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្នដើម្បីអាចឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះទៀត។
ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមុនឱកាសឆ្នាំថ្មីឆ្នាំ ២០២១ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. លោកស្រី មឹន មាណវី បានលើកឡើងដែរថា លោកស្រីនៅតែមានការបារម្ភចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា ដោយសារចំនួនអ្នកស្លាប់នៅតែមានចំនួនច្រើន ហើយអ្នកដែលបានស្លាប់ភាគច្រើនជាអ្នកប្រើប្រាស់ទោចក្រយានយន្ត និងអ្នកមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ។
លោកស្រីថ្លែងថា៖ «ប្រការនេះទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើង និងអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្ន និងរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០។ លោកថ្លែងថា៖ «វីរុសកូវីដ ១៩កាចសាហាវ និងឆ្លងលឿនមែន ប៉ុន្តែមកដល់ពេលនេះមិនទាន់មានអ្នកស្លាប់ដោយសារកូវីដទេក្នុងប្រទេសកម្ពុជា។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ។ ជាហេតុដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បន្ថែមទៀត»។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរយៈពេល ២ ថ្ងៃ នៃឆ្នាំថ្មី ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបានកើតឡើងចំនួន ២៨ លើក ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៣ នាក់ និងអ្នករងរបួសចំនួន ៣១ នាក់៕
វីដេអូ៖