ភ្នំពេញ: មនុស្សយ៉ាងហោចណាស់ ២០៣ នាក់បានស្លាប់ និងរងរបួស ព្រមទាំងខូចខាតផ្ទះធ្ងន់ធ្ងរ ១ ១៨៣ ខ្នង និងខូចផ្ទះមធ្យម ៩ ៨១៨ ខ្នងដោយសារគ្រោះធម្មជាតិរយៈពេល ៦ ខែ នៅក្នុងឆ្នាំនេះ ខណៈកាលពីថ្ងៃទី ២១ ខែ មិថុនា មានផ្ទះពលរដ្ឋនៅខេត្តស្វាយរៀង ២ ៣០២ ខ្នងបានរលំ និងរបើកដំបូលដោយសារខ្យល់កន្ត្រាក់។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា ករណីគ្រោះធម្មជាតិក្នុងរយៈពេល ៦ ខែ នៃឆ្នាំនេះ មានចំនួន ២៣៤ លើក បណ្ដាលឲ្យខូចខាតផ្ទះធ្ងន់ធ្ងរ ១ ១៨៣ ខ្នង ផ្ទះរបើកដំបូល ឬខូចខាតមធ្យមមាន ៩ ៨១៨ ខ្នង រីឯអគារសាលារៀន និងទីចាត់ការខូចខាត ៥៣ ខ្នង ក្នុងនោះអគារចំនួន ២ រលំ ហើយខ្លះរបើកដំបូល និងខូចអគារផ្សេងៗនៅលើទីតាំង ៣៥ កន្លែង។
លោកបន្តថា លើសពីនេះ មានខូចអគារ រដ្ឋបាលមណ្ឌលសុខភាពរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្ដុកកសិផលព្រះវិហារ សាលាឆាន់ កុដិព្រះសង្ឃ និងសាលាឆទាន។ ចំណែក ដំណាំកសិកម្ម ខូចខាតដើមចេក ៦០ ហិកតា ដើមទុរេន ៤១៣ ដើម មៀនប៉ៃលិន ២ ៧០០ ដើម និងដើមស្វាយចន្ទី ១៧០ ដើម។
លោកបញ្ជាក់ថា៖ «ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់ ៤ នាក់ រងរបួសចំនួន ៧៧ នាក់។ ចំណែកអ្នករងគ្រោះស្លាប់ដោយសាររន្ទះបាញ់មាន ៦២ នាក់ ក្នុងនោះស្រី ១៦ នាក់ ក្មេង ១៤ នាក់ ហើយមានរបួស ៦០ នាក់ ងាប់គោក្របី ៧៩ ក្បាល»។
លោកបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះ បានចុះមកជួយកសាង និងជួសជុលផ្ទះជូនពលរដ្ឋដែលជួបគ្រោះមហន្តរាយឡើងវិញ។ ចំណែកក្រុមកាកបាទក្រហមបានបញ្ជូនគ្រូពេទ្យជួយជនរងគ្រោះ និងចែកសម្ភារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។
លោក កែវ វី បញ្ជាក់ថា៖ «យើង បានជំរុញការផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងចៀសវាងគ្រោះថ្នាក់ពីគ្រោះធម្មជាតិដោយមានអាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិបន្តចុះផ្សព្វផ្សាយព្រមទាំងបានត្រៀមសម្ភារបម្រុងសម្រាប់ជួយអ្នករងគ្រោះ។ ជាពិសេសណែនាំពួកគាត់ឲ្យតាមដានព័ត៌មានផ្នែកខាងអាកាសធាតុ ឬស្ដាប់តាមការណែនាំពីស្ថាប័នជំនាញ»។
ចំណែកករណីនៅខេត្តស្វាយរៀង លោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តស្វាយរៀងបានថ្លែងកាលពីថ្ងៃអាទិត្យថា គ្រោះធម្មជាតិកាលពីថ្ងៃទី ២១ មិថុនា មានមនុស្ស ២ នាក់រងរបួស និងផ្ទះពលរដ្ឋ ២ ៣០២ ខ្នងបានដួលរលំ និងរបើកដំបូលដោយសារខ្យល់កន្ត្រាក់ និងផ្គររន្ទះ។
លោកបញ្ជាក់ថា៖ «នៅតាមបណ្ដាស្រុក-ក្រុងទាំង ៨ នៃខេត្តស្វាយរៀង ស្រុកដែលរងការខូចខាតច្រើនជាងគេគឺស្រុករមាសហែក ដោយបានរលំផ្ទះ និងរបើកដំបូលរហូតដល់ទៅ ១ ៩៩១ ខ្នង ក្នុងនោះស្រាល ៨៦៩ ខ្នង មធ្យម ១ ០៣៤ ខ្នង និងធ្ងន់ ៨៨ ខ្នង។ រីឯស្រុកដែលមិនប៉ះពាល់គឺស្រុកចន្ទ្រា»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) បានសម្តែងការសោកស្ដាយចំពោះបញ្ហាគ្រោះធម្មជាតិនាប៉ុន្មានឆ្នាំចុងក្រោយនេះដោយលោកថ្លែងថា មូលហេតុនៃគ្រោះមហន្តរាយដោយសារធម្មជាតិនេះ វាមានកត្តារួមផ្សំច្រើន គឺការបម្រែបម្រួលអាកាសធាតុពិភពលោក និងការប្រែប្រួលក្នុងតំបន់ ដែលបានបង្កឲ្យប៉ះពាល់ដល់កម្ពុជា។ លោកបន្តថា ក្រៅពីទទួលឥទ្ធិពល គ្រោះធម្មជាតិ កម្ពុជាក៏ទទួលឥទ្ធិពលពីការបំផ្លាញខ្លួនឯងផងដែរ ក្នុងនោះមានការបាត់បង់ព្រៃឈើ ការបាត់បង់ធនធានរ៉ែក្នុងដី ចំហេះឥន្ធនៈ និងការបំពុលបរិស្ថានជាច្រើនករណីទៀត។
លោកថា៖ «បើយើងប្រៀបធៀបពីជំនាន់ដើម កាលដែលធនធានធម្មជាតិយើងនៅសល់ច្រើនយើងឃើញថា ហេតុការណ៍ ដែលធ្វើឲ្យមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិ គឺមិនសូវមានទេ ឆ្នាំខ្លះស្ទើរគ្មានមនុស្សស្លាប់ដោយរន្ទះបាញ់ម្នាក់ក៏មានដែរ ប៉ុន្ដែដល់ពេលសម័យយើងនេះ មានការបាត់បង់ធម្មជាតិច្រើនទៅ មនុស្សស្លាប់ដោយសារធម្មជាតិវិញក៏ច្រើនដែរ។ អ៊ីចឹងយើងកត់សម្គាល់ថា បើបំផ្លាញធម្មជាតិកាន់តែច្រើនធម្មជាតិនឹងបំផ្លាញមនុស្សវិញក៏កាន់តែច្រើនដែរ»៕