ភ្នំពេញៈ របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បណ្តោះអាសន្ន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹងថា គិត​ចាប់​ថ្ងៃទី​ ២៤ ​វិច្ឆិកា​ ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ២៣ ​ខែ កុម្ភៈ ឆ្នាំ​ ២០២១ ដែលជា​តួលេខ​ប្រចាំ​ត្រីមាស​ទី​១ ​ដើម​ឆ្នាំ​ ២០២១ ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​សរុប​ ៨០៨ ​លើក និង​បានសម្លាប់​មនុស្ស​ជាង​ ៤០០ ​នាក់​តែ​ទាំង​ស្លាប់​ និង​របួស​តិចជាង​ត្រីមាស​មុន​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គ្រោះថ្នាក់​ចរាចរណ៍​​ដែល​បាន​បូកសរុប​បណ្តោះអាសន្ន​ដោយ​អគ្គស្នងការដ្ឋាន​​នគរបាលជាតិ​ក្នុង​ត្រីមាស​ទី​១ ​នេះ​គឺ​បាន​ថយ​ចុះ​ ១៩៨ ​លើក ​បើ​ប្រៀបធៀប​នឹង​ត្រីមាស​មុន​។

លោក​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានសម្លាប់​មនុស្ស​សរុប​ ៤៣៤ ​នាក់ ថយចុះ​ ៨៥ ​នាក់ ​និង​របួសធ្ងន់​ស្រាល​ ១ ១៥៦ ​នាក់​​ ដោយ​ថយចុះ ២៧៤​ នាក់​។

ជាមួយ​នឹង​ការបង្ហាញ​តួលេខ​នេះ​លោក គឹមខឿន បាន​ប្រកាស​ថា​៖ «​សមត្ថកិច្ច​បន្ត​ពង្រឹង​អនុវត្ត​សកម្មភាព​ដែល​បាន​ដាក់ចេញ​។ ​សំខាន់បំផុត​គឺ​យើង​ពង្រឹង​ការអនុវត្ត​ការខុសឆ្គង​ ៧ ​ចំណុច​សម្រាប់​ទោចក្រយាន​យន្ត​ និង​ ៩ ​ចំណុច​សម្រាប់​យានយន្ត​។ ​យើង​​ក៏​បន្ថែម​ការណែនាំ​មួយ​ដោយ​បញ្ជាក់ថា ពេល​ឃាត់​យានយន្ត​មាន​កំហុស​គឺ​ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យអស់​តាមច្បាប់​»​។

ក៏ប៉ុន្តែ​លោក​ ឆាយ គឹមខឿន ទទួលស្គាល់​ថា គ្រោះថ្នាក់​ចរាចរណ៍​គឺ​នៅតែ​មាន​ចំនួន​ច្រើន ប៉ុន្តែ​ក្នុងនាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ពង្រឹង និង​ទប់ស្កាត់ ដែលជា​ហេតុនាំឱ្យ​គ្រោះថ្នាក់​នេះ​មានការ​ថយចុះ​។

លោក គង់ សុវណ្ណ ទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ ជនបទ​ជំហាន​ទី​២ ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា ដើម្បី​ទប់ស្កាត់​ឱ្យ​បាន​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ការរឹតបន្តឹង​ច្បាប់​ផ្តោតលើ​កត្តា​ហានិភ័យ​សំខាន់​ ៣ ​គឺ​ត្រូវតែ​អនុវត្ត​ឱ្យបាន​នៅក្នុង​ផែនការ​អនុវត្ត​ច្បាប់​ក្នុង​ត្រីមាស​ទី​២​។

លោក​បន្តថា ហានិភ័យ​ទាំង​ ៣ ​នេះ​គឺ​រួមមាន ការបើកបរ​ហួស​ល្បឿន​កំណត់ ការបើកបរ​ក្រោយ​ហូប​គ្រឿង​ស្រវឹង និង​ការបើកបរ​ដោយ​ការវ៉ា​ជែង​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់ ពិសេស​តាម​តំបន់​ងាយ​មាន​គ្រោះថ្នាក់​គឺ​លើ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​វាង​ផ្លូវ​យាន​ឆ្លងកាត់​ច្រើន​។

លោក​ថា​៖ «​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ត្រូវ​ដើរ​ទន្ទឹមគ្នា​ឱ្យបាន​ទូលំទូលាយ​លើ​កត្តា​ហានិភ័យ​ទាំង​ ៣ ​នេះ​បូក​ជាមួយ​នឹង​ការលើកកម្ពស់​ការពាក់​មួក​សុវត្ថិភាព សុវត្ថិភាព​អ្នកជិះ​កង់​​ និង​ថ្មើរជើង ការគោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍​»​។​ល​។

លោក​បន្ថែមថា​៖ «​ស្ថានភាព​ខ្លះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្កឡើង​ដោយសារ​ផ្លូវ​ដូចជា មាន​ជង្ហុក បាំង​កោង​ខ្លាំង ងងឹត មិនមាន​បរិក្ខារ​សុវត្ថិភាព​ផ្លូវ​គ្រប់គ្រាន់​ពេល​កំពុង​សាងសង់ និង​សាងសង់​រួច​ក៏ដូចជា​កង្វះខាត​ក្នុង​ការថែទាំ​ក្រោយ​សាងសង់​»​។

ដោយសារ​ឃើញ​ការចូលរួម​ទប់ស្កាត់ និង​ការរាលដាល​នៃ​ការឆ្លង​កូវីដ​១៩​នៅ​កម្ពុជា​គឺជា​បទពិសោធ​ជោគជ័យ​គួរឱ្យ​កត់សម្គាល់ ពិសេស​ការចូលរួម​វិភាគទាន​ពី​សប្បុរសជន និង​ឧកញ៉ា​ល្បីៗ​ លោក គង់ សុវណ្ណ ចង់​ឃើញ​មាន​ការចូលរួម​ព្រមគ្នា​សម្រាប់​មូលនិធិ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​លោក​​ថា​ជា​គ្រោះថ្នាក់​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ជា​រៀងរាល់​ឆ្នាំ​។

តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាលជាតិ​បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​គ្រាន់តែ​នៅ​ថ្ងៃទី​ ១៤ ​ខែ មីនា ឆ្នាំ​ ២០២១ បានធ្វើឱ្យ​មនុស្ស​ស្លាប់​ ៧ ​នាក់ និង​របួសធ្ងន់​ ៤ ​នាក់​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ចំនួន​ ៧ ​លើក​៕