ភ្នំពេញៈ ការរឹតបន្តឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មីក្នុងរយៈពេល ១ សប្ដាហ៍គិតចាប់ពីថ្ងៃទី ១ ឧសភាគឺមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤៣ លើកថយចុះ ៥២ លើកស្មើ ៥៤% បណ្ដាលឱ្យស្លាប់ចំនួន ២៤ នាក់ថយចុះ ១៦ នាក់ស្មើនឹង ៤០% និងរបួសចំនួន ៥៦ នាក់ថយចុះចំនួន ៥៩ នាក់ស្មើនឹង៥១% បើប្រៀបធៀបទៅនឹងតួលេខដូចគ្នាកាលពីខែឧសភា ឆ្នាំ ២០១៩។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.ក) ចេញផ្សាយថ្ងៃទី ៩ ឧសភា បញ្ជាក់ថាចំនួនគ្រោះថ្នាក់ចរាចរណ៍ បើប្រៀបធៀបទៅនឹងសប្ដាហ៍ទី ៤ នៃខែមេសា គឺគ្រោះថ្នាក់ចរាចរណ៍ថយចុះ ១២ លើកស្មើ ២២% អ្នកស្លាប់ថយចុះ ១១ នាក់ស្មើ ៣១% របួសថយចុះ ២ នាក់ស្មើ៣%។
ក្នុងរយៈពេល ១ សប្ដាហ៍ដដែលនេះ យានយន្តល្មើសច្បាប់សរុបជាង ១ ម៉ឺន ៣ ពាន់ (១៣ ៩៦៨) ករណីត្រូវបានផាកពិន័យ។ ក្នុងនោះទោចក្រយានយន្តនិងត្រីចក្រយានយន្តមានចំនួន ១០ ៨១៥ ករណីស្មើនឹង ៧៧% និងរថយន្តគ្រប់ប្រភេទមានចំនួន ៣ ១៥៣ ករណីស្មើនឹង ២៣%។
សេចក្ដីប្រកាសព័ត៌មានបន្តថា ការថយចុះនេះគឺដោយសារតែមាន អ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់ទូទាំងប្រទេសបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងផុសផុល។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បញ្ជាក់ទៀតថា ក្នុងអំឡុងការរឹតបន្តឹងច្បាប់ចរាចរណ៍ក៏មាននគរបាលចរាចរណ៍មួយចំនួនត្រូវណែនាំ ដោយសារប្រើប្រាស់ពាក្យសម្ដី និងឥរិយាបថមិនសមរម្យ និងខ្វះសីលធម៌។ ប៉ុន្តែក្នុងនោះក៏មានទស្សនៈមួយចំនួនបានបកស្រាយដោយអគតិ គ្មានវិជ្ជាជីវៈ នៅតាមបណ្ដាញ សង្គមហ្វេសប៊ុកដោយបង្ហោះនូវខ្លឹមសារបំផ្លើសញុះញង់ឱ្យពលរដ្ឋយល់ច្រឡំចំពោះការរឹតបន្តឹងច្បាប់របស់រដ្ឋាភិបាលនៅពេលនេះ។
គ.ស.ច.ក. បញ្ជាក់ថាវិធានការរឹតបន្តឹងច្បាប់នេះគឺជាជម្រើសដ៏ល្អបំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងធ្វើឱ្យពលរដ្ឋពិការភាព បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិជាច្រើន ដោយសារបើកបរមិនគោរពច្បាប់ចរាចរណ៍។
ក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី ៩ ឧសភា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកទឹកចិត្តដល់ពលរដ្ឋឲ្យចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អថែមទៀត។
ការបើកឲ្យមានការចូលរួមផ្តល់យោបល់ គឺដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរឡើងក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យស្លាប់។ ក្រៅពីនេះក៏ដើម្បីធ្វើឱ្យសណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរសមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលជាប្រជាជាតិស៊ីវិល័យ។
រដ្ឋាភិបាលរំពឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មីដែលបង្កើនប្រាក់ផាកពិន័យរហូតដល់ ៣ ដង និង ៥ ដងនៃអនុក្រឹត្យចាស់នឹងអាចកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមាក្នុងឆ្នាំ ២០២០ ក្រោយពីចំនួនគ្រោះថ្នាក់ស្លាប់ និងរបួសក្នុងឆ្នាំ ២០១៩ បានកើនឡើងយ៉ាងគំហុក បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។
លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគបាលជាតិ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្លែងក្នុងសន្និសីទមួយថា នគរបាល ចរាចរណ៍កំណត់បទល្មើសចរាចរណ៍ជាអាទិភាពដែលរឹតបន្តឹង ដូចជាអ្នកបើកបរ ម៉ូតូមិនពាក់មួកសុវត្ថិភាព ស្រវឹង មិនគោរពភ្លើង និងស្លាកសញ្ញា ល្មើសការបត់ និងវ៉ាជែង ដឹកលើសចំណុះ គ្មានស្លាកលេខ ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស គ្មានបណ្ណបើកបរ មិនពាក់ខ្សែក្រវាត់។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសាទរនៅពេលឃើញតួលេខគ្រោះថ្នាក់ចរាចរណ៍ថយចុះនៅពេលនេះ។ ប៉ុន្តែលោកលើកឡើងថា តួលេខក្នុង ១ សប្ដាហ៍នេះមិនទាន់អាចកំណត់ថា ឥរិយាបថបើកបររបស់ពលរដ្ឋបានផ្លាស់ប្ដូរ ១០០% ឬក៏មាននិរន្តរភាពនៅឡើយទេ ដោយសារការគោរពច្បាប់នៅពេលនេះគឺអាស្រ័យដោយមានការដាក់ពង្រាយនគរបាលចរាចរណ៍នៅតាមដងផ្លូវ។ ឯការធ្វើចរាចរណ៍នៅមិនទាន់ពេញលេញឡើងវិញនៅឡើយស្របពេលកំពុងមានបញ្ហាដោយសារជំងឺកូវីដ១៩។
លោកថា៖ «យើងមិនទាន់អាចថា នេះគឺជាការបត់បាន ឬការផ្លាស់ប្ដូរ [ឥរិយាបថ] បានទេ គឺយើងអត់ទាន់ដឹងទេ ហើយសម្រាប់ខ្ញុំគឺត្រូវតាមដានបន្តទៀត។ ប៉ុន្តែយើងសប្បាយចិត្តនឹងលទ្ធភាពដែលមានការផ្លាស់ប្ដូរ [នៃការបើកបរ]។ ប៉ុន្តែយើងចង់ឱ្យការផ្លាស់ប្ដូរនេះ បន្តជាប់លាប់ជាមួយអ្នកប្រើប្រាស់ផ្លូវយូរអង្វែង។ យើងអត់ចង់ឃើញ នៅពេលមានប៉ូលិស [អ្នកបើកបរ] បានកែប្រែ ហើយនៅពេលប៉ូលិសដកទៅវិញលែងធ្វើការរឹតបន្តឹងច្បាប់ គាត់ [អ្នកបើកបរ] ងាកទៅរកសភាពដើមវិញ គឺយើងអត់ចង់ឃើញអ៊ីចឹងទេ»។
លោក ហ៊ាង សុទ្ធាយុត្តិ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថា គិតពីថ្ងៃទី ៧ មេសាដល់ទី ៦ ឧសភា ពលរដ្ឋដែលបានប្ដូរបណ្ណបើកបរ មាន ១៧ ៧៤១ បណ្ណ និងមកប្រឡងយកបណ្ណមានចំនួន ១៣៣៦៥ បណ្ណ។ លោកបន្តថា ក្នុងអំឡុងពេលនៃការរឹតបន្តឹងច្បាប់នៅពេលនេះពលរដ្ឋដែលមកប្ដូរបណ្ណបើកបរ និងប្រឡងយកបណ្ណបើកបរបានកើនឡើងពី ២ ទៅ ៣ ដង បើប្រៀបធៀបទៅនឹងថ្ងៃធម្មតា។
លោកបន្តថា៖ «ជាមធ្យមវាមាន ១ ៧០០ ទៅ ១ ៨០០ សម្រាប់ការប្ដូរបណ្ណបើកបរនៅទូទាំងរាជធានីភ្នំពេញ ហើយការប្រឡងយកបណ្ណបើកបរមាន ៧០០ ទៅ ៨០០ នាក់។ អ៊ីចឹងបើសរុបទៅទាំងប្ដូរបណ្ណ និងប្រឡងយកបណ្ណ ចូលជាង ២ ពាន់ ៥ រយបណ្ណនៅក្នុង ១ ថ្ងៃដែលជាអត្រាកើនខ្ពស់ទៅ ២ ឬ ៣ ដងធៀបទៅនឹងថ្ងៃធម្មតា»។
ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈក៏បានបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ៩ ឧសភាដែរថា នគរបាលចរាចរណ៍ពុំបានផ្អាកការត្រួតពិនិត្យឯកសារយានយន្តឡើយ ហើយក៏មិនបានលើកពេលផាកពិន័យចំពោះម៉ូតូដែលត្រូវមានបណ្ណបើកបរនោះទេ។
ការបញ្ជាក់បែបនេះ ខណៈនាយកដ្ឋានលើកឡើងថា នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានអ្នកយកព័ត៌មានចាស់មកចុះផ្សាយនាំឱ្យយល់ច្រឡំអំពីការរឹតបន្តឹងច្បាប់នៅពេលនេះថាអាជ្ញាធរផ្អាកត្រួតពិនិត្យឯកសារយានយន្ត និងលើកពេលផាកពិន័យចំពោះម៉ូតូដែលត្រូវមានបណ្ណបើកបរ៕